ជប៉ុន រំអុក អាមេរិក ជួយឃាត់ ចិន និងរុស្ស៊ី កុំឲ្យប្រជែងផលិតអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន រំអុក អាមេរិក ជួយឃាត់ ចិន និងរុស្ស៊ី កុំឲ្យប្រជែងផលិតអាវុធនុយក្លេអ៊ែរ

ជប៉ុន រំអុក អាមេរិក ជួយឃាត់ ចិន និងរុស្ស៊ី កុំឲ្យប្រជែងផលិតអាវុធនុយក្លេអ៊ែរ

តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃពុធបានទទូចដល់សហរដ្ឋអាមេរិកឲ្យជួយចរចាជាមួយចិន និងរុស្ស៊ី កុំឲ្យបន្តប្រណាំងប្រជែងលើការផលិត អាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចៀសការរីកសាយភាយសព្វាវុធប្រល័យលោកទាំងនេះ ។

Advertisement

ការទទូចនេះបានធ្វើឡើង ចំពេលដែលមន្ត្រីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានជួបប្រជុំគ្នារយៈពេល ២ ថ្ងៃ ដើម្បីជជែកអំពីការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ។

បើតាម Anadolu, ភាគីជប៉ុនបានលើកទឹកចិត្តយ៉ាងខ្លាំង ដល់សហរដ្ឋអាមេរិកឲ្យបន្តកិច្ចចរចាជាយុទ្ធសាស្ត្រ កម្រិតពហុភាគី ដើម្បីជួយបញ្ចៀសការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ, ដោះស្រាយការព្រួយបារម្ភ អំពីការសាកល្បងនុយក្លេអ៊ែរ, កាត់បន្ថយហានិភ័យអាវុធប្រល័យលោក, ពង្រឹងតម្លាភាព រួមទាំង តាមរយៈកិច្ចសន្ទនា អំពីការគ្រប់គ្រងអាវុធដ៏គ្រោះថ្នាក់ជាសកលនេះ ជាមួយ ចិន និង រុស្ស៊ី ។

ភាគីទាំងពីរ អះអាងថា សកម្មភាពផលិតអាវុធនុយក្លេអ៊ែរ របស់ចិន មានកាន់តែច្រើនឡើងគួរឲ្យព្រួយបារម្ភខ្លាំង ហើយថែមទាំងចោទចំៗថា រុស្ស៊ី កំពុងស្វែងរកអាវុធបរមាណូ ពីកូរ៉េខាងជើង។

ជុំវិញបញ្ហាកូរ៉េខាងជើង, ភាគីទាំងពីរក៏បានចែករំលែក ការប្តេជ្ញាចិត្ត ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង របស់ទីក្រុងព្យុងយ៉ាង ផងដែរ ពោលគឺចំពេលដែល ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងចិន មួយនេះ ប្រកាសថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺ មិនអាចចរចាបាន និង រឹតតែ គ្មានថ្ងៃ បកត្រឡប់ក្រោយវិញ ជាដាច់ខាត។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ SIPRI, ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៦២០ គ្រាប់ ខណៈកូរ៉េខាងជើង អាចមានប្រហែល ៦០គ្រាប់ ព្រមទាំង មានសម្ភារគ្រប់គ្រាន់ដើម្បីផលិតបានយ៉ាងតិច ៣០ គ្រាប់បន្ថែមទៀត ។

យ៉ាងណា ខណៈដែល ជប៉ុន ចង់បង្អាក់អាវុធប្រល័យលោក របស់រុស្ស៊ី និង ចិន, អាមេរិក បានអះអាងឡើងវិញ នូវការប្តេជ្ញាចិត្ត ជួយចំពោះវិស័យការពារជាតិរបស់ជប៉ុន រួមទាំង លើអាវុធនុយក្លេអ៊ែរ ផងដែរ។

ក្នុងជំនួបនោះ, ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្ម និងសម្របខ្លួនទៅនឹងកងកម្លាំងនុយក្លេអ៊ែរ របស់ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជា គោលនយោបាយការពារជាតិរបស់ជប៉ុន ដោយយកលេសថា ការគំរាមកំហែងអាវុធប្រល័យលោកនៅក្នុងតំបន់កាន់តែឡើងកម្តៅខ្លាំងឡើងៗ ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា