វៀតណាម និង មីយ៉ាន់ម៉ា ឯកភាពពង្រឹងទំនាក់ទំនងយោធាទ្វេភាគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម និង មីយ៉ាន់ម៉ា ឯកភាពពង្រឹងទំនាក់ទំនងយោធាទ្វេភាគី

វៀតណាម និង មីយ៉ាន់ម៉ា ឯកភាពពង្រឹងទំនាក់ទំនងយោធាទ្វេភាគី

ហាណូយ ៖ វៀតណាម និង មីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា បានឯកភាពពង្រឹងផ្នែកការពារជាតិ ដោយលើកកម្ពស់វិស័យនេះ ឱ្យក្លាយជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី។ ជាការព្រមព្រៀង ចំពេលដែល លោក To Lam បានទទួលស្វាគមន៍លោកប្រធានាធិបតី មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានអញ្ជើញទៅដល់ទីក្រុង ហាណូយ។

បើតាមសេចក្តីថ្លែងការណ៍, មេដឹកនាំទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយោធា, ការផ្លាស់ប្តូរទស្សនកិច្ចរវាងនាយទាហានវ័យក្មេង, ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ, ការឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំង បង្កើនការចែករំលែកព័ត៌មាន និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនានា។

មេដឹកនាំវៀតណាម លោក To Lam ត្រូវបានដកស្រង់សម្តីថា «វៀតណាមត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន លើការអភិវឌ្ឍជាតិ ការធានាសន្តិសុខសេដ្ឋកិច្ច និងការជំរុញកំណើនប្រកបដោយចីរភាព»។

ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យបុគ្គល ឬ អង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសម្ខាងទៀតឡើយ។

បើតាម straitstimes, លោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ជាលើកដំបូង ក្នុងនាមជាប្រធានាធិបតីមីយ៉ាន់ម៉ា។ ក្រៅពីយោធា, ភាគីទាំងពីរបាននិយាយថា នឹងពង្រឹងទំនុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត និងប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

វៀតណាម និងមីយ៉ាន់ម៉ា បានឯកភាពពង្រីកទំនាក់ទំនងសេដ្ឋកិច្ច,ពាណិជ្ជកម្ម និងការវិនិយោគ ដោយកំណត់បាននូវឱកាសនានា ក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់, ការកែច្នៃចំណីអាហារ ទូរគមនាគមន៍, បច្ចេកវិទ្យាព័ត៌មាន, ការផ្លាស់ប្តូរឌីជីថល, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ មេដឹកនាំទាំងពីរក៏បានសន្យាបង្កើនការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ាន និង អនុតំបន់មេគង្គ។

នៅថ្ងៃទី៤ ខែកញ្ញា លោក Min Aung Hlaing បានទៅទស្សនារោងចក្រផលិតរថយន្តអគ្គិសនី VinFast និង ក្រុមហ៊ុនទូរគមនាគមន៍ Viettel នៅភាគខាងជើងប្រទេសវៀតណាម ដែលបង្ហាញពីចំណាប់អារម្មណ៍របស់មីយ៉ាន់ម៉ា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យបច្ចេកវិទ្យា, ទូរគមនាគមន៍ និង ការអភិវឌ្ឍឧស្សាហកម្ម៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា