អាមេរិកវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ ខណៈមានការសងសឹកវិញយ៉ាងខ្លាំងក្លា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ ខណៈមានការសងសឹកវិញយ៉ាងខ្លាំងក្លា

អាមេរិកវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ ខណៈមានការសងសឹកវិញយ៉ាងខ្លាំងក្លា

បរទេស ៖ សហរដ្ឋអាមេរិកប្រកាសថា ខ្លួនបានបំផ្លាញនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៣ គ្រឿងកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារដោយមីស៊ីល មកលើនាវាចម្បាំងរបស់ខ្លួន ខណៈដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានអះអាងថា ពួកគេបានកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ទុកជាការឆ្លើយតបវិញ។

ការប៉ះទង្គិចគ្នានៅជុំចុងក្រោយនេះ ដែលបានចាប់ផ្តើមឡើងជាមួយនឹងការវាយប្រហាររបស់អាមេរិកកាលពីសប្តាហ៍មុន បានកើតឡើងចំពេលដែលមានភាពជាប់គាំង នៅក្នុងសង្គ្រាមរយៈពេល ៦ ខែមកនេះ។ អ៊ីរ៉ង់នៅតែបន្តគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបន្តដាក់សម្ពាធតាមរយៈការរារាំងកំពង់ផែរបស់អ៊ីរ៉ង់។

ក្រៅពីសកម្មភាពយោធា ដែលបានផ្ទុះឡើងវិញនេះ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងព្យាយាមធ្វើឱ្យសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ធ្លាក់ចុះដុនដាបផងដែរ ដោយបានប្រកាសដាក់ទណ្ឌកម្មលើស្ថាប័ននានាដែលមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះ ក្នុងគោលបំណងបង្ខំឱ្យពួកគេចុះចាញ់។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានឱ្យដឹង នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញាថា ខ្លួនបានកំណត់គោលដៅលើនាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ដោយចោទប្រកាន់កងកម្លាំងដ៏មានឥទ្ធិពលបំផុតរបស់យោធាអ៊ីរ៉ង់មួយនេះថា បានបាញ់ប្រហារមកលើនាវាចម្បាំងអាមេរិក ប៉ុន្តែមិនបានសម្រេច។

ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ហាក់ដូចជាមិនរាថយឡើយ ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ IRGC បានប្រកាសនៅពេលក្រោយមកទៀត នៅថ្ងៃសៅរ៍ដដែលថា កងកម្លាំងជើងទឹករបស់ខ្លួនបានកំណត់គោលដៅលើនាវាដឹកប្រេងចំនួន ៣ គ្រឿង ដែលធ្វើដំណើរតាមផ្លូវមិនមានការអនុញ្ញាតក្នុងច្រកសមុទ្រហ័រមូស និងនាវាចំនួន ៣ គ្រឿងទៀតដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកសម្លាប់កុមារ នៅក្នុងតំបន់ផ្សេងៗទៀត។

អ៊ីរ៉ង់ក៏បានប្រកាសព្រមាននាវាដទៃទៀត កុំឱ្យព្យាយាមធ្វើដំណើរឆ្លងកាត់តាមផ្លូវ ដែលមិនត្រូវបានអនុញ្ញាត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា