រុស្ស៊ី បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរខ្ពស់បំផុតក្នុងពេល ៤ ឆ្នាំជាប់ៗគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរខ្ពស់បំផុតក្នុងពេល ៤ ឆ្នាំជាប់ៗគ្នា

រុស្ស៊ី បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរខ្ពស់បំផុតក្នុងពេល ៤ ឆ្នាំជាប់ៗគ្នា

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយជាបន្តបន្ទាប់ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដោយគិតត្រឹមឆ្នាំ ២០២៦នេះ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី កើនឡើងចំនួន ១,៧៩៦ គ្រាប់ថែមទៀត ដែលជាកម្រិតខ្ពស់បំផុតក្នុងពេល ៩ ឆ្នាំ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៦ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI, ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលរុស្ស៊ីដាក់ពង្រាយបានកើនឡើងប្រហែល ១,៥៨៨ គ្រាប់ក្នុងឆ្នាំ ២០២២, កើន ១,៦៧៤ គ្រាប់ក្នុងឆ្នាំ ២០២៣, កើន ១,៧១០ គ្រាប់ក្នុងឆ្នាំ ២០២៤, កើន ១,៧១៨ គ្រាប់ក្នុងឆ្នាំ ២០២៥ និងកើន ១,៧៩៦ គ្រាប់ក្នុងឆ្នាំ ២០២៦។

ផ្អែកតាមអ្នកវិភាគរបស់វិទ្យាស្ថាន SIPRI, គិតត្រឹមខែមករា ឆ្នាំ ២០២៦នេះ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី មានក្បាលគ្រាប់សរុបចំនួន ៥,៤២០ គ្រាប់។

ក្នុងចំណោមនោះ មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២,៦០៤ គ្រាប់ត្រូវបានរក្សាទុកនៅឃ្លាំងកណ្តាល, ១,០២០ គ្រាប់ត្រូវបានចាត់ទុកថា ឈប់ប្រើប្រាស់ ឬចូលនិវត្តន៍ និង ១,៧៩៦ គ្រាប់ទៀត ត្រូវបានដាក់ពង្រាយលើប្រព័ន្ធបាញ់បង្ហោះរួចជាំស្រេច។

ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយលើប្រព័ន្ធបាញ់បង្ហោះរបស់រុស្ស៊ីបានកើនឡើងជាលំដាប់ ចាប់តាំងពីផ្ទុះសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែនមក និងស្របពេលមន្រ្តីរុស្ស៊ីតែងតែបោះសម្តីគំរាមប្រើអាវុធនុយក្លេអ៊ែរវាយប្រហារប្រទេសនៅអឺរ៉ុប។

ប្រភពដដែលឱ្យដឹងថា សមត្ថភាពនុយក្លេអ៊ែរត្រីមុខ (nuclear triad) របស់រុស្ស៊ី ក្បាលគ្រាប់ប្រមាណ ៨៩២ គ្រាប់ ត្រូវបានដាក់ពង្រាយទៅក្នុងកងកម្លាំងមីស៊ីលផ្លោងចម្ងាយឆ្ងាយ ICBM និង ៩២៨ គ្រាប់ដាក់ពង្រាយទៅក្នុងកងនាវាមុជទឹក ខណៈ ៥៨៦ គ្រាប់ទៀត ដាក់ពង្រាយទៅក្នុងកងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត។

យ៉ាងណា កម្មវិធីធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី កំពុងប្រឈមនឹងការពន្យារពេល ដោយសារទណ្ឌកម្មប្រទេសលោកខាងលិច បញ្ហាឧស្សាហកម្ម និងការផ្តល់អាទិភាពដល់អាវុធធម្មតាសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ជាមួយគ្នានេះ វិទ្យាស្ថាន SIPRI ព្រមានថា ការរក្សាការសម្ងាត់ពាក់ព័ន្ធនឹងទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពិភពលោកកំពុងកើនឡើង បន្ទាប់ពីសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផុតសុពលភាពនៅខែកុម្ភៈ ឆ្នាំ២០២៦៕

ប្រភព ៖ Ukrainska Pravda ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា