អាមេរិក ប្រកាសឈប់ចាត់ទុក «បញ្ហាអាវុធនុយក្លេអ៊ែរ» ជាអាទិភាពចម្បង ក្នុងសង្គ្រាមអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ប្រកាសឈប់ចាត់ទុក «បញ្ហាអាវុធនុយក្លេអ៊ែរ» ជាអាទិភាពចម្បង ក្នុងសង្គ្រាមអ៊ីរ៉ង់

អាមេរិក ប្រកាសឈប់ចាត់ទុក «បញ្ហាអាវុធនុយក្លេអ៊ែរ» ជាអាទិភាពចម្បង ក្នុងសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន ប្រកាសឈប់ចាត់ទុក បញ្ហាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាអាទិភាពចម្បង ដែលត្រូវដោះស្រាយមុនគេ នៅក្នុងសង្គ្រាម ដូចកាលពីពេលមុនទៀតហើយ ដោយលោកបានគូសបញ្ជាក់ថា ការប្រឹងប្រែងបញ្ចុះតម្លៃប្រេង ទើបជាបញ្ហាសំខាន់បំផុត ដែលត្រូវដោះស្រាយជាបន្ទាន់។

Advertisement

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបានប្រាប់បណ្តាញព័ត៌មាន Fox News ថា ការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ ដែលធ្លាប់ជាហេតុផលចម្បងរបស់ប្រធានាធិបតី Donald Trump ក្នុងសង្គ្រាម ឥឡូវនេះ បានក្លាយជាបញ្ហាបន្ទាប់បន្សំវិញ បើធៀបនឹងការធ្វើឱ្យប្រេងអាចហូរបានដោយសេរីឡើងវិញ តាមរយៈច្រកសមុទ្រ Hormuz ។

លោក Vance រៀបរាប់ថា «គោលដៅទីមួយ គឺ រក្សាឱ្យតម្លៃប្រេង និងឧស្ម័ន ឲ្យមានកម្រិតទាប សម្រាប់ប្រជាជនអាមេរិក នៅទូទាំងប្រទេសរបស់យើង»។

បើតាម france24 , ការក្រឡាស់សម្តីពីសំណាក់អាមេរិកបែបនេះ កើតមានចំពេលដែលកម្រិតនៃការពេញចិត្តរបស់សាធារណជន ចំពោះប្រធានាធិបតីអាមេរិក វ័យ៨០ឆ្នាំ កំពុងធ្លាក់ចុះយ៉ាងគំហុក ខណៈដែលសង្គ្រាមនេះមិនទទួលបានការគាំទ្រពីប្រជាជនអាមេរិកឡើយ ហើយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ក៏ជិតមកដល់ផងដែរ។

គណបក្សសាធារណរដ្ឋ មានការព្រួយបារម្ភថា លោក Trump និង សង្គ្រាមអ៊ីរ៉ង់នេះហើយ ដែលជាដើមចម បណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ខ្លាំង ជាហេតុនាំឱ្យគណបក្សកាន់អំណាចមួយនេះ បាត់បង់ការគ្រប់គ្រងសភា។

ការប្រកាសឈប់ចាត់ទុក កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ជាអាទិភាពចម្បង នៅក្នុងសង្គ្រាម របស់អាមេរិក ក៏កើតមានឡើង ចំពេលដែលអ៊ីរ៉ង់បានដាក់ចេញនូវលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន រួមទាំង ការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ, បញ្ឈប់ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ , ការលុបចោលទណ្ឌកម្ម, ការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក និង ការផ្តល់សំណងចំពោះការខូចខាត ដែលបណ្តាលមកពីសង្គ្រាម។

លក្ខខណ្ឌទាំងនេះមានលក្ខណៈស្រដៀងគ្នា ទៅនឹងខ្លឹមសារនៃ MOU ដែលត្រូវបានសម្រេច កាលពីខែមិថុនា ប៉ុន្តែ បានបរាជ័យទៅវិញ នៅពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញ។ អនុស្សរណៈនោះរួមបញ្ចូលទាំងចំណុចស្តីពីការបង្កើតមូលនិធិស្តារឡើងវិញ សម្រាប់ប្រទេសអ៊ីរ៉ង់ ដែលមានទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារ ទៀតផង៕

ប្រភព france24, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា