អាមេរិក ដាក់ពន្ធ ១០០% លើយន្តហោះដ្រូន ប្រឆាំងការក្តោបក្តាប់ទីផ្សារសកលរបស់ ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ដាក់ពន្ធ ១០០% លើយន្តហោះដ្រូន ប្រឆាំងការក្តោបក្តាប់ទីផ្សារសកលរបស់ ចិន

អាមេរិក ដាក់ពន្ធ ១០០% លើយន្តហោះដ្រូន ប្រឆាំងការក្តោបក្តាប់ទីផ្សារសកលរបស់ ចិន

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្តពន្ធនាំចូលរហូតដល់ ១០០% លើយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន និងគ្រឿងបន្លាស់មួយចំនួន ចាប់ពីថ្ងៃទី៣ ខែកញ្ញាតទៅ ខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្យាយាមរារាំងការក្តោបក្តាប់ទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ចិន ជាពិសេសក្រុមហ៊ុន DJI ។

វិធានការនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីខែ សីហា ដោយលើកឡើងពីការគំរាមកំហែងដល់សន្តិសុខជាតិ ដែលបណ្តាលមកពីការនាំចូលយន្តហោះដ្រូន និងគ្រឿងបន្លាស់ ។

បទបញ្ជាប្រតិបត្តិនេះ ក៏មានគោលបំណងជំរុញការផលិតយន្តហោះដ្រូន និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុករបស់សហរដ្ឋអាមេរិកផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនចិន DJI ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៦ បានកាន់កាប់ជាង ២ភាគ៣ នៃទីផ្សារយន្តហោះដ្រូនសកលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។

នៅក្រោមអត្រាពន្ធថ្មីនេះ យន្តហោះដ្រូនទម្ងន់លើស ២៥គីឡូក្រាម, ដ្រូនមានបំពាក់ប្រព័ន្ធថតកម្តៅ និងស្ថានីយ៍ចត ឬសាកល្បងយន្តហោះដ្រូន នឹងត្រូវជាប់ពន្ធ ១០០ភាគរយ ។ រីឯយន្តហោះដ្រូនមានទំហំតូចជាងនេះ នឹងត្រូវជាប់ពន្ធ ២៥ភាគរយ ។

ចំណែកគ្រឿងបន្លាស់មួយចំនួនដែលមិនមានភាពរសើបខ្លាំង ក៏នឹងត្រូវបង់ពន្ធផងដែរ ប៉ុន្តែវិធានការនេះ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខ ។

បើតាម Euronews, សង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ថា យន្តហោះដ្រូនបានក្លាយជាឧបករណ៍សំខាន់ សម្រាប់ការប្រយុទ្ធ ការឃ្លាំមើល និងការស៊ើបការណ៍ ។

យ៉ាងណា មន្ត្រីអាមេរិកព្រួយបារម្ភថា ការពឹងផ្អែកលើដ្រូន និងគ្រឿងបន្លាស់ដែលផលិតនៅប្រទេសចិន អាចធ្វើឱ្យកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក ប្រឈមមុខនឹងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ហានិភ័យចារកម្ម និងគុណវិបត្តិនៅសមរភូមិ ។

ជាការឆ្លើយតប ប្រទេសចិនបានសម្តែងការតវ៉ាយ៉ាងខ្លាំង ចំពោះវិធានការនេះ និងអំពាវនាវឱ្យអាមេរិកដកពន្ធនេះចេញវិញ ដោយបានព្រមានថា ការដាក់ពន្ធថ្មីនេះ នឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដ្រូនសកល និងធ្វើឱ្យបរិយាកាសប្រកួតប្រជែងក្នុងទីផ្សារដែលយុត្តិធម៌ ៕

ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា