ក្រុមហ៊ុន L3Harris ទទួលបានកិច្ចសន្យាតម្លៃ ៤,៧ ពាន់លានដុល្លារ ដើម្បីពន្លឿនផលិតមីស៊ីលសំណាញ់មេឃ Patriot | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន L3Harris ទទួលបានកិច្ចសន្យាតម្លៃ ៤,៧ ពាន់លានដុល្លារ ដើម្បីពន្លឿនផលិតមីស៊ីលសំណាញ់មេឃ Patriot

ក្រុមហ៊ុន L3Harris ទទួលបានកិច្ចសន្យាតម្លៃ ៤,៧ ពាន់លានដុល្លារ ដើម្បីពន្លឿនផលិតមីស៊ីលសំណាញ់មេឃ Patriot

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសម្ភារៈការពារជាតិ L3Harris Technologies ទទួលបានកិច្ចសន្យារយៈពេល ៧ ឆ្នាំ តម្លៃ ៤,៧ ពាន់លានដុល្លារ ពី Lockheed Martin ដើម្បីផលិតប្រព័ន្ធរុញច្រានសម្រាប់គ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE របស់សំណាញ់មេឃ Patriot។

កិច្ចសន្យានេះ រួមមានការផលិតម៉ូទ័ររ៉ុក្កែតរឹងពីរ ម៉ូទ័រគ្រប់គ្រងទិសដៅហោះហើរ និងប្រព័ន្ធបង្កើនប្រសិទ្ធភាពបំផ្លាញគោលដៅ ដែលជាសមាសធាតុសំខាន់របស់មីស៊ីលស្ទាក់ចាប់ PAC-3 MSE។

បើតាម Defense news, ក្រុមហ៊ុន Lockheed Martin មានផែនការបង្កើនផលិតកម្មផលិតមីស៊ីលស្ទាក់ចាប់ PAC-3 ពី ៦០០ គ្រាប់ ទៅ ២.០០០ គ្រាប់ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ក្រុមហ៊ុន L3Harris កំពុងសាងសង់រោងចក្រថ្មីចំនួន ២ នៅរដ្ឋ Arkansas ដែលគ្រោងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៧ ដើម្បីបង្កើនសមត្ថភាពផលិតប្រព័ន្ធរុញច្រានមីស៊ីល PAC-3។

តម្រូវការគ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE កំពុងកើនឡើងខ្លាំង ដោយសារស្ថានការណ៍សង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន ក៏ដូចជាការពង្រីកការប្រើប្រាស់ប្រព័ន្ធខែលការពារដែនអាកាសទូទាំងពិភពលោក។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និអន្តរជាតិ ហៅកាត់ CSIS, តម្រូវការមីស៊ីលស្ទាក់ចាប់ PAC-3 MSE របស់កងទ័ពជើងគោក និង ជើងទឹកអាមេរិក អាចកើនឡើង ៨៣៩% ពោលគឺពី ៣៤១ គ្រាប់ក្នុងឆ្នាំ ២០២៦ ទៅ ៣.២០៣ គ្រាប់ក្នុងឆ្នាំ ២០២៧។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ។ មីស៊ីលស្ទាក់ចាប់របស់ Patriot មានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់៕

ប្រភព ៖ Defense news ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា