អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីការពារសន្តិសុខប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីការពារសន្តិសុខប្រទេសខ្លួន

អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីការពារសន្តិសុខប្រទេសខ្លួន

ដាម៉ាស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃអង្គារ អំឡុងទស្សនកិច្ចដ៏កម្រមួយនៅស៊ីរី បានប្តេជ្ញារក្សាកងទ័ពបន្តមានវត្តមាន ក្នុងប្រទេសមួយនេះ ដរាបណានៅតែមាន អ្វីដែលលោកហៅថា «ការគំរាមកំហែង» ដល់សន្តិសុខរបស់ប្រទេសលោក។

យ៉ាងណា ទីក្រុងដាម៉ាស បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការចូលដោយខុសច្បាប់» របស់លោក Israel Katz ទៅក្នុងប្រទេសស៊ីរី។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅមួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើមូលដ្ឋាន Abu Duhur ដែលលែងប្រើប្រាស់ នៅភាគពាយព្យប្រទេសស៊ីរី ដោយអះអាងថា ខ្លួនចង់រារាំងកងទ័ពតួកគីមិនឱ្យដាក់ពង្រាយកម្លាំងនៅទីនោះ។ ទោះជាយ៉ាងណា ទីក្រុងអង់ការ៉ា បានបដិសេធថា ខ្លួនមិនបានទៅកាន់ទីតាំងនោះទេ។

នៅភាគខាងត្បូងប្រទេសស៊ីរី, កងកម្លាំងអ៊ីស្រាអែលបានឈរជើងនៅក្នុង «តំបន់សន្តិសុខ» ចាប់តាំងពីការដួលរលំនៃមេដឹកនាំដែលកាន់អំណាចយូរឆ្នាំគឺលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ ២០២៤។

ពួកគេបានកាន់កាប់តំបន់ ដែលពីមុន ជាតំបន់ទ្រនាប់ ស្ថិតក្រោមការល្បាតរបស់អង្គការសហប្រជាជាតិ ធ្លាប់បំបែកកងកម្លាំងអ៊ីស្រាអែល និងស៊ីរី នៅតំបន់ Golan ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ១៩៧៤ មក។

យោងតាមសេចក្តីថ្លែងការណ៍ជាវីដេអូពីការិយាល័យរបស់លោក Katz បានឱ្យដឹងថា លោកបានថ្លែងថា «មានសកម្មភាពប្រចាំថ្ងៃនៅទីនេះ ដើម្បីទប់ស្កាត់ការគំរាមកំហែង កម្ចាត់សំណល់នៃរបបចាស់ និងរារាំងការប្រមូលផ្តុំកម្លាំងដ៏គ្រោះថ្នាក់របស់របបថ្មី»។

លោកបានបន្ថែមថា «សារនេះក៏ច្បាស់លាស់សម្រាប់ប្រធានាធិបតីស៊ីរីផងដែរថា នៅពេលអ្នកភ្ញាក់ពីគេងនៅពេលព្រឹក ក្នុងវិមានរបស់អ្នក នៅទីក្រុងដាម៉ាស ហើយមើលទៅភ្នំ Hermon ឃើញកងទ័ពអ៊ីស្រាអែល IDF អ្នកនឹងដឹងថា ពួកយើងនៅទីនេះ ដើម្បីការពារសហគមន៍ និងព្រំដែនរបស់យើង»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា