ឥណ្ឌូណេស៊ី និងជប៉ុន ពង្រឹងទំនាក់ទំនងការពារជាតិ ចំពេលក្រុងតូក្យូ លក់អាវុធពិឃាតធុនធ្ងន់ជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ី និងជប៉ុន ពង្រឹងទំនាក់ទំនងការពារជាតិ ចំពេលក្រុងតូក្យូ លក់អាវុធពិឃាតធុនធ្ងន់ជាថ្មី

ឥណ្ឌូណេស៊ី និងជប៉ុន ពង្រឹងទំនាក់ទំនងការពារជាតិ ចំពេលក្រុងតូក្យូ លក់អាវុធពិឃាតធុនធ្ងន់ជាថ្មី

ហ្សាកាតា ៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី និង ជប៉ុន នាថ្ងៃច័ន្ទនេះ បានជួបប្រជុំគ្នា នៅក្នុងទីក្រុងហ្សាកាតា ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ពោលគឺ បន្ទាប់ពីទីក្រុងតូក្យូ ទើបតែសម្រេច កាលពីខែមុន អនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន នាំចេញអាវុធពិឃាតធុនធ្ងន់ ទៅក្រៅប្រទេស ឡើងវិញ។

Advertisement

លោក Sjafrie Sjamsoeddin រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បាននិយាយថា លោកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយសមភាគីជប៉ុន លោក Shinjiro Koizumi ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានចែករំលែកជាសាធារណៈ ក៏ដោយ។

ក្រសួងការពារជាតិជប៉ុន បានប្រកាស នៅថ្ងៃចន្ទ ទី៤ ខែឧសភានេះ ដែរ ថា លោក Shinjiro Koizumi នឹងស្វែងរកការជំរុញ ការផ្លាស់ប្តូរនៅក្នុងផ្នែក ឧបករណ៍ការពារជាតិ និង បច្ចេកវិទ្យា។ រដ្ឋមន្ត្រីការពារជាតិជប៉ុន រូបនេះ បាននិយាយថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយប្រទេសឥណ្ឌូនេស៊ី នឹងធ្វើឱ្យមានការរួមចំណែកដល់សន្តិភាព និងស្ថិរភាព សម្រាប់តំបន់ទាំងមូល ចំពេល ដែលស្ថានភាពអន្តរជាតិ កាន់តែស្មុគស្មាញ និងតានតឹង។

បើតាម CNA, ការពង្រឹងទំនាក់ទំនងការពារជាតិនេះ បានធ្វើឡើង បន្ទាប់ពី ទីក្រុង តូក្យូ បានបន្ធូរបន្ថយ ការទប់ស្កាត់ រយៈពេលជាច្រើនទសវត្សរ៍ លើការនាំចេញអាវុធ ដោយអនុញ្ញាតឱ្យមានការលក់អាវុធដ៍សាហាវ ទៅឱ្យរដ្ឋណាមួយ ក្នុងចំណោម ១៧ ប្រទេស ដែលជប៉ុនមានកិច្ចព្រមព្រៀង ការពារជាតិ ជាមួយ។

ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Prabowo Subianto ដែលជាអតីតឧត្តមសេនីយ៏ បាននឹងកំពុងជំរុញឱ្យធ្វើទំនើបកម្មទ្រព្យសម្បត្តិយោធា របស់ប្រទេស ចាប់តាំងពីលោកបានចូលកាន់តំណែង កាលពីឆ្នាំ២០២៤៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា