អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរ បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅប៉ារីស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរ បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅប៉ារីស

អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរ បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅប៉ារីស

ផលិតផលលេចធ្លោរបស់ខ្មែរ ជាពិសេស អង្ករ ស្វាយចន្ទី ម្រេច និងកាហ្វេ បានបង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅទក្រុងប៉ារីស ប្រទេសបារាំង។ ពន្លាជាតិកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមទស្សនា។

កម្ពុជារំពឹងថា នឹងអាចទាក់ទាញបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មីនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិក្រុងប៉ារីស (SIAL Paris) ឆ្នាំ ២០២៦ ។

កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តាលសម្រេច និងផលិតផលជាច្រើនទៀតត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនោះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម កៅ ថាច ព្រមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលានិងមានប្រមាណ ៨០០០ក្រុមហ៊ុនមកពី ១៣០ ប្រទេសចូលរួម ។

ឯកឧត្តម កៅ ថាច មានប្រសាសន៍ថា ដោយសារកសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជាឱកាសដែលអាចឱ្យក្រុមហ៊ុននិងសហគ្រាសខ្មែរ បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត។ លោកសង្កេតឃើញថា អ្នកចូលរួមក្នុងពិពណ៌មានការចាប់អារម្មណ៍ច្រើនលើផលិតផលរបស់ខ្មែរ។

នៅសាលតាំងបង្ហាញ ឬពន្លាជាតិកម្ពុជាមានតាំងផលិតផលកសិ-កែច្នៃ ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើប ប្រព័ន្ធតាមដាន និងចីរភាពនៃផលិតកម្ម។

ពន្លាជាតិកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលដៅលើកកម្ពស់វត្តមាន និងកិត្យានុភាពរបស់កម្ពុជា ជំរុញការនាំចេញ ព្រមទាំងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាមជាដៃគូផ្គត់ផ្គង់ដ៏មានទំនុកចិត្តនៅលើទីផ្សារអន្តរជាតិ។

ពិធីបើកសម្ពោធជាផ្លូវការ «ពន្លាជាតិកម្ពុជា» ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់លោកជំទាវរដ្ឋមន្ត្រី ចម និម្មល និងមានការអញ្ជើញចូលរួមពីឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ពិព័រណ៍ម្ហូបអាហារអន្តរជាតិក្រុងប៉ារីស ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៤ ហើយបានវិវត្តខ្លួនទៅជាពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ និងភេសជ្ជៈដ៏ធំបំផុតនៅលើពិភពលោក និងជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិតផ្នែកម្ហូបអាហារសកល។ នៅក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីក្រុមហ៊ុនតាំងបង្ហាញជិត ៨ ០០០ ក្រុមហ៊ុន មកពី ១៣០ ប្រទេស។

នេះជាលើកទីបីហើយ ដែលកម្ពុជាចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារមួយនេះ បន្ទាប់ពីបានចូលរួមលើកទីមួយនៅឆ្នាំ ២០១៤ និងលើកទីពីរនៅឆ្នាំ ២០២៤៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា