អាមេរិកអនុម័តការវិនិយោគជាង ៤០០លានដុល្លារលើរ៉ែអ៊ុយរ៉ាញ៉ូម នៅនីហ្សេ ក្រោយដកទ័ពចេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកអនុម័តការវិនិយោគជាង ៤០០លានដុល្លារលើរ៉ែអ៊ុយរ៉ាញ៉ូម នៅនីហ្សេ ក្រោយដកទ័ពចេញ

អាមេរិកអនុម័តការវិនិយោគជាង ៤០០លានដុល្លារលើរ៉ែអ៊ុយរ៉ាញ៉ូម នៅនីហ្សេ ក្រោយដកទ័ពចេញ

នីញ៉ាម៉េ ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិកបានអនុម័តគម្រោងវិនិយោគលើរ៉ែអ៊ុយរ៉ាញ៉ូម តម្លៃ៤១៤លានដុល្លារ ក្នុងប្រទេសនីហ្សេ នៅរយៈពេលពីរឆ្នាំ បន្ទាប់ពីការដកកងទ័ពទីក្រុងវ៉ាស៊ីនតោន ចេញពីប្រទេសនៅអាហ្វ្រិកមួយនេះ។

យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍, នេះគឺជាកញ្ចប់ហិរញ្ញប្បទាន ក្នុងទម្រង់ជាប្រាក់កម្ចី សម្រាប់គម្រោង Dasa របស់ក្រុមហ៊ុនរុករករ៉ែកាណាដា Global Atomic ខណៈដែលសហគ្រាសមួយនេះអះអាងថា ជាប្រភពរ៉ែអ៊ុយរ៉ាញ៉ូមដែលមានគុណភាពខ្ពស់បំផុតនៅអាហ្វ្រិក។

បើតាម Aljazeera, ការវិនិយោគនេះអាចជួយពង្រឹងលទ្ធភាពរបស់សហរដ្ឋអាមេរិក ក្នុងការទទួលបានការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ នៅពេលដែលប្រទេសនីហ្សេ ដែលជាអ្នកផលិតអ៊ុយរ៉ាញ៉ូមធំជាងគេទី ៧ របស់ពិភពលោក កំពុងជាប់ក្នុងជម្លោះជាមួយក្រុមហ៊ុនរុករករ៉ែបារាំង Orano ដែលជាក្រុមហ៊ុនទទួលបានការគាំទ្រពីរដ្ឋ និងបានគ្របដណ្តប់លើវិស័យអ៊ុយរ៉ាញ៉ូមរបស់ប្រទេសនេះអស់រយៈពេលជាយូរមកហើយ។

ប្រភពព័ត៌មានដែលបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងនេះបាននិយាយថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅនីហ្សេ លោកស្រី Kathleen FitzGibbon បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសនីហ្សេ និងគាំទ្រគម្រោងនេះ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានចូលកាន់តំណែង ដោយផ្តោតការយកចិត្តទុកដាក់ជាថ្មីលើការបង្កើតកិច្ចព្រមព្រៀងនានានៅក្នុងទ្វីបអាហ្វ្រិក។

នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានយល់ព្រមដកកងទ័ពប្រហែល ១ពាន់នាក់ចេញ បន្ទាប់ពីរដ្ឋាភិបាលយោធាដែលបានឡើងកាន់អំណាចនៅនីហ្សេ តាមរយៈរដ្ឋប្រហារឆ្នាំ២០២៣ បានចាត់ទុកវត្តមានរបស់កងទ័ពអាមេរិកថា “ខុសច្បាប់” ហើយបានងាកទៅរកប្រទេសរុស្ស៊ីដើម្បីសុំការគាំទ្រផ្នែកសន្តិសុខ។ ទាហានបារាំងក៏ត្រូវបានបញ្ជាឱ្យចាកចេញផងដែរ នៅឆ្នាំ២០២៣។

បើផ្អែកតាមប្រភពទាំងនោះ, គម្រោងនេះត្រូវបានគេមើលឃើញថា ជាឱកាសមួយដើម្បីធានានូវលទ្ធភាពទទួលបានធនធានថាមពលជាយុទ្ធសាស្ត្រ, ដែលបើមិនដូច្នោះទេ ធនធានទាំងនេះអាចនឹងធ្លាក់ទៅក្រោមឥទ្ធិពលរបស់មហាអំណាចគូប្រជែង។

ប្រភពមួយដែលបានដឹងអំពីកិច្ចពិភាក្សារវាងក្រុមហ៊ុន Global Atomic និងសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិក ឬ Development Finance Corp បាននិយាយថា ភាពជោគជ័យក្នុងការដោះស្រាយបញ្ហាបានកើតឡើង នៅរដូវក្តៅនេះ ចំពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Global Atomic គឺ លោក Stephen Roman បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហានៅសេសសល់ ដែលរារាំងដល់ការអនុម័តគម្រោង។

គម្រោងនេះក៏អាចផ្តល់នូវចំណុចវិជ្ជមានដ៏កម្រមួយ នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលកំពុងស្ថិតក្នុងភាពតានតឹង ចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ សារ៉ាត

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា