អ៊ីរ៉ង់ ជំរុញលោក Trump ជ្រើសរើសការសន្ទនា ជំនួសការបង្កភាពតានតឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ជំរុញលោក Trump ជ្រើសរើសការសន្ទនា ជំនួសការបង្កភាពតានតឹង

អ៊ីរ៉ង់ ជំរុញលោក Trump ជ្រើសរើសការសន្ទនា ជំនួសការបង្កភាពតានតឹង

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ប្រកាសជំរុញឱ្យមេដឹកនាំអាមេរិក លោក Donald Trump ចៀសវាងការបង្កើតភាពចលាចល ហើយងាកមករកការដោះស្រាយបញ្ហា តាមរយៈការសន្ទនា និងការអនុវត្តអនុស្សរណៈយោគយល់គ្នា (MoU) ។

បើតាម Anadolu, លោក Pezeshkian បានបញ្ជាក់ច្បាស់ៗថា អ៊ីរ៉ង់មិនចង់បានសង្គ្រាមទេ ប៉ុន្តែប្រទេសរបស់លោក នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពាន និងការវាយប្រហារទាំងអស់ ។ លោកសង្កត់ធ្ងន់ថា ប្រជាជន និងមន្ត្រី ក៏ដូចជាកងកម្លាំងយោធាអ៊ីរ៉ង់ នឹងមិនចុះចាញ់ចំពោះសម្ពាធ ឬការគំរាមកំហែងជាដាច់ខាត ។

ទន្ទឹមគ្នា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ចោទប្រកាន់អ៊ីស្រាអែលចំៗថា បានព្យាយាមបង្កើតការបំបែកបំបាក់ ក្នុងចំណោមប្រទេសកាន់សាសនាអ៊ីស្លាម ហើយបានអំពាវនាវឱ្យប្រទេសកាន់សាសនាអ៊ីស្លាមទាំងអស់ ពង្រឹងការរួបរួមគ្នា ដើម្បីទប់ស្កាត់ការប៉ុនប៉ងបែបនេះ ។

សូមរម្លឹកថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមដៃគ្នាបំផ្ទុះសង្គ្រាមប្រឆាំងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយជម្លោះទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ានេះ បានសម្លាប់ជីវិតមនុស្សច្រើនជាង ៣,០០០ នាក់ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរអ៊ីរ៉ង់ ។

មិនបង្អង់យូរ អ៊ីរ៉ង់បានបើកការវាយបកសងសឹកវិញភ្លាមៗ តាមរយៈការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនប្រឆាំងប្រទេសអ៊ីស្រាអែល ព្រមទាំងបណ្តាប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានមូលដ្ឋានយោធារបស់អាមេរិក ។

មកទល់ពេលនេះ ការចរចាបញ្ចប់សង្គ្រាមកំពុងជាប់គាំង ខណៈពេលដែលភាគីអាមេរិកផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ពីការវាយប្រហារយោធា មកជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ។

យ៉ាងណា ភាគីអ៊ីរ៉ង់ហាក់បង្ហាញជំហរថា ទីក្រុងតេហេរ៉ង់នៅតែបើកទ្វារសម្រាប់ការទូត និងការចរចា ប៉ុន្តែទាមទារឱ្យអាមេរិកអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាមុនសិន ដើម្បីបង្កើតទំនុកចិត្ត និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា