ចិន ពង្រាយយន្តហោះចម្បាំងពាំមីស៊ីល បណ្តេញយន្តហោះល្បាត ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ពង្រាយយន្តហោះចម្បាំងពាំមីស៊ីល បណ្តេញយន្តហោះល្បាត ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

ចិន ពង្រាយយន្តហោះចម្បាំងពាំមីស៊ីល បណ្តេញយន្តហោះល្បាត ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

ប៉េកាំង ៖ កងទ័ពរំដោះប្រជាជនចិន បានបង្កើនការគំរាមកំហែងផ្នែកយោធា តាមរយៈការដាក់ពង្រាយយន្តហោះចម្បាំងធុនស្រាល JL-10 ដែលអាចពាំគ្រាប់មីស៊ីលចម្ងាយខ្លី ឱ្យធ្វើប្រតិបត្តិការស្ទាក់ចាប់ និងបណ្តេញយន្តហោះល្បាតរបស់ហ្វីលីពីន ចេញពីកោះ Scarborough Shoal នៃសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ដីកោះដ៏រសើបនេះ គឺជាតំបន់ថ្មប៉ះប្រះទឹកមួយស្ថិតនៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ និងជាចំណុចវិវាទភូមិសាស្រ្តនយោបាយដ៏ក្តៅគគុកមួយរវាងមហាយក្សចិន និងហ្វីលីពីន។

ចិនគ្រប់គ្រងកោះ Scarborough Shoal ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ខណៈដែលហ្វីលីពីននៅតែបន្តល្បាតទាំងផ្លូវសមុទ្រ និងផ្លូវអាកាស ដើម្បីប្រជែងទាមទារសិទ្ធិអធិបតេយ្យភាព។

បើតាម Interesting engineering, ថ្មីៗនេះទីបញ្ជាភូមិភាគខាងត្បូងរបស់ចិន បានប្រើប្រាស់យន្តហោះចម្បាំងហ្វឹកហ្វឺនធុន JL-10 ចំនួន ៣ គ្រឿង ដែលអាចពាំគ្រាប់មីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយខ្លី PL-5។

ប្រភពបញ្ជាក់ថា យន្តហោះចិនបានបើកប្រព័ន្ធអេឡិត្រូនិកស្វែងរក និងចាក់សោររ៉ាដាទៅលើយន្តហោះស៊ីវិល និងយន្តហោះល្បាតធុនតូចចំនួន ៣គ្រឿងរបស់ហ្វីលីពីន ដែលនៅក្បែរដែនទឹកមានជម្លោះ Scarborough Shoal។

សកម្មភាពចាក់សោររ៉ាដានេះ ត្រូវបានអ្នកជំនាញចាត់ទុកថា ជាការគំរាមកំហែងលំដាប់ខ្ពស់ ពីព្រោះវាជាជំហានចុងក្រោយ មុននឹងឈានដល់ការបាញ់មីស៊ីលពិត។

South China Morning Post រាយការណ៍ថា ការបញ្ចេញសាច់ដុំយោធានេះ ត្រូវបានគេមើលឃើញថា ជាការបោះជំហានថ្មីមួយរបស់មហាយក្សចិន ក្នុងការប្រើប្រាស់យុទ្ធសាស្រ្តយោធា ដែលមានតម្លៃធូរថ្លៃជាងមុន ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ខិតបង្ខំ និងគំរាមកំហែងដល់សន្តិសុខរបស់ហ្វីលីពីន។

យ៉ាងណា ការពង្រាយយន្តហោះចម្បាំងប្រភេទនេះ គឺដើម្បីឆ្លើយតបទៅនឹងល្បឿនហោះហើរយឺតៗរបស់យន្តហោះល្បាតហ្វីលីពីន ពីព្រោះប្រសិនបើចិនប្រើយន្តហោះចម្បាំងធុនធ្ងន់ និងទំនើប ដូចជា J-16 នោះនឹងពិបាកហោះហើរក្នុងល្បឿនយឺត ដេញតាមយន្តហោះល្បាតមានល្បឿនយឺតរបស់ហ្វីលីពីន។

ម្យ៉ាងវិញទៀត ប្រទេសចិនអាចសន្សំសំចៃថវិកាបានច្រើន ប្រសិនបើជម្លោះផ្ទុះឡើង ដោយសារតែយន្តហោះ JL-10 មានតម្លៃធូរថ្លៃជាង ពោលគឺពី ១០ ទៅ ១៥ លានដុល្លារក្នុងមួយគ្រឿងប៉ុណ្ណោះ បើធៀបនឹងយន្តហោះចម្បាំង J-16 ដែលមានតម្លៃប្រហែល ១០០លានដុល្លារក្នុងមួយគ្រឿង៕

ប្រភព ៖ Interesting engineering និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា