អាមេរិកព្រមានពីបញ្ហាសុខភាពបន្ទាន់នៅគុយបា ក្រោយខ្លួនដាក់ទណ្ឌកម្មលើប្រទេសនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកព្រមានពីបញ្ហាសុខភាពបន្ទាន់នៅគុយបា ក្រោយខ្លួនដាក់ទណ្ឌកម្មលើប្រទេសនេះ

អាមេរិកព្រមានពីបញ្ហាសុខភាពបន្ទាន់នៅគុយបា ក្រោយខ្លួនដាក់ទណ្ឌកម្មលើប្រទេសនេះ

ហាឡាវ៉ាន ៖ ស្ថានទូតអាមេរិកបានចេញសេចក្តីជូនដំណឹងព្រមានពីហានិភ័យបន្ទាន់ផ្នែកសុខភាព សម្រាប់គុយបា ចំពេលមានការរាំងខ្ទប់ការផ្គត់ផ្គង់ប្រេង និង ការដាក់ទណ្ឌកម្ម ពីសំណាក់ពីទីក្រុងវ៉ាស៊ីនតោន លើប្រទេសមួយនេះ។

ការព្រមានរបស់សហរដ្ឋអាមេរិកនេះបានធ្វើឡើង នៅរយៈពេល ៩ ខែ បន្ទាប់ពីរដ្ឋបាលរបស់លោក Trump បានដាក់វិធានការរាំងខ្ទប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ទៅកាន់ប្រទេសជាកោះមួយនេះ ដែលបានរួមចំណែកធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការដាច់ចរន្តអគ្គិសនី និងបង្កការលំបាកដល់ការរក្សាទុកអាហារក្នុងទូរទឹកកក ក៏ដូចជា វិធានការអនាម័យនៅក្នុងលំនៅដ្ឋាន និងអាជីវកម្មនានា។

ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានចាត់ទុកការរាំងខ្ទប់ប្រេងឥន្ធនៈរបស់លោក Trump ថា ជាការរំលោភលើច្បាប់អន្តរជាតិ។ ក្រុមអ្នកជំនាញបាននិយាយថា «ផលវិបាកផ្នែកមនុស្សធម៌កំពុងវិវត្តទៅជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ ដែលគំរាមកំហែងដល់សិទ្ធិទទួលបានសុខភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ និងសិទ្ធិអភិវឌ្ឍន៍»។

បើតាម straitstimes , រដ្ឋបាលរបស់លោក Trump អះអាងថា ការដាក់ទណ្ឌកម្មគឺចាំបាច់ដើម្បីបង្ខំឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាល នៅលើកោះនេះ ដែលជាគោលដៅរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីបដិវត្តន៍របស់លោក Fidel Castro ក្នុងឆ្នាំ ១៩៥៩ មក។

លោក Trump បានចាត់ទុកប្រទេសគុយបាថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសគុយបាបានត្អូញត្អែរអំពីការរីករាលដាលនៃជំងឺនានា ដែលបង្កឱ្យមានអាការៈរាគរូស គ្រុនក្តៅ និងឈឺចាប់រាងកាយអស់រយៈពេលជាច្រើនថ្ងៃ ដែលធ្វើឱ្យមនុស្សជាច្រើនត្រូវសម្រាកព្យាបាលនៅលើគ្រែ។

រីឯ ការដាច់ចរន្តអគ្គិសនី ដែលអូសបន្លាយពេលជាច្រើនថ្ងៃ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់ប្រទេសនេះ ពោលគឺចំពេលដែលមានការរាំងខ្ទប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈពីសំណាក់សហរដ្ឋអាមេរិក។

សេចក្តីជូនដំណឹងផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែកញ្ញា បានណែនាំដល់អ្នកធ្វើដំណើរ និង ប្រជាពលរដ្ឋ នៅក្នុងប្រទេសគុយបាឱ្យប្រុងប្រយ័ត្នចំពោះអាហារ ដែលងាយខូចគុណភាព ព្រោះអាចនឹងមិនត្រូវបានរក្សាទុកក្នុងលក្ខខណ្ឌត្រឹមត្រូវ និងបានព្រមានកុំឱ្យទទួលទានអាហារដែលហាក់ដូចជាត្រូវបានទុកចោល ក្នុងសីតុណ្ហភាពធម្មតា អំឡុងរយៈពេលយូរ៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា