លោក Netanyahu ហៅ កាតា ជា “ប្រទេសសត្រូវ” របស់ អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ហៅ កាតា ជា “ប្រទេសសត្រូវ” របស់ អ៊ីស្រាអែល

លោក Netanyahu ហៅ កាតា ជា “ប្រទេសសត្រូវ” របស់ អ៊ីស្រាអែល

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅប្រទេសកាតាថាជា “ប្រទេសសត្រូវ” ហើយទីក្រុងដូហាក៏មិនមានឥទ្ធិពលអ្វីលើការសម្រេចចិត្តសំខាន់ៗរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សានោះទេ ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ i24NEWS, មេដឹកនាំអ៊ីស្រាអែលរូបនេះ ថែមទាំងបានការពារការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារទីក្រុងដូហា ប្រទេសកាតា កាលពីខែកញ្ញា ឆ្នាំ២០២៥ ផងដែរ ។

បើតាម Euronews, ការវាយប្រហារកាលនោះ បានកំណត់គោលដៅធ្វើឃាតមន្រ្តីជាន់ខ្ពស់ក្រុមហាម៉ាស ដែលកំពុងស្ថិតនៅកាតា និងចូលលរួមការចរចាឈប់បាញ់នៅហ្គាហ្សា ។ ជាលទ្ធផល មនុស្សចំនួន ៦នាក់ត្រូវបានសម្លាប់ រួមទាំងមន្រ្តីសន្តិសុខកាតាម្នាក់ផងដែរ ។

កាតាបានប្រកាសចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលនេះ ជាការរំលោភបំពានអធិបតេយ្យភាពរបស់ខ្លួន។ ប៉ុន្តែក្រោយមក លោក Netanyahu បានសុំទោសកាតា និងសន្យាថា អ៊ីស្រាអែលនឹងមិនធ្វើការវាយប្រហារបែបនេះម្តងទៀតនោះឡើយ ។

ក្រៅពីការពារការសម្រេចចិត្តវាយប្រហារកាតា, លោក Netanyahu ក៏បានការពារគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ពីកាតាទៅកាន់តំបន់ហ្គាហ្សា មុនការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានឆ្លើយតបការរិះគន់ធ្ងន់ៗនៅក្នុងស្រុកថា ថវិកាទាំងនោះ គឺសម្រាប់គោលបំណងមនុស្សធម៌ និងទទួលបានការណែនាំពីទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលផ្ទាល់។

បើតាម Aljazeera រាយការណ៍ថា ភាគីកាតាបានប្រកាសច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ថា ខ្លួនបានផ្តល់ហិរញ្ញប្បទានដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

កាតានិយាយថា ថវិកាជំនួយទាំងអស់ដែលចូលទៅកាន់តំបន់ហ្គាហ្សា គឺធ្វើឡើងតាមរយៈយន្តការតម្លាភាពបំផុត ដោយមានការដឹងលឺទាំងភាគីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីនតែប៉ុណ្ណោះ។

យ៉ាងណា អ្នកវិភាគមើលឃើញថា ការបង្កើនវោហាសាស្រ្តវាយប្រហារខ្លាំងៗរបស់លោក Netanyahu លើកាតានាពេលនេះ ធ្វើឡើងក្នុងគោលបំណងទាញការគាំទ្រពីអ្នកជាតិនិយម ចំពេលដែលអ៊ីស្រាអែលត្រូវត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសកលនៅចុងខែតុលា ឆ្នាំ២០២៦ខាងមុខ ៕

ប្រភព ៖ Euronews និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា