លោក Putin អំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពអង្គការសហប្រជាជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Putin អំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពអង្គការសហប្រជាជាតិ

លោក Putin អំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពអង្គការសហប្រជាជាតិ

ប៊ីស្កេក ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវកាលពីថ្ងៃ អង្គារ ឱ្យមានការកែលម្អប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ និងសម្របស្ថាប័ននេះទៅនឹងការពិតដែលកំពុងផ្លាស់ប្តូរទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចពិភពលោក។

ថ្លែងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ (SCO) នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន មេដឹកនាំរុស្ស៊ីរូបនេះនិយាយថា ទោះបីជាការងាររបស់យូអិន មិនអាចធ្វើឱ្យប្រទេសទាំងអស់ពេញចិត្តក៏ដោយ ក៏ស្ថាប័នពិភពលោកមួយនេះ គួរតែបន្តដើរតួនាទីកណ្តាលក្នុងកិច្ចការពិភពលោក។

លោក ពូទីន បន្ថែមថា សក្តានុពលរបស់អង្គការសហប្រជាជាតិនៅមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញនៅឡើយទេ។

ដូច្នេះ ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពការងារ ពង្រីកតំណាងរបស់បណ្តាស្ថាប័នរបស់យូអិន ជាពិសេសក្រុមប្រឹក្សាសន្តិសុខយូអិន ដោយបញ្ចូលប្រទេសកាន់តែច្រើនពីប្រទេសលោកខាងត្បូង និងប្រទេសលោកខាងកើត ។

ប្រធានាធិបតីរុស្ស៊ីរូបនេះអះអាងថា ការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី និងមានយុត្តិធម៌ជាងមុន គឺជានិន្នាការដែលមិនអាចត្រឡប់ក្រោយបាន។ លោកថា ក្នុងបរិបទនេះ លោកបានចាត់ទុកតួនាទីរបស់យូអិន ក្នុងការបង្រួបបង្រួម និងជំរុញកិច្ចសហប្រតិបត្តិការ ពិតជាមានសារៈសំខាន់ជាពិសេស។

យ៉ាងណា លោកបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិត្រូវបន្តជាយន្តការសំខាន់ សម្រាប់សម្របសម្រួលផលប្រយោជន៍របស់ប្រទេសនានា ហើយធម្មនុញ្ញយូអិនក៏គួរតែបន្តជាប្រភពចម្បងនៃច្បាប់អន្តរជាតិ។

ទន្ទឹមគ្នា លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះបញ្ជាក់ថា ក្រៅពីយូអិន, ស្ថាប័នពហុភាគីក្នុងតំបន់ថ្មីៗ ដែលកំពុងរីកចម្រើន រួមមាននៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ក៏កំពុងចូលរួមបង្កើតស្ថាបត្យកម្មនៃពិភពលោកពហុប៉ូលផងដែរ។ លោកថា SCO គឺជាឧទាហរណ៍មួយនៃស្ថាប័នបែបនេះ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា