កាសែតអាមេរិកផ្សាយថា វៀតណាមកំពុងរកវិធីសាស្រ្តទប់ទល់ឥទ្ធិពលចិននៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែតអាមេរិកផ្សាយថា វៀតណាមកំពុងរកវិធីសាស្រ្តទប់ទល់ឥទ្ធិពលចិននៅកម្ពុជា

កាសែតអាមេរិកផ្សាយថា វៀតណាមកំពុងរកវិធីសាស្រ្តទប់ទល់ឥទ្ធិពលចិននៅកម្ពុជា

ប្រទេសវៀតណាមកំពុងវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកោះ ហុនខៅ (Hon Khoai) ក្នុងខេត្តកាម៉ៅ ភាគខាងត្បូងបំផុតនៃប្រទេសនេះ ដើម្បីឆ្លើយតបចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់កាសែតអាមេរិក Bloomberg កាលពីថ្ងៃទី៦ កក្កដា នៅក្នុងអត្ថបទមួយ ដែលត្រូវបានចែកចាយបន្តដោយកាសែតអនឡាញជាច្រើន។

Advertisement

យោងតាមសារព័ត៌មាន Bloomberg វៀតណាមមានការបារម្ភជាពិសេសចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា បន្ទាប់ពីការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលទីក្រុងហាណូយយល់ថា អាចកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនលើកម្ពុជា។

ក្នុងការឆ្លើយតបជាយុទ្ធសាស្ត្រ វៀតណាមគ្រោងចំណាយ៤ពាន់លានដុល្លារ ដើម្បីសាងសង់កំពង់ផែ ដែលអាចប្រើប្រាស់បានទាំងផ្នែកស៊ីវិល និងយោធា រួមទាំងស្ពានតភ្ជាប់សមុទ្រប្រវែង ១៨គីឡូម៉ែត្រ និងបណ្តាញភស្តុភារភ្ជាប់តំបន់ដីសណ្ដទន្លេមេគង្គទៅកាន់ផ្លូវដឹកជញ្ជូនសមុទ្រអន្តរជាតិក្នុងឈូងសមុទ្រថៃ។

យោងតាម Bloomberg ដែលដកស្រង់សម្តីអ្នកវិភាគ កំពង់ផែនេះនឹងអាចទទួលនាវាពាណិជ្ជកម្ម និងនាវាយោធាខ្នាតធំ ដែលនឹងជួយពង្រឹងវត្តមានរបស់វៀតណាមក្នុងឈូងសមុទ្រថៃ និងបង្កើនសមត្ថភាពទប់ទល់ឥទ្ធិពលយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង។ បូករួមជាមួយមូលដ្ឋានកងទ័ពជើងទឹកនៅលើកោះភូគុក ឬកោះត្រល់ និងគម្រោងអាកាសយានដ្ឋានពហុបំណងនៅលើកោះថូជូ វៀតណាមនឹងបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធា និងពាណិជ្ជកម្មដ៏ធំមួយនៅលើដែនទឹកភាគនិរតីរបស់ខ្លួន។

លោកបណ្ឌិត ថុង ម៉េងដាវីដ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអន្តរជាតិ យល់ថា នេះមិនមែនជាការប្រឆាំងដោយផ្ទាល់ជាមួយកម្ពុជានោះទេ ប៉ុន្តែជាការឆ្លើយតបទៅនឹងអ្វីដែលគេមើលឃើញថាជាការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ាន។

តាមទស្សនៈរបស់លោកបណ្ឌិត ការព្រួយបារម្ភរបស់វៀតណាម គឺប្រាសចាកពីតថភាពជាក់ស្តែង និងគោលនយាបាយការបរទេសកម្ពុជា ដែលផ្តោតលើកិច្ចសហប្រតិបត្តិការ សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយផ្អែកលើច្បាប់អន្តរជាតិ។ កម្ពុជាតែងតែចូលរួមជាមួយប្រទេសជាមិត្តទាំងអស់ ជាពិសេសអាស៊ាន ក្រោមក្របខ័ណ្ឌតំបន់ និងពហុភាគីនិយម។

លោកបន្ថែមថា ការពង្រឹងមិត្តភាពជាមួយចិន គឺជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលកម្ពុជានៅតែបន្តរក្សាទំនាក់ទំនងល្អ យោគយល់ និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកជាមួយវៀតណាម ព្រមទាំងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន និងពិភពលោក។

ឆ្លើយតបនឹងការព្រួយបារម្ភនានា កម្ពុជាបានបញ្ជាក់ជាច្រើនដងហើយថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិ ថែរក្សាសន្តិសុខលំហរសមុទ្រ និងការពារធនធានធម្មជាតិរបស់កម្ពុជា ចំណែកព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញសេដ្ឋកិច្ចជាតិសុទ្ធសាធ៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា