រៀនអត់ទោសឱ្យខ្លួនឯង ព្រោះពេលខ្លះមនុស្សដែលអ្នកពិបាកនឹងអត់ទោសឱ្យបំផុត គឺរូបអ្នកខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រៀនអត់ទោសឱ្យខ្លួនឯង ព្រោះពេលខ្លះមនុស្សដែលអ្នកពិបាកនឹងអត់ទោសឱ្យបំផុត គឺរូបអ្នកខ្លួនឯង

រៀនអត់ទោសឱ្យខ្លួនឯង ព្រោះពេលខ្លះមនុស្សដែលអ្នកពិបាកនឹងអត់ទោសឱ្យបំផុត គឺរូបអ្នកខ្លួនឯង

ពេលខ្លះ មនុស្សដែលអ្នកពិបាកនឹងអត់ទោសឱ្យបំផុត គឺរូបអ្នកខ្លួនឯង។ អ្នកនៅតែអាចនឹកដល់អតីតកាល និងចោទសួរខ្លួនឯងម្ដងហើយម្ដងទៀតថា “ហេតុអ្វីបានជាអ្នកមិនពូកែជាងនេះ?” “ហេតុអ្វីបានជាអ្នកព្រមឱ្យរឿងនោះកើតឡើង?” ឬក៏ “ប្រសិនបើជ្រើសរើសផ្លូវមួយទៀត តើជីវិតនឹងប្រសើរជាងនេះដែរឬទេ?”

សំណួរទាំងនេះមិនធ្លាប់នាំអ្នកឱ្យត្រឡប់ទៅកែប្រែអតីតកាលបានឡើយ ក៏ប៉ុន្តែវាមានតែធ្វើឱ្យខ្លួនអ្នកក្នុងពេលបច្ចុប្បន្នត្រូវកង្វល់ចិត្តនឹងរឿងដែលបានកើតឡើងទៅហើយឥតឈប់ឈរ។

ការអត់ទោសឱ្យខ្លួនឯង មិនមែនជាការបំភ្លេចនូវអ្វីដែលបានកើតឡើង មិនមែនជាការរកលេសដើម្បីកែប្រែកំហុស ហើយក៏មិនមានន័យថា អ្នកបដិសេធទំនួលខុសត្រូវដែរ។ ប៉ុន្តែវាគឺជាការសម្លឹងមើលរឿងទាំងនោះតាមការពិត ទទួលស្គាល់នូវអ្វីដែលខ្លួនអ្នកធ្វើមិនបានល្អ ព្រមរៀនសូត្រ កែតម្រូវ និងមិនបណ្តោយឱ្យកំហុសឆ្គងត្រឹមតែមួយដង ក្លាយជាពាក្យកាត់សេចក្តីនៃតម្លៃជីវិតរបស់អ្នក។

រវាងប្រយោគ “ខ្ញុំធ្លាប់សម្រេចចិត្តខុស” និង “ខ្ញុំជាមនុស្សបរាជ័យ” មានអត្ថន័យខុសគ្នាឆ្ងាយណាស់។ ប្រយោគទី ១ បានបង្ហាញថា អ្នកទទួលស្គាល់ពីកំហុស ហើយចេះបើកចិត្តរៀនសូត្រ និងផ្លាស់ប្ដូរទៅកាន់ភាពប្រសើរជាងមុន។ ចំណែកឯប្រយោគទី ២ ស្ដែងថា អ្នកបានចុះចាញ់នឹងជីវិត ហើយជឿជាក់ថាខ្លួនឯងគ្មានតម្លៃគ្រប់គ្រាន់ ដើម្បីទទួលបានឱកាសថ្មី ទំនាក់ទំនងល្អ ឬសូម្បីតែសុភមង្គលក្នុងជីវិត។

អាស្រ័យហេតុនេះ ទើបការស្គាល់ពីផ្នត់គំនិត Self-Compassion ឬការមានចិត្តមេត្តាចំពោះខ្លួនឯង ជារឿងមួយដ៏សំខាន់។ អ្នកចិត្តសាស្ត្រ Kristin Neff បានណែនាំឱ្យអ្នកស្គាល់នូវសមាសធាតុសំខាន់ចំនួន ៣ ក្នុងការមើលថែខ្លួនឯង ដែលមានដូចជា៖

១. ការមានចិត្តមេត្តាចំពោះខ្លួនឯង

២. ការយល់ដឹងថា កំហុសឆ្គងគឺជាផ្នែកមួយនៃភាពជាមនុស្ស

៣. ការទទួលដឹងពីការឈឺចាប់យ៉ាងមានស្មារតី ដោយមិនដាក់សម្ពាធ ឬពង្រីកវាឱ្យកាន់តែធំរហូតលេបត្របាក់ជីវិតអ្នកទាំងមូល។

ការមានចិត្តមេត្តាចំពោះខ្លួនឯងមិនមែនជាភាពទន់ខ្សោយឡើយ ប៉ុន្តែវាគឺជាការបង្កើតកន្លែងមួយដែលមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីឱ្យអ្នកក្លាហានក្នុងការមើលឃើញការពិត និងផ្លាស់ប្តូរខ្លួនឯង។

ដូចគ្នាដែរ អ្នកមិនចាំបាច់បង្ខំឱ្យខ្លួនឯងមើលឃើញថា គ្រប់ស្នាមរបួស និងគ្រប់បញ្ហាក្នុងអតីតកាល សុទ្ធសឹងតែជា “រឿងល្អ” ឬសុទ្ធសឹងតែជា “មេរៀន” នោះទេ ព្រោះរឿងខ្លះ វាគឺជារឿងដែលមិនគួរកើតឡើងឡើយ។ អ្វីដែលសំខាន់ គឺអ្នកកុំបណ្ដោយឱ្យរឿងពីអតីតកាល អាចឆក់យកក្ដីស្រឡាញ់ចំពោះខ្លួនឯងពីអ្នកទៅឱ្យសោះ។

ប្រសិនបើបញ្ហាកន្លងមក អ្នកជាភាគីដែលធ្វើឱ្យនរណាម្នាក់ឈឺចាប់ សូមអ្នកក្លាហានចូលទៅសុំទោស កែខៃឱ្យល្អប្រសើរឡើង និងផ្លាស់ប្ដូរខ្លួនឯងកុំឱ្យធ្វើកំហុសដដែលទៀត។ ប្រសិនបើអ្នកជាជនរងគ្រោះ អ្នកគួរឈប់ទោរទន់នឹងរឿងនេះទៀត នរណាធ្វើអ្វីអ្នកនោះនឹងទទួលផលបែបនោះ វាមិនមែនជាតួនាទី ឬទំនួលខុសត្រូវរបស់អ្នកនោះទេ ហើយត្រូវបែរមកផ្តោតលើអ្វីដែលធ្វើឱ្យអ្នករីករាយ និងមានសុវត្ថិភាពផ្លូវចិត្ត។

ប្រាកដណាស់ អ្នកមិនអាចត្រឡប់ទៅកែប្រែអតីតកាលបានទេ ប៉ុន្តែអ្នកអាចកែប្រែ អាចរៀនសូត្រពីវិធីគិត ដើម្បីចេះទម្លាក់អតីតកាលចុះ។

ត្រឡប់មកវិញ ការអត់ទោសឱ្យខ្លួនឯង គឺជាការអនុញ្ញាតឱ្យអ្នកមានសុខភាពផ្លូវចិត្តល្អ។ ការស្រឡាញ់ខ្លួនឯងប្រហែលជាមិនមែនជាការស្រឡាញ់គ្រប់យ៉ាងដែលអ្នកធ្លាប់មាន និងធ្លាប់ធ្វើនោះទេ ប៉ុន្តែជាការដែលអ្នកទទួលស្គាល់ថា អ្នកធ្លាប់ធ្វើអ្វីខ្លះ អ្នកធ្លាប់ជួបអ្វីខ្លះ អ្នកធ្លាប់ឆ្លងកាត់អ្វីខ្លះ ហើយប្រឹងប្រែងធ្វើវាឱ្យប្រសើរជាងមុនក្នុងថ្ងៃនេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា