ប្រធានគោលនយោបាយការបរទេស អឺរ៉ុប ជំរុញឱ្យបន្តដាក់ទណ្ឌកម្ម រុស្ស៊ី ខណៈមានការខ្វែងគំនិតគ្នាក្នុងប្លុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានគោលនយោបាយការបរទេស អឺរ៉ុប ជំរុញឱ្យបន្តដាក់ទណ្ឌកម្ម រុស្ស៊ី ខណៈមានការខ្វែងគំនិតគ្នាក្នុងប្លុក

ប្រធានគោលនយោបាយការបរទេស អឺរ៉ុប ជំរុញឱ្យបន្តដាក់ទណ្ឌកម្ម រុស្ស៊ី ខណៈមានការខ្វែងគំនិតគ្នាក្នុងប្លុក

ញូវយ៉ក ៖ លោកស្រី Kaja Kallas ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប
កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យរក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលប្លុកមួយនេះកំពុងខិតខំប្រឹងប្រែងដើម្បីពន្យារពេលអនុវត្តទណ្ឌកម្ម ប៉ុន្តែ មានការខ្វែងគំនិតគ្នាខ្លះៗ ក្នុងចំណោមសមាជិកទាំង២៧ប្រទេស។

បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU , លោកស្រី Kaja Kallas បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងញូវយ៉កថា «ទណ្ឌកម្មគឺជាសសរស្តម្ភដ៏សំខាន់នៃការឆ្លើយតបរបស់យើងចំពោះសង្គ្រាមរបស់រុស្ស៊ី ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ»។

លោកស្រីបានបន្ថែមថា មន្ត្រីនានាកំពុងមានគោលបំណងបញ្ចប់ការចរចាលើការបន្តអនុវត្តទណ្ឌកម្មលើរុស្ស៊ី ក្នុងពេលឆាប់ៗនេះ និងចង់ឱ្យការបន្តនោះកើតឡើងយ៉ាងឆាប់រហ័ស។

ប៉ុន្តែ ការពិភាក្សាលើបញ្ហានេះនៅតែបន្ត ខណៈដែលប្រទេសសមាជិកមួយចំនួនបានព្យាយាមដកបុគ្គលខ្លះចេញពីបញ្ជីខ្មៅរបស់សហភាពអឺរ៉ុប។

ជាក់ស្តែង នៅថ្ងៃទី២១ ខែកញ្ញា បណ្តាប្រទេសសហភាពអឺរ៉ុបមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយមួយ ដែលពាក់ព័ន្ធនឹងការដកទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ី គឺ លោក Alisher Usmanov និងលោក Mikhail Fridman នោះទេ។

ប្រទេសបារាំង និងស្លូវ៉ាគី បានជំរុញឱ្យដកមហាសេដ្ឋីរុស្ស៊ី-អ៊ូសបេគីស្ថាន គឺលោក Usmanov ចេញពីបញ្ជីខ្មៅ។ ប្រទេសលុចហ្សំបួរបានឆ្លៀតយកសំណើរបស់ទីក្រុងប៉ារីសមកធ្វើជាមូលដ្ឋាន ដោយទទូចថា ប្រសិនបើទណ្ឌកម្មលើលោក Usmanov ត្រូវបានដកចេញ នោះទណ្ឌកម្មលើលោក Fridman ក៏គួរតែត្រូវបានដកចេញដែរ។

មន្ត្រីការទូតជាច្រើននាក់បាននិយាយថា ប្រទេសសមាជិកបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីដកបុគ្គលទាំងពីរចេញពីបញ្ជីរបស់អឺរ៉ុប ដែលជាផ្នែកមួយនៃការសម្របសម្រួលគ្នា។

ប៉ុន្តែ កិច្ចព្រមព្រៀងនោះមិនទទួលបានការអនុម័តចុងក្រោយទេ ដោយមន្ត្រីការទូតម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រទេសឡេតូនីបានដាក់ការជំទាស់ នៅនាទីចុងក្រោយ។

ការចរចានឹងបន្តធ្វើឡើង នៅទីក្រុងព្រុចសែល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យារពេលទណ្ឌកម្មលើបុគ្គល និង ស្ថាប័នផ្សេងៗទៀត ចំនួនជិត៣ពាន់ នាក់ឬស្ថាប័ន ជុំវិញសង្គ្រាមនេះ។

អឺរ៉ុបបាននិងកំពុងប្រញាប់ប្រញាល់ស្វែងរកកិច្ចព្រមព្រៀងមួយស្តីពីការបន្តអនុវត្តវិធានការទណ្ឌកម្ម មុនពេលឈានដល់កាលបរិច្ឆេទកំណត់ នៅយប់ថ្ងៃអង្គារនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា