UN និង នេប៉ាល់ព្រមានពីការឡើងកម្ដៅផែនដីបន្ទាន់ ក្រោយបាក់ផ្ទាំងទឹកកកស្លាប់មនុស្សរាប់រយនាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN និង នេប៉ាល់ព្រមានពីការឡើងកម្ដៅផែនដីបន្ទាន់ ក្រោយបាក់ផ្ទាំងទឹកកកស្លាប់មនុស្សរាប់រយនាក់

UN និង នេប៉ាល់ព្រមានពីការឡើងកម្ដៅផែនដីបន្ទាន់ ក្រោយបាក់ផ្ទាំងទឹកកកស្លាប់មនុស្សរាប់រយនាក់

កដ្ឋមណ្ឌូ ៖ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ និង ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានព្រមានរួមគ្នា អំពីគ្រោះថ្នាក់អាកាសធាតុ ក្រោយពេលមានហេតុការណ៍បាក់ផ្ទាំងទឹកកក សម្លាប់មនុស្សរាប់រយនាក់។

រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shisir Khanal បានលើកឡើងថា បញ្ហាការប្រែប្រួលអាកាសធាតុទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ។

លោកបានបន្ថែមថា «យើងតែងតែលើកឡើងថា ប្រទេសនេប៉ាល់រួមចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតតិចជាង ឬប្រហែល ០,០១ ភាគរយប៉ុណ្ណោះ ប៉ុន្តែ ប្រជាជននេប៉ាល់គឺជាក្រុមមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងផលវិបាកនានាដែលកើតចេញពីបញ្ហានេះ ដូច្នេះ យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃតំបន់ជួរភ្នំហិម៉ាឡៃយ៉ា»។

ទន្ទឹមនឹងនេះ លោក Simon Steill ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដួលរលំនៃផ្ទាំងទឹកកក និងទឹកជំនន់ភ្លាមៗដែលកើតឡើងដោយមិនបានគ្រោងទុកនេះ គឺជាការរំលឹកដ៏គួរឱ្យរន្ធត់មួយអំពីភាពផុយស្រួយនៃប្រព័ន្ធអេកូឡូស៊ីនៅតំបន់ភ្នំទាំងនេះ»។

លោកបានបន្ថែមថា «យើងក៏ដឹងដែរថា ការឡើងកម្ដៅនៃអាកាសធាតុ ដែលបណ្តាលមកពីសកម្មភាពរបស់មនុស្សក្នុងការដុតធ្យូងថ្ម ប្រេង និងឧស្ម័នក្នុងបរិមាណដ៏ច្រើនមហាសាលនោះ កំពុងធ្វើឱ្យគ្រោះមហន្តរាយបែបនេះ និងគ្រោះមហន្តរាយជាច្រើនទៀតនៅជុំវិញពិភពលោក កាន់តែមានលទ្ធភាពកើតឡើងញឹកញាប់ និងមានកម្រិតធ្ងន់ធ្ងរជាងមុន ខណៈដែលសហគមន៍ងាយរងគ្រោះ តែងតែជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។

យោងតាមទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ USGS, គ្រោះមហន្តរាយដែលបានកើតឡើង កាលពីថ្ងៃពុធ សប្តាហ៍មុន បណ្តាលមកពីការបាក់ធ្លាក់ផ្ទាំងទឹកកក នៅតំបន់ព្រំដែនដែលមានរយៈកម្ពស់ខ្ពស់។

ការបាក់ធ្លាក់នេះបាននាំយកកម្ទេចកម្ទី និងដីភក់ហូរធ្លាក់ចុះមកផ្នែកខាងក្រោមយ៉ាងខ្លាំងក្លា បណ្តាលឱ្យមនុស្ស ៦៨២ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ និងជិត ៣,០០០ នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ធ្វើឡើង។

បើតាម AFP, ទោះបីជាមូលហេតុជាក់លាក់នៃការបាក់ធ្លាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែ ក្រុមអ្នកជំនាញបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យផ្ទាំងទឹកកក និងស្រទាប់ដីកកអចិន្ត្រៃយ៍ រលាយយ៉ាងឆាប់រហ័ស។ កត្តានេះធ្វើឱ្យជម្រាលភ្នំខ្វះស្ថិរភាព បង្កើនហានិភ័យនៃការបាក់ដី ទឹកជំនន់ និងគ្រោះមហន្តរាយធ្ងន់ធ្ងរដែលមិនអាចព្យាករណ៍បាន។

ផ្ទាំងទឹកកកនៅតំបន់ហិម៉ាឡៃយ៉ា គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាជនជិត ២ ពាន់លាននាក់ នៅក្នុងតំបន់អាស៊ី៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា