លោក Netanyahu ផ្តើមធ្វើដំណើរទៅជួបលោក Trump លើកដំបូង តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ផ្តើមធ្វើដំណើរទៅជួបលោក Trump លើកដំបូង តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់

លោក Netanyahu ផ្តើមធ្វើដំណើរទៅជួបលោក Trump លើកដំបូង តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោកប្រធានាធិបតី Donald Trump នៅឯសេតវិមាន នាថ្ងៃអង្គារនេះ ខណៈដែលវាគឺជាជំនួបលើកដំបូង ចាប់តាំងពីមានសង្គ្រាមជាមួយអ៊ីរ៉ង់។

Advertisement

លោក Netanyahu បានមានប្រសាសន៍ មុនពេលចាកចេញពីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទថា «នេះគឺជាកិត្តិយសដ៏ធំធេង ប៉ុន្តែ ក៏ជាការទទួលខុសត្រូវដ៏ធំធេងផងដែរ»។

លោកបានបន្ថែមថា«យើងនឹងពិភាក្សាលើរាល់បញ្ហាទាំងអស់ ដែលមាននៅក្នុងរបៀបវារៈ ជាពិសេស គឺបញ្ហាអ៊ីរ៉ង់។ ជាការពិតណាស់ គោលដៅរបស់យើងគឺការពារសន្តិសុខរបស់យើង និងពង្រីកវិសាលភាពនៃសន្តិភាព នៅជុំវិញយើង»។

បើតាម AFP, ទំនាក់ទំនងរវាងលោក Netanyahu និងលោក Trump ហាក់ដូចជាមានភាពតានតឹងខ្លះៗ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ប៉ុន្តែ មេដឹកនាំទាំងពីរបានព្យាយាមកាត់បន្ថយភាពតានតឹងនោះ។

ជំនួបនៅថ្ងៃអង្គារនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហាសង្គ្រាម ដែលបានចាប់ផ្តើមឡើង ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនចង់ផ្តល់ឱកាសសម្រាប់ការចរចា។

អ៊ីស្រាអែលមិនបានចូលរួមក្នុងជុំចុងក្រោយនៃការប៉ះទង្គិចគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ ដែលបានផ្ទុះឡើងវិញ នៅដើមខែនេះ ពោលគឺបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីខែមេសា បានបរាជ័យ។

ជំនួបនៅថ្ងៃអង្គារនេះ នឹងក្លាយជាជំនួបលើកទី៨ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក Trump បានត្រឡប់មកកាន់តំណែងវិញ កាលពីឆ្នាំមុន ហើយក៏ជាជំនួបដោយផ្ទាល់លើកដំបូងរបស់ពួកលោកផងដែរ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា