លោក ត្រាំ ទទូចឲ្យសង្គ្រាមអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ ហើយថា គូជម្លោះក៏ចង់បានដូចគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ទទូចឲ្យសង្គ្រាមអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ ហើយថា គូជម្លោះក៏ចង់បានដូចគ្នា

លោក ត្រាំ ទទូចឲ្យសង្គ្រាមអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ ហើយថា គូជម្លោះក៏ចង់បានដូចគ្នា

តេហេរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានទទូចសុំបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយអះអាងថា ទីក្រុងតេហេរ៉ង់ក៏កំពុងចង់បានកិច្ចព្រមព្រៀមសន្តិភាពជាខ្លាំង ដូចគ្នាដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងរដ្ឋ North Carolina, មេដឹកនាំអាមេរិកវ័យ៨០ឆ្នាំរូបនេះបានរៀបរាប់ថា ជម្លោះជាមួយអ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់ហើយ ដោយសារតែយោងតាមទស្សនៈរបស់លោក ទីក្រុងតេហេរ៉ង់កំពុងស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ។

«យើងសង្ឃឹមថា កំពុងឈានទៅរកទីបញ្ចប់នៃជម្លោះនេះ។ ពួកគេចង់សម្រេចកិច្ចព្រមព្រៀងមួយ។ យើងនឹងរង់ចាំមើលថាតើវានឹងដំណើរការទៅយ៉ាងដូចម្តេច»។

បើតាម Tass, ការអះអាងបែបនេះ របស់លោក ត្រាំ បានធ្វើឡើង នៅបន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានបោះឆ្នោតក្នុងសំឡេង ២២០ ទល់នឹង ២០៤ ដើម្បីអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលទាមទារឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

យ៉ាងណា សេចក្តីសម្រេចចិត្តនេះមិនមានកាតព្វកិច្ចអនុវត្តតាមផ្លូវច្បាប់ទេ ហើយគ្រាន់តែជាការផ្តល់អនុសាសន៍ប៉ុណ្ណោះ។ ជាធម្មតា សមាជិកសភាតែងតែបង្ហាញជំហររបស់ពួកគេនៅក្នុងឯកសារបែបនេះ ខណៈដែលរដ្ឋាភិបាលមានសិទ្ធិមិនអើពើនឹងឯកសារទាំងនោះ។

មួយវិញទៀត, ការអះអាងចង់ឲ្យសង្គ្រាមមួយនេះ ឈានដល់ទីបញ្ចប់បែបនេះ ក៏កើតមានឡើង ស្របពេលដែល មនុស្សជុំវិញពិភពលោកចេញមកតវ៉ាទាំងកំហឹង នៅតាមទីសាធារណៈប្រឆាំងការឡើងថ្លៃប្រេងឥន្ធនៈ ក្នុងសប្តាហ៍នេះ ដោយគេដឹងថា ជាការឡើងថ្លៃខ្លាំង ព្រោះតែសង្គ្រាមអាមេរិកប្រឆាំងអ៊ីរ៉ង់។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្រោងនឹងមានការឈប់បាញ់ជាបន្ទាន់នៅគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ។ ប៉ុន្តែនៅព្រឹកព្រលឹមថ្ងៃទី ៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើអ៊ីរ៉ង់ ដោយចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងពីមុនរបស់ពួកគេ ទាក់ទងនឹងច្រកសមុទ្រហ័រមូស៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា