កម្ពុជានឹងធ្វើឲ្យស្នាមញញឹមខ្មែរក្លាយជា«ប្រេនសកល» តភ្ជាប់បេះដូងប្រជាជាតិហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងធ្វើឲ្យស្នាមញញឹមខ្មែរក្លាយជា«ប្រេនសកល» តភ្ជាប់បេះដូងប្រជាជាតិហ្វ្រង់កូហ្វូនី

កម្ពុជានឹងធ្វើឲ្យស្នាមញញឹមខ្មែរក្លាយជា«ប្រេនសកល» តភ្ជាប់បេះដូងប្រជាជាតិហ្វ្រង់កូហ្វូនី

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នឹងក្លាយជាមូលបទដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ក្នុងឆ្នាំ២០២៦ ដោយមានគោលបំណងបង្ហាញអត្តសញ្ញាណជាតិ និងផ្សារភ្ជាប់បេះដូងប្រជាជាតិនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា មិនត្រឹមតែជាវេទិកាសម្រាប់ថ្នាក់ដឹកនាំប្រទេសនិយាយភាសាបារាំងជួបប្រជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់កម្ពុជាបង្ហាញសមត្ថភាព និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរទៅកាន់ពិភពលោក។

ឯកឧត្តម បានបញ្ជាក់ថា «ស្នាមញញឹមខ្មែរ» ឆ្លុះបញ្ចាំងពីសុខសន្តិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលជាផ្នែកមួយនៃកេរដំណែលវប្បធម៌របស់ជាតិ។ តាមរយៈព្រឹត្តិការណ៍នេះ ស្នាមញញឹមខ្មែរត្រូវបានដាក់ជាចំណុចភ្ជាប់រវាងប្រជាជាតិនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

«ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។ ទីតាំងនេះនឹងត្រូវរៀបចំជាលំហពហុបំណងសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍រវាងប្រទេសសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងជាវេទិកាសម្រាប់ផ្សព្វផ្សាយទេសចរណ៍ ម្ហូបអាហារ សិល្បៈ វប្បធម៌ និងផលិតផលរបស់ប្រទេសនីមួយៗ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏នឹងផ្តល់ឱកាសដល់យុវជន សហគ្រិន និងអ្នកច្នៃប្រឌិតក្នុងការបង្ហាញស្នាដៃ នវានុវត្តន៍ និងផលិតផលថ្មីៗ ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ហួត ហាក់ បានអំពាវនាវដល់សមាគម និងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ រួមមានក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងរមណីយដ្ឋាននានា ឱ្យចូលរួមប្រើប្រាស់ «ភូមិហ្វ្រង់កូហ្វូនី» ជាវេទិកាសម្រាប់ផ្សព្វផ្សាយផលិតផល និងសេវាកម្ម កសាងបណ្តាញអាជីវកម្ម ទាក់ទាញវិនិយោគិន និងពង្រឹងកិត្តិនាមកម្ពុជាជាគោលដៅទេសចរណ៍នៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៃប្រទេសនិយាយភាសាបារាំង។

ដោយឡែក លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានលើកឡើងថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជា ដោយសារការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះមិនមែនជាឱកាសដែលកើតមានញឹកញាប់ឡើយ។

លោកជំទាវបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ក្លាយជាព្រឹត្តិការណ៍ដែលបង្ហាញពីសក្តានុពល វប្បធម៌ និងភាពរួសរាយរាក់ទាក់របស់កម្ពុជា នៅលើឆាកអន្តរជាតិ៕

រូបភាព រិន រចនា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា