កូរ៉េខាងជើងប្រកាសពីនាវាពិឃាតថ្មី បំពាក់ប្រព័ន្ធឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងប្រកាសពីនាវាពិឃាតថ្មី បំពាក់ប្រព័ន្ធឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើងប្រកាសពីនាវាពិឃាតថ្មី បំពាក់ប្រព័ន្ធឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងអះអាងថា នាវាពិឃាតថ្មីនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយ នៅថ្ងៃចន្ទនេះ។

សរព័ត៌មាន KCNA បានរាយការណ៍ នៅថ្ងៃទី៧ ខែកញ្ញាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា នាវាពិឃាតថ្មីបំផុតរបស់ប្រទេសនេះ នឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ និងអាចធ្វើការវាយប្រហារសងសឹកក្នុងកម្រិតបំផ្លាញខ្ទេចខ្ទី។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះមិនបានបញ្ជាក់ថា តើនាវានេះនឹងផ្ទុកអាវុធនុយក្លេអ៊ែរដែរឬទេ។

បើតាម straitstimes, កូរ៉េខាងជើងបានពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន ខណៈដែលលោក គីម បន្តពង្រីកកម្លាំងយោធាដែលមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

នៅក្នុងពិធីដាក់ឱ្យដំណើរការនាវាថ្មី នៅទីក្រុងកំពង់ផែ Wonsan ភាគខាងកើតប្រទេស កាលពីថ្ងៃទី៦ ខែកញ្ញា លោក គីម បានថ្លែងថា ការដាក់ពង្រាយនាវាថ្មីនេះទៅកាន់ដែនសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ គឺជាសញ្ញាដ៏ច្បាស់លាស់មួយផ្ញើទៅកាន់គូប្រជែងរបស់កូរ៉េខាងជើង។

លោក គីម បានមានប្រសាសន៍ថា «វាដល់ពេលហើយដែលយើងត្រូវអនុវត្តអធិបតេយ្យភាពរបស់យើងទាំងនៅលើផ្ទៃសមុទ្រ និងនៅក្រោមផ្ទៃទឹក»។ លោកបញ្ជាក់ថា នាវាពិឃាតប្រភេទចំណុះ ៥,០០០ តោន ដែលមានឈ្មោះថា Kang Kon នេះ គឺជានាវាចម្បាំងទីពីរនៃប្រភេទនេះដែលត្រូវបានដាក់ឱ្យដំណើរការ បន្ទាប់ពីការដាក់ឱ្យដំណើរការនាវាពិឃាត Choe Hyon នៅឆ្នេរសមុទ្រភាគខាងលិចកាលពីប្រហែលបីខែមុន។

លោក គីម បានថ្លែងថា សមត្ថភាពអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹកកូរ៉េខាងជើងកំពុងមានការរីកចម្រើន ហើយប្រទេសនេះនឹងបន្តពង្រីកអ្វីដែលលោកហៅថា ជាធនធានយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន នៅក្នុងដែនទឹកសំខាន់ៗ ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្រ និងសន្តិសុខក្នុងតំបន់។ លោកបានបន្ថែមថា នាវា Kang Kon នឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធឆ្លើយតបដោយអាវុធនុយក្លេអ៊ែររបស់រដ្ឋកូរ៉េខាងជើង។

ទីភ្នាក់ងារ KCNA មិនបានបញ្ជាក់លម្អិតថា តើប្រព័ន្ធអាវុធប្រភេទណាខ្លះនឹងត្រូវដាក់ពង្រាយនៅលើនាវា Kang Kon នោះទេ ប៉ុន្តែ បានឱ្យដឹងថា វាក៏មានបំពាក់ប្រព័ន្ធអាវុធដូចគ្នាទៅនឹងនាវាថ្នាក់ Choe Hyon ដែរ។

សេចក្តីរាយការណ៍មុននេះរបស់ KCNA បានបញ្ជាក់ថា នាវាពិឃាតថ្នាក់ Choe Hyon អាចផ្ទុកអាវុធបានជាច្រើនប្រភេទ រួមទាំងមីស៊ីល ដែលអ្នកវិភាគយល់ថា មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។

ទីភ្នាក់ងារ KCNA បានរាយការណ៍ថា លោក គីម បានថ្លែងថា លោកនឹងបង្ហាញពីដំណាក់កាលមួយទៀតនៃការកសាងកម្លាំងទ័ពជើងទឹករបស់កូរ៉េខាងជើង ក្នុងរយៈពេល ៨ ខែទៀត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

លោក គីម ក៏លើកឡើងដែរថា ការសាងសង់មូលដ្ឋានទ័ពជើងទឹកនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើងកំពុងដំណើរការ ហើយប្រទេសនេះនឹងបង្កើតអង្គភាពទ័ពជើងទឹកថ្មីៗ ព្រមទាំង សាងសង់នាវាចម្បាំងប្រភេទផ្សេងៗទៀត៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា