កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ “រំសាយអាវុធនុយក្លេអ៊ែរ” បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ “រំសាយអាវុធនុយក្លេអ៊ែរ” បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ “រំសាយអាវុធនុយក្លេអ៊ែរ” បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ “លុបបំបាត់អាវុធនុយក្លេអ៊ែរ” ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត “គិតសន្តិភាពជាធំ” វិញ ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក ។ នេះបើតាម NBC News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ។

Advertisement

រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Chung Dong-young និយាយថា គោលនយោបាយ “លុបបំបាត់អាវុធនុយក្លេអ៊ែរជាធំ” អាចត្រូវបានលុបចោល ដើម្បីផ្តល់អាទិភាពដល់ការបញ្ឈប់សកម្មភាពបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើងជាដំបូង ។

លោក Chung អះអាងថា កូរ៉េខាងត្បូងកំពុងអភិវឌ្ឍយុទ្ធសាស្ត្រមួយ ដែលដំបូងឡើយ ស្វែងរកការបង្កកកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ លោកព្រមានថា ការពន្យារពេលតទៀត នឹងបើកដៃឱ្យទីក្រុងព្យុងយ៉ាងកាន់តែពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងរូបនេះសង្កត់ធ្ងន់ថា ការទាមទារឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរជាធំ បានរារាំងដល់ការចរចា នៅពេលដែលកិច្ចសន្ទនាផ្លូវការរវាងប្រទេសកូរ៉េទាំងពីរ ត្រូវបានផ្អាកអស់រយៈពេល ៧ ឆ្នាំមកហើយ ។

យ៉ាងណាមិញ ទោះបីជាមានការបន្ទន់ឥរិយាបថរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae-myung ដូចជាការផ្អាកការចាក់ឧបករណ៍បំពងសំឡេងតាមព្រំដែនក៏ដោយ ប៉ុន្តែកូរ៉េខាងជើងនៅតែមិនទាន់បង្ហាញចំណាប់អារម្មណ៍វិលត្រឡប់ទៅរកការចរចាវិញនៅឡើយនោះទេ ។

កូរ៉េខាងជើងនិយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍លើសំណើរបស់ទីក្រុងសេអ៊ូល ឬស្តារកិច្ចសន្ទនាឡើងវិញនោះឡើយ ហើយបានចោទប្រកាន់លោកប្រធានាធិបតី Lee Jae-myung ថា បានបន្តគោលនយោបាយប្រឈមមុខដាក់គ្នា ដោយរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។

កាលពីចុងឆ្នាំ២០២៣ មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ប្រកាសថា កូរ៉េទាំងពីរគឺជារដ្ឋសត្រូវ មិនមែនជាដៃគូដែលស្វែងរកការបង្រួបបង្រួមជាតិនាពេលអនាគតនោះទេ ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល, គិតត្រឹមឆ្នាំ២០២៦ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៦០ គ្រាប់ បើធៀបនឹងឆ្នាំមុនមានតែ ៥០ គ្រាប់ប៉ុណ្ណោះ ហើយទីក្រុងព្យុងយ៉ាងក៏មានសារធាតុហ្វីស៊ីលគ្រប់គ្រាន់ ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរកើនឡើងដល់ ៩០ គ្រាប់ផងដែរ ៕

ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា