យេម៉ែនជម្លៀសប្រជាជនជាង១២ម៉ឺននាក់ចេញពីផ្ទះ ព្រោះជម្លោះ២សប្តាហ៍មកនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យេម៉ែនជម្លៀសប្រជាជនជាង១២ម៉ឺននាក់ចេញពីផ្ទះ ព្រោះជម្លោះ២សប្តាហ៍មកនេះ

យេម៉ែនជម្លៀសប្រជាជនជាង១២ម៉ឺននាក់ចេញពីផ្ទះ ព្រោះជម្លោះ២សប្តាហ៍មកនេះ

សាណា ៖ ត្រឹមតែ២សប្តាហ៍, ប្រជាជនជាង ១២ម៉ឺន២ពាន់នាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងប្រទេសយេម៉ែន ដោយសារតែការកើនឡើងនៃជម្លោះ រវាងពួកហ៊ូធី និង ក្រុមកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃពុធ។

សេចក្តីថ្លែងការណ៍មួយពីអង្គភាពប្រតិបត្តិសម្រាប់ការគ្រប់គ្រងជំរុំជនភៀសខ្លួនយេម៉ែន បានបញ្ជាក់ថា មនុស្សសរុបចំនួន ១២ម៉ឺន២,២៩៧នាក់ មកពី ១ម៉ឺន៧,៨៥២គ្រួសារ ត្រូវបានគេរកឃើញថា បានភៀសខ្លួន នៅចន្លោះថ្ងៃទី១ និងថ្ងៃទី១៥ ខែកញ្ញា។

សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់អំពីវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរឡើង ដោយកត់សម្គាល់ថា ការវាយលុករបស់ក្រុមហ៊ូធី (Houthi) និងការដណ្តើមយកទីតាំងដែលធ្លាប់កាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាល បាននាំឱ្យមានការផ្លាស់ប្តូរខ្សែបន្ទាត់នៃការគ្រប់គ្រងនៅជិតសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandeb។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា នេះគឺជាអត្រានៃការផ្លាស់ទីលំនៅខ្ពស់បំផុត។ ក្នុងនោះដែរ គ្រួសារចំនួន ១ពាន់៤៧១គ្រួសារ ដែលធ្លាប់បានភៀសខ្លួនរួចម្តងហើយ នៅតំបន់ខ្លះ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ បន្ថែមទៀត ទៅកាន់ទីក្រុង Aden ជាលើកទីពីរ ដោយសារតែជម្លោះដែលកំពុងកើនឡើង។

ពួកគេបានសង្កត់ធ្ងន់ថា តម្រូវការបន្ទាន់បំផុតរបស់ជនភៀសខ្លួនទាំងនោះគឺ ជម្រក ជំនួយមនុស្សធម៌បន្ទាន់ ស្បៀងអាហារ ទឹកស្អាតសម្រាប់ផឹក អនាម័យ សេវាសុខភាព និងជំនួយជាសាច់ប្រាក់។

សេចក្តីថ្លែងការណ៍បានអំពាវនាវដល់ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ អង្គការជំនួយអន្តរជាតិ និងម្ចាស់ជំនួយ ឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដោយផ្តល់អាទិភាពដល់ស្ត្រី កុមារ និងជនពិការ។

បើតាម anadolu, ជម្លោះនៅក្នុងប្រទេសយេម៉ែន បានផ្ទុះឡើងវិញ ចាប់តាំងពីខែកក្កដាមក។ បន្ទាប់ពីទទួលបានការគ្រប់គ្រងលើខេត្ត Hodeidah ទាំងមូល ក្រុមហ៊ូធីបានវាយលុកទៅភាគខាងលិចនៃខេត្ត Taiz ដោយដណ្តើមយកទីក្រុងនានានៅតាមឆ្នេរសមុទ្រក្រហម ដូចជា ទីក្រុង Muha និងផ្លូវចូលទៅកាន់ច្រកសមុទ្រ Bab al-Mandeb។

ការដែលក្រុមហ៊ូធីដណ្តើមយកប្រជុំកោះ Hanish, កោះ Mayyun និងតំបន់ Zubab នៅជុំវិញច្រកសមុទ្រ Bab al-Mandeb បន្ទាប់ពីការដណ្តើមយកទីក្រុង Muha ក្នុងខេត្ត Taiz នៅលើឆ្នេរសមុទ្រក្រហម បាននាំឱ្យមានការប្រែប្រួលគួរឲ្យបារម្ភយ៉ាងសំខាន់ នៅក្នុងតំបន់ជម្លោះ៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា