អ៊ីរ៉ង់ ផ្ញើលក្ខខណ្ឌបញ្ចប់ជម្លោះទៅអាមេរិក តែ ព្រមានថា អាចកំដរធ្វើសង្គ្រាមទៀតបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ផ្ញើលក្ខខណ្ឌបញ្ចប់ជម្លោះទៅអាមេរិក តែ ព្រមានថា អាចកំដរធ្វើសង្គ្រាមទៀតបាន

អ៊ីរ៉ង់ ផ្ញើលក្ខខណ្ឌបញ្ចប់ជម្លោះទៅអាមេរិក តែ ព្រមានថា អាចកំដរធ្វើសង្គ្រាមទៀតបាន

តេហេរ៉ង់ ៖ ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ថា លក្ខខណ្ឌសម្រាប់ការវិលត្រឡប់ទៅរកការចរចា និងការបញ្ចប់សង្គ្រាម ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេស កាតា។ ប៉ុន្តែ មន្ត្រីរូបនេះឆ្លៀតព្រមានដែរថា ទីក្រុងតេហេរ៉ង់អាចកំដរប្រយុទ្ធគ្នា បន្ថែមទៀតបាន។

លោក Mohsen Rezaei ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់បានប្រាប់បណ្តាញព័ត៌មាន Al Jazeera នៅក្នុងបទសម្ភាសន៍ផ្តាច់មុខថា ប្រទេសរបស់ខ្លួនបានបញ្ជូនសំណុំលក្ខខណ្ឌជាផ្លូវការមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល កាតា ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំការឆ្លើយតបពីលោក ត្រាំ។

លោក Mohsen Rezaei រៀបរាប់ថា «យើងនៅតែរក្សាទំនាក់ទំនងជាមួយអ្នកសម្របសម្រួលគឺប្រទេសកាតា ដែលបានបញ្ជូនលក្ខខណ្ឌរបស់យើងទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងគោលបំណងបញ្ចប់សង្គ្រាម។ យើងកំពុងរង់ចាំការឆ្លើយតបពីប្រធានាធិបតី Donald Trump»។

លោក Rezaei បានមានប្រសាសន៍ទៀតថា «លក្ខខណ្ឌរបស់យើងគឺការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ ការដោះលែងមូលនិធិដែលត្រូវបានបង្កករបស់យើង និងការបញ្ចប់សកម្មភាពបិទខ្ទប់ផ្លូវសមុទ្រ»។

លោកបានបន្ថែមថា «វាជាផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលយកលក្ខខណ្ឌទាំងនេះ។ ការគំរាមកំហែងរបស់លោក Trump នឹងមិនទទួលបានលទ្ធផលអ្វីឡើយ។ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមដ៏ដាច់ណាត់មួយ»។

បើតាម Al Jazeera , ប្រទេសកាតា និង ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតការចរចាឡើងវិញរវាងភាគីទាំងពីរ ចាប់តាំងពីអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU របស់គូជម្លោះបានផុតកំណត់កាលពីខែមុន។

បណ្តាប្រទេសក្នុងតំបន់ក៏កំពុងស្វែងរកការបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមផ្ទុះឡើង តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅចុងខែកុម្ភៈ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺ លោក Ayatollah Ali Khamenei។

បើទោះបីជាបង្ហាញពីចេតនាចង់ភ្ជាប់ទំនាក់ទំនងជាមួយអាមេរិកឡើងវិញក៏ដោយ, ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់រូបនេះលើកឡើងដែរថា លទ្ធភាពនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹងកើតឡើងជាថ្មី ប៉ុន្តែ ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ។

លោក Mohsen Rezaei អះអាងដែរថា ការរៀបចំផែនការយោធារបស់អ៊ីរ៉ង់បានផ្លាស់ប្តូរ ចាប់តាំងពីជម្លោះពីរជុំមុនមក ហើយឥឡូវនេះ ទីក្រុងតេហេរ៉ង់ព្រមានផ្តោតការវាយប្រហារលើទ្រព្យសម្បត្តិយោធាជើងទឹក របស់សហរដ្ឋអាមេរិក ដែលលាតសន្ធឹងពីឈូងសមុទ្រអារ៉ាប់ ទៅកាន់ឈូងសមុទ្រ Oman និង សមុទ្រអារ៉ាប់។

លោក Mohsen Rezaei ដែលទើបចូលកាន់តំណែងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ កាលពីប្រហែលមួយខែមុនរូបនេះ បានបន្ថែមថា គោលដៅដែលនៅក្រៅជួរឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌា នឹងស្ថិតនៅក្រៅលទ្ធភាព នៃ ការវាយប្រហាររបស់អ៊ីរ៉ង់ផងដែរ៕

ប្រភព ៖ Al Jazeera , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា