តៃវ៉ាន់ បញ្ចេញនាវាល្បាតបំពាក់មីស៊ីលថ្មី ក្រោយជំនួបកំពូលរវាងអាមេរិក-ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តៃវ៉ាន់ បញ្ចេញនាវាល្បាតបំពាក់មីស៊ីលថ្មី ក្រោយជំនួបកំពូលរវាងអាមេរិក-ចិន

តៃវ៉ាន់ បញ្ចេញនាវាល្បាតបំពាក់មីស៊ីលថ្មី ក្រោយជំនួបកំពូលរវាងអាមេរិក-ចិន

តៃប៉ិ ៖ កងកម្លាំងល្បាតឆ្នេរសមុទ្ររបស់កោះតៃវ៉ាន់ ក្នុងថ្ងៃ សុក្រ នេះ បានសម្ញែងនាវាល្បាតថ្មី ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ក្នុងចំណោមនាវាថ្មីៗទាំង ១២ គ្រឿង ដែលរចនាឡើងយ៉ាងពិសេស អាចបំពាក់គ្រាប់មីស៊ីលបានក្នុងករណីមានសង្គ្រាម ។
 
ការបញ្ចេញសាច់ដុំយោធានេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានព្រមានធ្ងន់ៗដល់មេដឹកនាំអាមេរិក លោក Donald Trump ថា បញ្ហាកោះតៃវ៉ាន់ អាចរុញច្រានទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ឱ្យធ្លាក់ចូលក្នុងគ្រោះថ្នាក់ ឬឈានដល់ការប៉ះទង្គិចគ្នា ។
 
បើតាម Straits Times, ការបំពាក់អាវុធធុនធ្ងន់លើនាវាល្បាតឆ្នេររបស់តៃវ៉ាន់ បានបង្ហាញឱ្យឃើញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់កោះមួយនេះ ក្នុងការទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់ចិនដីគោក ដែលជាប្រទេសមហាយក្សនៅអាស៊ី ។
 
នាវាល្បាត Anping-class គឺជាប្រភេទនាវាល្បឿនលឿន និងមានសមត្ថភាពអាចគេចផុត ពីការតាមប្រមាញ់នៃប្រព័ន្ធរ៉ាដារបស់សត្រូវ ។ វាមានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារនាវាចម្បាំងធំៗទាំងឡាយណា ដែលហ៊ានធ្វើប្រតិបត្តិការនៅជិតឆ្នេរសមុទ្រតៃវ៉ាន់ ។ 
 
យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីកិច្ចការសមុទ្រតៃវ៉ាន់ លោកស្រី Kuan Bi-ling, សព្វថ្ងៃ កងកម្លាំងល្បាតឆ្នេរមិនមែនត្រឹមតែអនុវត្តច្បាប់សមុទ្រធម្មតាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានភារកិច្ចការពារអធិបតេយ្យភាពជាតិ និងទឹកដីមាតុភូមិផងដែរ ។
 
លោកស្រី Bi-ling ដែលមានវ័យ៦៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានភាពឈានដល់ការផ្ទុះអាវុធ នោះនាវាទាំងនេះ នឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធការពារជាតិភ្លាមៗ ដើម្បីក្លាយជាកម្លាំងដ៏សំខាន់នៅសមរភូមិសមុទ្រជួរមុខ ។
 
បច្ចុប្បន្ន កងកម្លាំងល្បាតឆ្នេរតៃវ៉ាន់ កំពុងស្ថិតនៅជួរមុខគេ ក្នុងការប្រឈមមុខនឹងយុទ្ធសាស្ត្រ «តំបន់ប្រផេះ» របស់ប្រទេសចិន ដែលតែងតែបញ្ជូននាវា និងយន្តហោះចម្បាំងមកក្បែរកោះតៃវ៉ាន់ជារៀងរាល់ថ្ងៃ ក្នុងគោលបំណងស្ទាបស្ទង់ និងធ្វើឱ្យកម្លាំងការពារជាតិរបស់តៃវ៉ាន់ចុះខ្សោយ ៕
 
ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា