កូរ៉េខាងត្បូង សុំ អាមេរិក បន្ធូរទណ្ឌកម្មលើ កូរ៉េខាងជើង ដើម្បីស្អំចិត្តលោក គីម ជុងអ៊ុន ឲ្យឈប់ផលិតអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង សុំ អាមេរិក បន្ធូរទណ្ឌកម្មលើ កូរ៉េខាងជើង ដើម្បីស្អំចិត្តលោក គីម ជុងអ៊ុន ឲ្យឈប់ផលិតអាវុធនុយក្លេអ៊ែរ

កូរ៉េខាងត្បូង សុំ អាមេរិក បន្ធូរទណ្ឌកម្មលើ កូរ៉េខាងជើង ដើម្បីស្អំចិត្តលោក គីម ជុងអ៊ុន ឲ្យឈប់ផលិតអាវុធនុយក្លេអ៊ែរ

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជំរុញដ៏កម្រឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីជាថ្នូរនឹងការបន្ទន់ចិត្តដល់លោក គីម ជុងអ៊ុន ឲ្យផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ នេះបើតាមការចេញផ្សាយរបស់កាសែតអាមេរិក The New York Times នៅថ្ងៃអង្គារនេះ ។

លោក Lee Jae Myung និយាយថា «លោកជឿជាក់អំពីតម្លៃយ៉ាងសំខាន់ ក្នុងការដោះដូរគ្នា រវាងការដាក់ទណ្ឌកម្ម និង ការបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបន្ថែមទៀត ក៏ដូចជា បច្ចេកវិទ្យាគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបជាដើម» ។

លោក Lee Jae Myung លើកឡើងថា ការព្យាយាមសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងកាលៈទេសៈ បច្ចុប្បន្ន គឺនឹងមិនអាចសម្រេចលទ្ធផលអ្វីបានឡើយ។ ប៉ុន្តែ នៅពេលដែលការផ្អាកអាវុធនុយក្លេអ៊ែរត្រូវបានធានាហើយនោះ, ដំណើរកសាងទំនុកចិត្តអាចធ្វើទៅបាន តាមរយៈការលើកទឹកចិត្ត និងសម្របសម្រួលទៅវិញទៅមក ។

លោកថា កត្តាទាំងអស់នេះទើបអាចបញ្ចុះបញ្ចូល កូរ៉េខាងជើង ឱ្យកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

បើតាម CNA, ការទទូចសុំអាមេរិកឲ្យបន្ធូរទណ្ឌកម្មលើកូរ៉េខាងជើងពីសំណាក់ទីក្រុងសេអ៊ូល ត្រូវបានធ្វើឡើង ស្របពេលដែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកការរៀបចំជំនួបកំពូលថ្មីមួយ ជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ។

ជាមួយគ្នានេះ លោក Lee Jae Myung ក៏បានថ្លែងជាច្រើនលើកច្រើនសារផងដែរថា រូបលោកក៏ពិតជាមានបំណងចង់ឃើញកិច្ចពិភាក្សានេះកើតឡើងដូចគ្នា ។

មេដឹកនាំកូរ៉េខាងត្បូងវ័យ ៦២ ឆ្នាំរូបនេះ ថែមទាំងមានបំណងបង្ហាញពីចក្ខុវិស័យរបស់លោកស្តីពី «សន្តិភាព និងការរួមរស់ជាមួយគ្នា ដោយសន្តិវិធីនៅលើឧបទ្វីបកូរ៉េ» ជូនដល់មហាសន្និបាត អង្គការសហប្រជាជាតិ នៅក្នុងសប្តាហ៍នេះ ទៀតផង ។

យ៉ាងណា ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរនៅតែស្ថិតក្នុងភាពជាប់គាំងនៅឡើយ ។ ជាក់ស្តែង លោក គីម ជុងអ៊ុន បានបោះបង់ចោលគោលនយោបាយបង្រួបបង្រួមជាតិ ដោយប្រកាសចាត់ទុកកូរ៉េខាងត្បូង ថា ជាសត្រូវដ៏ធំបំផុតរបស់កូរ៉េខាងជើង និង បានបញ្ជាឱ្យកងកម្លាំងរបស់ប្រទេសខ្លួន ត្រូវតែបន្តពង្រឹងប្រព័ន្ធការពារ ជាពិសេសអាវុធនុយក្លេអ៊ែរតែម្ដង ។

បើតាមលោក Lee Jae Myung, បច្ចុប្បន្ន កូរ៉េខាងជើងមានសមត្ថភាពផលិត ឬ អាចកំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ជាបន្តបន្ទាប់ ពោលគឺ ចន្លោះពី ១០ ទៅ ២០ គ្រាប់ នៅក្នុងមួយឆ្នាំ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា