អឺរ៉ុប អនុម័តជំនួយការពារជាតិបន្ថែម ៧ ពាន់លានដុល្លារ ដល់ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប អនុម័តជំនួយការពារជាតិបន្ថែម ៧ ពាន់លានដុល្លារ ដល់ អ៊ុយក្រែន

អឺរ៉ុប អនុម័តជំនួយការពារជាតិបន្ថែម ៧ ពាន់លានដុល្លារ ដល់ អ៊ុយក្រែន

ព្រុចសែល ៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃ សុក្រ បានអនុម័តថវិកាបន្ថែមចំនួន ៧.១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីទិញសម្ភារៈការពារជាតិសំខាន់ៗ រួមមានមីស៊ីលស្ទាក់ចាប់ និងសំណាញ់មេឃ គ្រាប់រំសេវ យន្តហោះដ្រូន និងឧបករណ៍សង្គ្រាមអេឡិចត្រូនិក។

បើតាម Anadolu, កញ្ចប់ថវិកានេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការកើនឡើងការវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះដ្រូនរបស់រុស្ស៊ី។

កញ្ចប់ថវិកានេះដែរ នឹងផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញសម្ភារៈពីក្រុមហ៊ុនការពារជាតិទាំងនៅក្នុងសហភាពអឺរ៉ុប និងនៅអ៊ុយក្រែន ហើយអនុញ្ញាតឱ្យទីក្រុងកៀវទិញមីស៊ីលស្ទាក់ចាប់ PAC-3 សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក។

ប្រភពដដែលបញ្ជាក់ថា ថវិកានេះស្ថិតក្រោមប្រាក់កម្ចីគាំទ្រអ៊ុយក្រែនរបស់សហភាពអឺរ៉ុបចំនួន ១០៤ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៦-២០២៧ ក្នុងនោះ ជិត ៧០ ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ និង ៣៤ ពាន់លានដុល្លារទៀតសម្រាប់ថវិកាជំនួយ។

បច្ចុប្បន្ន សហភាពអឺរ៉ុបបានបញ្ចេញកញ្ចប់ថវិកាការពារជាតិប្រហែល ៩,៦ ពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែនរួចរាល់ហើយនៅក្នុងឆ្នាំ ២០២៦នេះ ខណៈទីក្រុងកៀវកំពុងត្រៀមខ្លួន សម្រាប់រលកថ្មីនៃការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងបណ្តាញថាមពលរបស់ខ្លួននៅក្នុងរដូវរងាខាងមុខ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់តាមបណ្តាញសង្គម X ថា សហភាពអឺរ៉ុបបានអនុម័តថវិកាបន្ថែមចំនួន ៧.១ ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនទិញប្រព័ន្ធខែលការពារដែនអាកាស និងមីស៊ីលស្ទាក់ចាប់ គ្រាប់រំសេវ យន្តហោះដ្រូន និងឧបករណ៍សង្គ្រាមអេឡិចត្រូនិក។

លោកស្រីអះអាងថា ការអនុម័តនេះ ក៏នឹងអនុញ្ញាតឱ្យអ៊ុយក្រែនទិញសំណាញ់មេឃ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ដែលខ្លួនត្រូវការ ដើម្បីពង្រឹងការការពារដែនអាកាសប្រឆាំងនឹងការវាយប្រហារពីមីស៊ីលផ្លោងរបស់រុស្ស៊ីផងដែរ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ខណៈមីស៊ីលស្ទាក់ចាប់របស់ Patriot នីមួយៗមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា