សិង្ហបុរី ផាកខ្ទង់ ៤០០ ដុល្លារ ចំពោះអ្នកជិះរថយន្តក្រុងលើកជើងដាក់លើកៅអី និងមិនរក្សាសណ្តាប់ធ្នាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី ផាកខ្ទង់ ៤០០ ដុល្លារ ចំពោះអ្នកជិះរថយន្តក្រុងលើកជើងដាក់លើកៅអី និងមិនរក្សាសណ្តាប់ធ្នាប់

សិង្ហបុរី ផាកខ្ទង់ ៤០០ ដុល្លារ ចំពោះអ្នកជិះរថយន្តក្រុងលើកជើងដាក់លើកៅអី និងមិនរក្សាសណ្តាប់ធ្នាប់

សិង្ហបុរី ៖ មន្រ្តីសិង្ហបុរី បានព្រមានកាលពីថ្ងៃ ចន្ទ ថា រាល់អ្នកដំណើរនៅក្នុងប្រទេសសិង្ហបុរី ដែលបរិភោគអាហារលើរថយន្តក្រុងសាធារណៈ ឬដាក់ជើងនៅលើកៅអី នឹងត្រូវប្រឈមមុខនូវការផាកពិន័យប្រាក់ជិត ៤០០ ដុល្លារអាមេរិក ដោយគ្មានករណីលើកលែងឡើយ។

បទប្បញ្ញត្តិដ៏តឹងរ៉ឹងនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងរក្សាអនាម័យ សណ្តាប់ធ្នាប់ និងការគោរពគ្នានៅតាមទីធ្លាសាធារណៈ ដែលធ្វើឱ្យសិង្ហបុរីទទួលបានរហស្សនាមថា ជា «ទីក្រុងដ៏ស្រស់ស្អាត និងមានវិន័យខ្ពស់»។

បើតាម AFP, ក្រៅពីផាកពិន័យការបរិភោគអាហារ និងដាក់ជើងលើកៅអី, អាជ្ញាធរដឹកជញ្ជូនផ្លូវគោកសិង្ហបុរី ហៅកាត់ LTA ក៏បានព្រមានផាកពិន័យប្រាក់រហូតដល់ ៣,៩០០ ដុល្លារអាមេរិកផងដែរ ចំពោះអ្នកដំណើររូបណា ដែលធ្វើឱ្យរថយន្តក្រុងកខ្វក់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត។

ទោះបីជាបទប្បញ្ញត្តិថ្មីនេះ មិនបានបញ្ជាក់លំអិតពីបទល្មើសនីមួយៗក៏ដោយ ប៉ុន្តែគោលការណ៍ណែនាំផ្លូវការសម្រាប់ការអនុវត្តច្បាប់ នឹងដាក់បន្ទុកលើការធ្វើឱ្យរថយន្តក្រុងកខ្វក់ ដែលសំដៅលើការបំពានធ្ងន់ធ្ងរផ្នែកអនាម័យ ដូចជា ការក្អួត ការនោម និងការស្តោះទឹកមាត់ជាដើម។

ទន្ទឹមគ្នា អាជ្ញាធរ LTA អះអាងថា បទប្បញ្ញត្តិនេះ នឹងធ្វើឱ្យការអនុវត្តច្បាប់លើរថយន្តក្រុងមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងប្រព័ន្ធដឹកជញ្ជូនរថភ្លើងល្បឿនលឿន ហៅកាត់ MRT ហើយមានគោលបំណងបង្កើតបរិយាកាសដឹកជញ្ជូនសាធារណៈ ដែលមានសុវត្ថិភាពជាងមុន, មានការគិតគូរពីគ្នាទៅវិញទៅមក និងមានភាពរីករាយ។

អាជ្ញាធរ LTA សង្កត់ធ្ងន់ថា មន្ត្រីនឹងអនុវត្តច្បាប់ដោយប្រើការសម្រេចចិត្តប្រកបដោយភាពសមស្រប និងយុត្តិធម៌ ជាពិសេសនៅក្នុងករណីដែលពាក់ព័ន្ធនឹងអ្នកដំណើរដែលមានបញ្ហាសុខភាពរាងកាយ ឬសុខភាពផ្លូវចិត្ត។

គួរបញ្ជាក់ថា សិង្ហបុរីបានគ្រប់គ្រងទីសាធារណៈយ៉ាងតឹងរ៉ឹងបំផុត ជាមួយនឹងការបង្កើតបញ្ជីផាកពិន័យជាច្រើនរួចមកហើយ គិតចាប់ពីការចោលសំរាម ឬការជក់បារីនៅកន្លែងហាមឃាត់ រហូតធ្វើឱ្យប្រទេសអាស៊ានមួយនេះ ត្រូវបានគេស្គាល់ទូទៅថា «Fine City» ឬ ទីក្រុងផាកពិន័យ។

ជាពិសេស ពិភពលោកកាន់តែស្គាល់សិង្ហបុរីរឹតច្បាស់ នៅពេលប្រទេសកូនខ្លានៅអាស៊ីមួយនេះ ដាក់ចេញបម្រាមហាមឃាត់ការទំពារស្ករកៅស៊ូនៅឆ្នាំ ១៩៩២ បន្ទាប់ពីមានអ្នកដំណើរបានយកស្ករកៅស៊ូទំពាររួច ទៅបិទលើឧបករណ៍ចាប់សញ្ញា នៃទ្វាររថភ្លើងក្រោមដី ដែលធ្វើឱ្យទ្វារនោះមិនអាចបិទជិត និងបង្កឱ្យមានការពន្យារពេលរត់ភ្លើងធ្វើដំណើរជាញឹកញាប់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា