អ៊ីរ៉ង់ ថា នឹងត្រួតត្រាច្រក Hormuz ជារៀងរហូត ទោះបីសង្គ្រាមចប់ក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា នឹងត្រួតត្រាច្រក Hormuz ជារៀងរហូត ទោះបីសង្គ្រាមចប់ក៏ដោយ

អ៊ីរ៉ង់ ថា នឹងត្រួតត្រាច្រក Hormuz ជារៀងរហូត ទោះបីសង្គ្រាមចប់ក៏ដោយ

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ អះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា ខ្លួននឹងបន្តត្រួតត្រា ច្រកសមុទ្រ Hormuz ជារៀងរហូត បើទោះបីជា សង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ត្រូវបិទបញ្ចប់ ក៏ដោយ ។

Advertisement

លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកផ្នែកច្បាប់ និង កិច្ចការអន្តរជាតិ បានលើកហេតុផលថា ការកាន់កាប់បែបនេះ គឺស្ថិតក្នុងគោលបំណងជួយសម្រួល និង ធានាបាននូវការឆ្លងកាត់ ប្រកបដោយសុវត្ថិភាព ព្រមទាំង ដើម្បីផ្តល់នូវសេវាកម្ម កាន់តែប្រសើរឡើង ដល់កប៉ាល់ ដែលឆ្លងកាត់ផ្លូវទឹកមួយនេះ ។

លោកអះអាងថា ទីក្រុងតេហេរ៉ង់ កំពុងរៀបចំពិធីសារ ក្រសោបយកច្រក Hormuz មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយសហការ ជាមួយនឹងប្រទេសអូម៉ង់ ។

បើតាម The New York Times, ការទាមទារកាន់កាប់ របស់អ៊ីរ៉ង់យ៉ាងដូច្នេះ ធ្វើឡើង ចំពេលដែល សាធារណរដ្ឋឥស្លាម មួយនេះ កំពុងរៀបចំផែនការ គិតថ្លៃសេវា ចំពោះកប៉ាល់ដែលឆ្លងកាត់ ផ្លូវទឹក ដែលដឹកញ្ជូន មួយភាគប្រាំ នៃ ប្រេង និង ឧស្ម័នធម្មជាតិ របស់ពិភពលោក មួយនេះ ។

យ៉ាងណា រដ្ឋាភិបាលអាមេរិក ទទូច ថា អ៊ីរ៉ង់ គ្មានសិទ្ធិស្របច្បាប់ ក្នុងការគ្រប់គ្រងច្រកសមុទ្រណាមួយ ដែលជាទូទៅ ត្រូវបានចាត់ទុក ជាផ្លូវទឹកអន្តរជាតិនោះទេ ។

ស្ថិតក្រោមច្បាប់អន្តរជាតិ របស់អង្គការសហប្រជាជាតិ, ច្រកមួយនេះ បើកចំហ សម្រាប់ការដឹកជញ្ជូនអន្តរជាតិ ដោយគ្មានការរារាំង បើទោះបីជាស្ថិតនៅកៀកនឹងប្រទេស អ៊ីរ៉ង់ និង អូម៉ង់ ដែលមានប្រៀបគ្រប់គ្រង ក៏ដោយ ។

ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធារបស់អាមេរិក និង អ៊ីស្រាអែល មក, អ៊ីរ៉ង់បានបិទចរាចរណ៍ភាគច្រើន ដែលឆ្លងកាត់ច្រកសមុទ្រ ស្ថិតនៅឆ្នេរ ភាគខាងត្បូងរបស់ខ្លួន មួយនេះ ជាហេតុ ជំរុញឱ្យតម្លៃប្រេងឥន្ធនៈ កើនឡើង ទូទាំងពិភពលោក ខណៈដែល នាវាមួយចំនួន ដែលគឃ្លើន មិនស្តាប់តាមការណែនាំ ត្រូវបាន អ៊ីរ៉ង់ វាយប្រហារ ។

យ៉ាងណា ទីក្រុងតេហេរ៉ង់ អះអាងថា នាវារបស់បណ្តាប្រទេសជាមិត្ត អាចឆ្លងកាត់បាន ឬ កប៉ាល់ដឹកទំនិញ របស់ប្រទេសផ្សេងៗទៀត ឲ្យតែទទួលបានការអនុញ្ញាត ពីប្រទេសអ៊ីរ៉ង់ ។

ឆ្លើយតបនឹងរឿងនេះ, សហរដ្ឋអាមេរិក, អឺរ៉ុប និងផ្នែកខ្លះ នៃតំបន់អាស៊ី បានពិភាក្សា អំពីការឲ្យមាននាវាចម្បាំង អមដំណើរការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម តាមច្រកសមុទ្រមួយនេះ ប៉ុន្តែ ពួកគេមិនបានយល់ព្រម លើការរៀបចំ ណាមួយច្បាស់លាស់ នៅឡើយនោះទេ ៕

ប្រភពពី The New York Times, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា