លោក Netanyahu ធ្វើដំណើរដោយសម្ងាត់ទៅកាន់ អេមីរ៉ាត់អារ៉ាប់រួម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ធ្វើដំណើរដោយសម្ងាត់ទៅកាន់ អេមីរ៉ាត់អារ៉ាប់រួម

លោក Netanyahu ធ្វើដំណើរដោយសម្ងាត់ទៅកាន់ អេមីរ៉ាត់អារ៉ាប់រួម

អាប៊ុយ ដាប៊ី ៖ មន្រ្តីអ៊ីស្រាអែលបានប្រាប់កាសែតរ៉យទ័រថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើដំណើរដោយសម្ងាត់ តាមយន្តហោះឯកជនមួយទៅកាន់រដ្ឋធានី អាប៊ុយ ដាប៊ី និងជួបប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក មហាម៉ាត់ ប៊ីន សាយីដ អាល់ ណាយ៉ាន់ កាលពីថ្ងៃទី២៧ ខែកញ្ញា។

បើតាម Straits Times, មេដឹកនាំអ៊ីស្រាអែលរូបនេះ បានចំណាយពេល ៤ម៉ោងនៅរដ្ឋធានី អាប៊ុយ ដាប៊ី មុនពេលហោះហើរត្រឡប់ទៅកាន់អ៊ីស្រាអែលវិញនៅយប់ថ្ងៃដដែល។

ដំណើរទស្សនកិច្ចភ្លាមៗនេះ ធ្វើឡើងចំពេលមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានរបាយការណ៍ស៊ើបអង្កេតមួយរបស់កាសែត Haaretz ដែលបានទម្លាយថា ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួមធ្លាប់បានផ្ដល់សញ្ញាព្រមានលោក ណេតាន់យ៉ាហ៊ូ អំពីគម្រោងវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស កាលពីមុនព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានបដិសេធចំពោះការព្រមាននេះ។

ជាមួយគ្នានេះ លោក ណេតាន់យ៉ាហ៊ូ ក៏កំពុងប្រឈមមុខនឹងការរិះគន់ពីគណបក្សប្រឆាំង ដែលចោទប្រកាន់រដ្ឋាភិបាលរបស់លោកថា បានបរាជ័យផ្នែកសន្តិសុខ មុនការវាយប្រហាររបស់ក្រុមហាម៉ាស។

យ៉ាងណា ទាំងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងក្រសួងការបរទេសរបស់អេមីរ៉ាត់អារ៉ាប់រួម មិនទាន់បានចេញមុខអត្ថាធិប្បាយជាផ្លូវការណាមួយ ជុំវិញព័ត៌មានលម្អិតនៃកិច្ចប្រជុំនេះនៅឡើយទេ។

សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបន្តអូសបន្លាយអស់រយៈពេលជិត ៣ ឆ្នាំមកហើយ ដោយបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ និងការផ្លាស់ប្តូរស្ថានការណ៍នយោបាយជាច្រើនលើក។

បើតាម ABC News, របាយការណ៍ចុងក្រោយពីក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បង្ហាញថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ បានកើនឡើងលើសពី ៧៤,០០០ នាក់ និងមានអ្នករងរបួសជាង ១៧៤,០០០ នាក់៕

ប្រភព ៖ Straits Times និង ABC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា