អ៊ីតាលី ត្រៀមបញ្ជូនសំណាញ់មេឃជំនាន់ចុងក្រោយទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីតាលី ត្រៀមបញ្ជូនសំណាញ់មេឃជំនាន់ចុងក្រោយទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

អ៊ីតាលី ត្រៀមបញ្ជូនសំណាញ់មេឃជំនាន់ចុងក្រោយទៅឱ្យ អ៊ុយក្រែន ដោយសម្ងាត់

រ៉ូម ៖ ប្រទេសអ៊ីតាលីមានផែនការបញ្ជូនសំណាញ់មេឃ SAMP/T ជំនាន់ចុងក្រោយបង្អស់ និងមីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាសថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែន នៅត្រឹមចុងឆ្នាំ២០២៦នេះ ដើម្បីទប់ទល់ការវាយប្រហារពីមីស៊ីលផ្លោងរបស់កងទ័ពរុស្ស៊ី ។

កាសែតអ៊ីតាលី La Repubblica បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធថា ការសម្រេចចិត្តនេះ ធ្វើឡើងជាការសម្ងាត់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីតាលីបានប្រកាសបង្វៀងថា អ៊ីតាលីគ្រាន់តែផ្ទេរម៉ាស៊ីនអគ្គិសនីស៊ីវិលទៅឱ្យអ៊ុយក្រែនប៉ុណ្ណោះ ។

បើតាម Kyiv independent, កញ្ចប់ជំនួយយោធានេះ ត្រូវបានរាយការណ៍ថា មានតម្លៃប្រហែល ៣ ពាន់ ៥០០ លានដុល្លារ និងជាកញ្ចប់ជំនួយយោធាលើកទី ១៣ របស់អ៊ីតាលីសម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ថវិកាតាមរយៈប្រាក់កម្ចីរបស់សហភាពអឺរ៉ុប ។

កញ្ចប់ជំនួយនេះមានប្រព័ន្ធខែលការពារដែនអាកាស SAMP/T ចំនួន ៤គ្រឿង, រ៉ាដាចម្ងាយឆ្ងាយចំនួន ៧ គ្រឿង និងគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃប្រភេទ Aster 30 មានល្បឿនលឿនជាងសំឡេង ៤.៥ដង ឬអាចវាយប្រហារគោលដៅក្នុងចម្ងាយ ៥ ពាន់គីឡូម៉ែត្រ ។

ប្រព័ន្ធខែលការពារដែនអាកាស SAMP/T ត្រូវបានផលិតរួមគ្នាដោយបារាំង និងអ៊ីតាលី ហើយវាមានសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងគ្រប់ប្រភេទ ។ ប្រទេសទាំងពីរធ្លាប់បានផ្តល់សំណាញ់មេឃ SAMP/T ជំនាន់មុនទៅឱ្យអ៊ុយក្រែនក្នុងឆ្នាំ ២០២៣ និងម្តងទៀតនៅឆ្នាំ ២០២៤ ។

ប៉ុន្តែសំណាញ់មេឃ SAMP/T ដែលអ៊ីតាលីនឹងផ្តល់ឱ្យអ៊ុយក្រែននៅត្រឹមចុងឆ្នាំក្រោយនេះ ត្រូវបានកែលម្អថ្មីក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងឆ្ងាយជាងមុន និងរ៉ាដាកាន់តែខ្លាំងជាងមុន បើធៀបនឹងម៉ូដែលចាស់ៗ ។

ក្រៅពីសំណាញ់មេឃ, ប្រទេសបារាំង និងអ៊ីតាលីក៏បានបើកដៃឱ្យអ៊ុយក្រែនអាចផលិតមីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Aster 30 N1BT ដោយខ្លួនឯងនៅក្នុងស្រុកផងដែរ ។

កញ្ចប់ជំនួយយោធាដ៏សើបដែលបានរាយការណ៍នេះ ត្រូវបានបែកធ្លាយចំពេលដែលទីក្រុងកៀវប្រឈមមុខនឹងកង្វះមីស៊ីលសំណាញ់មេឃយ៉ាងធ្ងន់ធ្ធរ ដែលធ្វើឱ្យខែកក្កដាឆ្នាំនេះ ក្លាយជាខែមានជនស៊ីវិលរងគ្រោះច្រើនបំផុតនៅទូទាំងប្រទេសអ៊ុយក្រែន ៕

ប្រភព ៖ Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា