លោក ពូទីន​ ប្រកាសត្រៀមខ្លួនរួចរាល់ ជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន​ ប្រកាសត្រៀមខ្លួនរួចរាល់ ជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន

លោក ពូទីន​ ប្រកាសត្រៀមខ្លួនរួចរាល់ ជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន


មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃ សៅរ៍ ប្រកាសថា រូបលោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងប្រទេសទីបីណាមួយ ប៉ុន្តែទាល់តែឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពដំណាក់កាលចុងក្រោយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជាង ៤ ឆ្នាំជាផ្លូវការប៉ុណ្ណោះ ។
 
លោកប្រធានាធិបតី Putin បានថ្លែងអះអាងយ៉ាងដូច្នេះថា រូបលោកបានឮម្តងទៀតថា លោកប្រធានាធិបតី Zelensky ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាទល់មុខគ្នាជាមួយលោក ហើយលោកមិនដែលបដិសេធចំពោះកិច្ចប្រជុំបែបនេះទេ ។
 
មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា វាអាចទៅរួច ក្នុងការជួបគ្នានៅក្នុងប្រទេសទីបីណាមួយ ប៉ុន្តែលុះត្រាតែឈានដល់ការចុះសន្ធិសញ្ញាសន្តិភាពជាផ្លូវការប៉ុណ្ណោះ ដោយលោកអះអាងថា កិច្ចព្រមព្រៀងបែបនេះ ត្រូវតែបង្កើតឡើង សម្រាប់ទស្សនៈប្រវត្តិសាស្ត្ររយៈពេលវែងឆ្ងាយ ។
 
យ៉ាងណា លោក Putin ដែលមានវ័យ៧៤ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា រូបលោកយល់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលនៅតែបន្តនេះ កំពុងបោះជំហានឈានឆ្ពោះទៅរកទីបញ្ចប់ហើយ ប៉ុន្តែលោកក៏បានចោទប្រកាន់អ្នកនយោបាយលោកខាងលិចផងដែរថា កំពុងព្យាយាមបង្កើនការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ។
 
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី ៥ ហើយ ។ យោងតាមរបាយការណ៍ពីវិទ្យាស្ថានសិក្សាសង្គ្រាម ហៅកាត់ (ISW) (https://understandingwar.org/research/russia-ukraine/russian-offensive-campaign-assessment-may-8-2026/), ឆ្នាំនេះ កងទ័ពរុស្ស៊ីហាក់ចុះខ្សោយជាងឆ្នាំ២០២៥ ដោយកាលពីខែមេសាកន្លងទៅ រុស្ស៊ីបានបាត់បង់ទឹកដីគ្រប់គ្រងប្រហែល ១១៦ គីឡូម៉ែត្រការ៉េ ដែលនេះជាការបាត់បង់ទឹកដីលើកដំបូង ចាប់តាំងពីអ៊ុយក្រែនវាយសម្រុកចូលតំបន់ Kursk កាលពីខែសីហា ឆ្នាំ២០២៤ ។
 
បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, ចំនួនអ្នកស្លាប់ និងរបួសសរុបរបស់ភាគីជម្លោះទាំងពីរ ទំនងជាឈានដល់ ២ លាននាក់ គិតមកទល់ឆ្នាំ ២០២៦ នេះ ។ ក្នុងនោះ កងទ័ពរុស្ស៊ីត្រូវបានប៉ាន់ស្មានថា មានចំនួនរបួស និងស្លាប់ជិត ១ លាននាក់ រីឯអ៊ុយក្រែនវិញ មានចន្លោះពី ២៥០,០០០ ទៅ ៣០០,០០០ នាក់ ៕
 
ប្រភព ៖ The Straits Times និង CSIS ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា