អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នចំនួន ១៣ ចោទថា បានជួយ អ៊ីរ៉ង់ ទិញអាវុធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នចំនួន ១៣ ចោទថា បានជួយ អ៊ីរ៉ង់ ទិញអាវុធ

អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នចំនួន ១៣ ចោទថា បានជួយ អ៊ីរ៉ង់ ទិញអាវុធ

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗ កាលពីថ្ងៃអង្គារប្រឆាំងទៅលើបុគ្គល និងក្រុមហ៊ុនចំនួន ១៣ រួមទាំង ស្ថាប័នមួយចំនួន ដែលមានមូលដ្ឋាន នៅរុស្ស៊ី, ហុងកុង និង ប៉ាគីស្ថាន ដោយចោទប្រកាន់ថា ពួកគេបានជួយអ៊ីរ៉ង់ ក្នុងការទិញអាវុធ និងគ្រឿងបន្លាស់នានា។

បើតាម Reuters, ទណ្ឌកម្មដែលប្រកាសដោយក្រសួងរតនាគារ និងក្រសួងការបរទេសនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Trump ដើម្បីដាក់អ៊ីរ៉ង់ឱ្យនៅឯកោផ្នែកសេដ្ឋកិច្ច និង បង្ខំឱ្យទីក្រុងតេហេរ៉ង់ចូលរួមក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមឡើង បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានមានប្រសាសន៍ថា «ក្រសួងរតនាគារនឹងមិនអត់ឱនចំពោះការគាំទ្រណាមួយឡើយ ហើយនឹងបន្តកំណត់មុខសញ្ញា បង្ហាញជាសាធារណៈ និងដាក់ឱ្យនៅឯកោ នូវអ្នកដែលជួយសម្រួលដល់សកម្មភាពរបស់អ៊ីរ៉ង់»។

ក្រសួងរតនាគារបានបញ្ជាក់ថា ទណ្ឌកម្មទាំងនេះមានគោលបំណងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងតេហេរ៉ង់ក្នុងការស្តារកម្មវិធីអាវុធរបស់ខ្លួនឡើងវិញ ព្រមទាំង បង្កើនការចំណាយសម្រាប់អ្នកដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទិញអាវុធរបស់អ៊ីរ៉ង់។

បុគ្គល និង ស្ថាប័នស្ថិតក្នុងបញ្ជីទណ្ឌកម្ម ដែលត្រូវបានប្រកាស កាលពីថ្ងៃ២៩ ខែកញ្ញា រួមមានទាំងមន្ត្រីតំណាងកងកម្លាំងអ៊ីរ៉ង់នៅចិន, ក្រុមហ៊ុន Kavoshcom Asia R and D Group នៅអ៊ីរ៉ង់ និង ក្រុមហ៊ុន EC Mojo Technology Co Limited ដែលមានមូលដ្ឋាននៅហុងកុង។

ក្រៅពីនេះ ក៏មានទាំងប្រធានក្រុមហ៊ុនលក់អាវុធ Cavalier Group នៅប៉ាគីស្ថាន, ក្រុមហ៊ុនផលិតយន្តហោះ Joint Stock Company Experimental Design Bureau Named After A.S. Yakovlev និង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រ MG-Flot LLC ដែលក្រុមហ៊ុនទាំងពីរនេះ សុទ្ធតែមានមូលដ្ឋាននៅរុស្ស៊ី ព្រមទាំង ក្រុមហ៊ុនអាកាសចរណ៍ Saha ជាដើម៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា