គុយបា ចោទ អាមេរិក បង្កវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរក្នុងប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គុយបា ចោទ អាមេរិក បង្កវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរក្នុងប្រទេសខ្លួន

គុយបា ចោទ អាមេរិក បង្កវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរក្នុងប្រទេសខ្លួន

ឡាហាវ៉ាន ៖ ប្រមុខការទូតកំពូលគុយបាចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃ ចន្ទ ថា កំពុងបង្កវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញដល់ប្រជាជនគុយបា តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ និងសម្ពាធលើពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសខ្លួន។

គុយបាបានខាតបង់សេដ្ឋកិច្ចក្នុងកម្រិតខ្ពស់បំផុតរហូតដល់ជាង ៨ ពាន់លានដុល្លារ នៅចន្លោះខែមីនាឆ្នាំមុន និងខែកុម្ភៈឆ្នាំនេះ ដោយសារតែវិធានការហាមឃាត់ផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez និយាយថា ការគំរាមកំហែងជាមួយសម្ពាធ និងការដាក់លក្ខខណ្ឌពីសហរដ្ឋអាមេរិក បានរំខានដល់ពាណិជ្ជកម្មអន្តរជាតិរបស់គុយបា ហើយសកម្មភាពនេះកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន។

ការរឹតបន្តឹងលើការផ្គត់ផ្គង់ថាមពល និងការដាក់ទណ្ឌកម្មបន្ទាប់បន្សំ បានធ្វើឱ្យគុយបាប្រឈមការខ្វះខាតប្រេងឥន្ធនៈ ម្ហូបអាហារ និងថ្នាំពេទ្យ។ ការខ្វះខាតប្រេងបានបណ្តាលឱ្យមានការដាច់អគ្គិសនីយូរ និងរំខានដល់ការដឹកជញ្ជូន វិស័យសុខាភិបាល កសិកម្ម និងការផ្គត់ផ្គង់ទឹក។

ជាមួយគ្នានេះ គុយបាថែមទាំងបានចោទប្រកាន់ចំៗថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើក្រុមហ៊ុនបរទេសនានាដែលធ្វើអាជីវកម្មជាមួយគុយបា និងបន្តអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលទណ្ឌកម្ម និងឱ្យសហគមន៍អន្តរជាតិជួយដោះស្រាយវិបត្តិរបស់ខ្លួនជាបន្ទាន់។

យ៉ាងណា សហរដ្ឋអាមេរិកបានការពារគោលនយោបាយដាក់ទណ្ឌកម្មរបស់ខ្លួន ដោយអះអាងថា គោលនយោបាយដាក់ទណ្ឌកម្ម គឺមានគោលបំណងជំរុញរដ្ឋាភិបាលគុយបា ឱ្យធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។

ការចោទប្រកាន់ចុងក្រោយនេះកើតឡើង ខណៈដែលគុយបាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងថាមពលដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយប្រទេសដីកោះមួយនេះ ក៏កំពុងជួបប្រទះការខ្វះខាតប្រេង ការដាច់ចរន្តអគ្គិសនី និងការខ្វះទំនិញចាំបាច់៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា