ជើងហោះហើរអង់គ្លេសរាប់ពាន់ត្រូវបានលុបចោល និងជាប់គាំងភ្លាមៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជើងហោះហើរអង់គ្លេសរាប់ពាន់ត្រូវបានលុបចោល និងជាប់គាំងភ្លាមៗ

ជើងហោះហើរអង់គ្លេសរាប់ពាន់ត្រូវបានលុបចោល និងជាប់គាំងភ្លាមៗ

ឡុងដ៍ ៖ ប្រព័ន្ធចរាចរណ៍ផ្លូវអាកាសអង់គ្លេសបានជួបប្រទះនឹងបញ្ហាបច្ចេកទេស បណ្តាលឲ្យជើងហោះហើរក្នុងប្រទេសមួយនេះ ដល់ទៅរាប់ពាន់ជើង ត្រូវបានលុបចោល និង ជាប់គាំងភ្លាមៗ កាលពីថ្ងៃអង្គារ និង ថ្ងៃពុធ។

ក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរួមរបស់អង់គ្លេស ហៅកាត់ NATS បានប្រកាសថា ការលុបចោលជើងហោះហើរ ជាង ១,០០០ ជើង និងការយឺតយ៉ាវនៃជើងហោះហើរ រាប់រយផ្សេងទៀត នាពេលនេះ គឺជាបញ្ហាដ៏ស្មុគស្មាញ និងបានបង្កើតការលំបាកសម្រាប់បណ្តាញអាកាសចរណ៍ទាំងមូល ដែលត្រូវចំណាយពេល ដើម្បីស្តារឡើងវិញ។

យ៉ាងណា ក្រុមហ៊ុន NATS បាននិយាយថា បញ្ហាដែលបានប៉ះពាល់ដល់ប្រព័ន្ធដំណើរការទិន្នន័យជើងហោះហើររបស់ខ្លួនត្រូវបានដោះស្រាយរួចរាល់ហើយ ដោយបញ្ជាក់ថា សុវត្ថិភាពមិនត្រូវបានប៉ះពាល់នោះទេ។

ប៉ុន្តែ លោក Martin Rolfe នាយកប្រតិបត្តិ របស់ក្រុមហ៊ុន NATS បានប្រាប់ថា NATS មិនទាន់បាន ធ្វើការស៊ើបអង្កេតពេញលេញ ដើម្បីស្វែងរកមូលហេតុនៅពីក្រោយបញ្ហាបច្ចេកទេសដែលបង្កឱ្យមានការរំខាននេះនៅឡើយទេ។

យោងតាមទិន្នន័យពីគេហទំព័រតាមដានផ្លូវអាកាស Flightradar24, ជើងហោះហើរចំនួន ១,៣០០ ទៅនិងមក ពីអាកាសយានដ្ឋាន ក្នុងចក្រភពអង់គ្លេស ត្រូវបានលុបចោល កាលពីថ្ងៃអង្គារ។ គេហទំព័រនេះបានបន្ថែមថា ជើងហោះហើរចំនួន ១៧៧ ផ្សេងទៀតត្រូវបានលុបចោល សម្រាប់ថ្ងៃពុធ ដោយស្ទើរតែទាំងអស់គឺនៅឯព្រលាន្ត Heathrow ដែលជាអាកាសយានដ្ឋានធំបំផុត របស់អង់គ្លេស។

ក្រុមហ៊ុនអាកាសចរណ៍ Ryanair បាននិយាយថា អ្នកដំណើររបស់ខ្លួនប្រហែល ១៥០,០០០ នាក់បានរងផលប៉ះពាល់ ដោយសារការពន្យារពេល រហូតដល់ ៨ ម៉ោង ហើយខ្លួនបានលុបចោលជើងហោះហើរជាង ២០០ ជើង ព្រមទាំង បានអំពាវនាវឱ្យលោក Martin Rolfe នាយកប្រតិបត្តិក្រុមហ៊ុន NATS លាលែងពីតំណែង។

បើតាម straitstimes,កាលពីឆ្នាំ២០២៤ ការដាច់ប្រព័ន្ធបានធ្វើឱ្យបណ្តាមេដឹកនាំក្រុមហ៊ុនអាកាសចរណ៍ខាតបង់ប្រាក់អស់ជាង១៣៥.លានដុល្លារ ក្នុងការសងប្រាក់វិញ និងការសងជំងឺចិត្ត។ នេះបើតាមការបញ្ជាក់ផ្ទាល់របស់ក្រុមហ៊ុនទាំងនោះ។

កាលពីខែកក្កដា ឆ្នាំមុន បញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងរ៉ាដានៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ចក្រភពអង់គ្លេស បានរំខានដល់ជើងហោះហើរអស់រយៈពេលជាង ៤ ម៉ោង នៅតាមអាកាសយានដ្ឋានធំៗ នៅក្នុងក្រុងឡុងដ៍ និងកន្លែងផ្សេងទៀត រួមទាំងចំណតអាកាសយានដ្ឋាន Heathrow ផងដែរ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា