តម្លៃស្បៀងពិភពលោក កើនឡើងខ្ពស់បំផុត ក្នុងរយៈពេលជិត ៤ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃស្បៀងពិភពលោក កើនឡើងខ្ពស់បំផុត ក្នុងរយៈពេលជិត ៤ឆ្នាំ

តម្លៃស្បៀងពិភពលោក កើនឡើងខ្ពស់បំផុត ក្នុងរយៈពេលជិត ៤ឆ្នាំ

បរទេស ៖ អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ FAO របស់អង្គការសហប្រជាជាតិបង្ហាញថា តម្លៃស្បៀងអាហារពិភពលោក កាលពីខែកញ្ញា បានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារការរំខានដល់ប្រព័ន្ធដឹកជញ្ជូន និងកង្វល់អំពីអាកាសធាតុ ដែលបានជះឥទ្ធិពលដល់ទីផ្សារដំណាំ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃសុក្រ, អង្គការ FAO បានលើកឡើងពី បាតុភូតអាកាសធាតុ El Nino ដ៏ធ្ងន់ធ្ងរ ដែលបានរុញច្រានតម្លៃស្ករអន្តរជាតិ ឱ្យឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ១៨ ខែ ខណៈដែលការដួលរលំនៃពាណិជ្ជកម្មនៅតំបន់សមុទ្រខ្មៅ ដែលបណ្តាលមកពីសង្គ្រាម បានធ្វើឱ្យតម្លៃស្រូវសាលីនាពេលអនាគត កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣ ឆ្នាំ កាលពីដើមខែមុន។

សន្ទស្សន៍តម្លៃស្បៀងអាហាររបស់ FAO ដែលតាមដានការផ្លាស់ប្តូរប្រចាំខែនៃតម្លៃអន្តរជាតិសម្រាប់ក្រុមទំនិញស្បៀងអាហារ បានកត់ត្រាកម្រិតមធ្យម ១៣៦,០ ពិន្ទុ ដែលកើនឡើងពីកម្រិត ១៣៤,០ បន្ទាប់ពីការកែសម្រួល ក្នុងខែសីហា ហើយនេះគឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។

តម្លៃគោលរបស់ FAO សម្រាប់ធញ្ញជាតិ ស្ករ និងប្រេងបន្លែសុទ្ធតែបានកើនឡើងកាលពីខែមុន ទោះបីជាតម្លៃសាច់ និងផលិតផលទឹកដោះគោមានការធ្លាក់ចុះក៏ដោយ។

លោក Maximo Torero ប្រធានសេដ្ឋវិទូរបស់ FAO បានមានប្រសាសន៍ថា «យើងកំពុងឃើញការកើនឡើងជាបន្តបន្ទាប់ និងកាន់តែទូលំទូលាយនៃតម្លៃទំនិញសកល ដោយសារការរំខាននៅច្រកសមុទ្រ Hormuz និងតំបន់សមុទ្រខ្មៅ រួមផ្សំជាមួយនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីអាកាសធាតុ បានដាក់សម្ពាធលើថាមពល ការដឹកជញ្ជូន និងទំនិញស្បៀងអាហារសំខាន់ៗ»។

លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រសិនបើសម្ពាធទាំងនេះនៅតែបន្ត វានឹងជះឥទ្ធិពលដល់តម្លៃស្បៀងអាហារសម្រាប់អ្នកប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ជាពិសេសនៅក្នុងប្រទេសដែលពឹងផ្អែកលើការនាំចូលស្បៀងអាហារ និងថាមពល»។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ, FAO បានរក្សាការព្យាករណ៍របស់ខ្លួន ស្ទើរតែមិនផ្លាស់ប្តូរសម្រាប់ការផលិតធញ្ញជាតិសកល នៅឆ្នាំ២០២៦ ដោយស្ថិតនៅកម្រិត ២,៩៧៩ ពាន់លានតោនម៉ែត្រ ដែលទាបជាងកម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ២,១% ប៉ុន្តែ នៅតែជាទិន្នផលប្រមូលផលធំជាងគេទីពីរដែលធ្លាប់បានកត់ត្រា។

បើតាម reuters, អង្គការ FAO ក៏បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់ការជួញដូរធញ្ញជាតិពិភពលោក នៅឆ្នាំ ២០២៦/២៧ ចំនួន ០,៧% បើធៀបនឹងខែកញ្ញា ដោយលើកឡើងពីការរំពឹងទុកនៃការនាំចេញស្រូវសាលី និងពោតទាបជាងមុន ដែលភាគច្រើនបណ្តាលមកពីការរឹតត្បិតលើផ្លូវដឹកជញ្ជូនតាមសមុទ្រខ្មៅ៕

ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា