វេណេស៊ុយអេឡាគ្រោងយកមាសតម្លៃ៤ពាន់លានដុល្លារ ចេញពីអង់គ្លេស ទៅទុកនៅអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេណេស៊ុយអេឡាគ្រោងយកមាសតម្លៃ៤ពាន់លានដុល្លារ ចេញពីអង់គ្លេស ទៅទុកនៅអាមេរិក

វេណេស៊ុយអេឡាគ្រោងយកមាសតម្លៃ៤ពាន់លានដុល្លារ ចេញពីអង់គ្លេស ទៅទុកនៅអាមេរិក

ការ៉ាកាស ៖ ប្រទេសវេណេស៊ុយអេឡាជិតសម្រេចបានកិច្ចព្រមព្រៀងផ្ទេរទុនបម្រុងមាសតម្លៃ ៤ ពាន់លានដុល្លារពីធនាគារអង់គ្លេស ទៅកាន់ទីក្រុងញូវយ៉ក។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃសុក្រ។

មានសេចក្តីរាយការណ៍ថា ប្រទេសវេណេស៊ុយអេឡាកំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីផ្ទេរមាសដែលមានតម្លៃ ៤ ពាន់លានដុល្លារ ពីធនាគារ Bank of England ទៅកាន់ធនាគារ Federal Reserve របស់អាមេរិក បន្ទាប់ពីមានជម្លោះផ្លូវច្បាប់អូសបន្លាយពេលជាច្រើនឆ្នាំ។

ក្រោមការដឹកនាំរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez, រដ្ឋាភិបាល និងក្រុមប្រឆាំងបានឈានដល់ការឯកភាពគ្នាដ៏កម្រមួយ កាលពីខែសីហា គឺការសហការគ្នាដើម្បីយកមកវិញនូវមាសចំនួន ៣១ តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងក្រោមដីនៅទីក្រុងឡុងដ៍។

កាសែត Financial Times បានរាយការណ៍ថា យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីស្តីទីនឹងទទួលបានសិទ្ធិគ្រប់គ្រងស្របច្បាប់លើមាសនោះ ប៉ុន្តែមិនអាចលក់វាបានភ្លាមៗនោះទេ។

តំណាងក្រុមប្រឆាំងម្នាក់ដែលត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការចរចានេះ បាននិយាយថា «មាសនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែ លោកស្រី Delcy នឹងមិនអាចចូលប្រើប្រាស់វាដោយផ្ទាល់បានទេ។ វាស្ថិតនៅក្រោមការត្រួតពិនិត្យ និងមានការកំណត់លក្ខខណ្ឌជាក់លាក់»។

បើតាម independent , ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ជាស្ថាពរ វានឹងបញ្ចប់ជម្លោះដ៏ធំមួយដែលមានរយៈពេលជិត ៨ ឆ្នាំមកហើយ បន្ទាប់ពីចក្រភពអង់គ្លេសបានបដិសេធមិនទទួលស្គាល់លោក Nicolas Maduro ថា ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា ដោយអះអាងថា ការបោះឆ្នោតឆ្នាំ ២០១៨ ត្រូវបានរៀបចំឡើងដោយមានការលួចបន្លំ។

តាមការអនុវត្តជាក់ស្តែង សកម្មភាពនេះបានរារាំងរដ្ឋាភិបាលវេណេស៊ុយអេឡាមិនឱ្យចូលប្រើប្រាស់មាសនោះបានឡើយ។ ចាប់តាំងពីពេលនោះមក មាសនេះបានក្លាយជាប្រធានបទនៃជម្លោះផ្លូវច្បាប់ដ៏យូរអង្វែងនៅក្នុងតុលាការចក្រភពអង់គ្លេស ហើយមិនត្រូវបានដោះលែងឱ្យយកទៅវិញនោះទេ ទោះបីជាលោក Maduro ត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួនកាលពីខែមករាក៏ដោយ។

ទុនបម្រុងមាសនេះអាចត្រូវបានប្រើប្រាស់ជាទ្រព្យធានាសម្រាប់ការខ្ចីប្រាក់របស់រដ្ឋាភិបាល រួមទាំងសម្រាប់ការកសាងឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដីពីរលើកបានបំផ្លិចបំផ្លាញប្រទេសនៅអាមេរិកខាងត្បូងមួយនេះកាលពីចុងខែមិថុនា ដែលបណ្តាលឱ្យមនុស្សជាង ៦.០០០ នាក់បានស្លាប់។

ធនាគារពិភពលោក ធ្លាប់បានប៉ាន់ប្រមាណថា ការខូចខាតដែលត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ មានតម្លៃស្មើនឹង ១៩,៦ ពាន់លានដុល្លារ ៕

ប្រភព ៖ independent ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា