លាងទឹកធម្មតាមិនជ្រះទេ! អ្នកជំនាញព្រមាន​ «ដបទឹក និងកែវរក្សាសីតុណ្ហភាព» មានសភាពបែបនេះ គឺជាសញ្ញាគ្រោះថ្នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លាងទឹកធម្មតាមិនជ្រះទេ! អ្នកជំនាញព្រមាន​ «ដបទឹក និងកែវរក្សាសីតុណ្ហភាព» មានសភាពបែបនេះ គឺជាសញ្ញាគ្រោះថ្នាក់

លាងទឹកធម្មតាមិនជ្រះទេ! អ្នកជំនាញព្រមាន​ «ដបទឹក និងកែវរក្សាសីតុណ្ហភាព» មានសភាពបែបនេះ គឺជាសញ្ញាគ្រោះថ្នាក់

មនុស្សជាច្រើនតែងតែដាក់ដបទឹក ឬកែវរក្សាសីតុណ្ហភាពជាប់ខ្លួនជាប្រចាំ មិនថាទៅធ្វើការ រៀន ឬហាត់ប្រាណ ព្រោះវាជួយឱ្យការផឹកទឹកមានភាពងាយស្រួល និងជួយកាត់បន្ថយការប្រើប្រាស់កែវប្លាស្ទិកដែលប្រើបានតែម្តង។ ប៉ុន្តែមានមនុស្សជាច្រើនផងដែរដែលយល់ថា បើសម្រាប់ដាក់ហូបតែទឹកធម្មតា គឺគ្រាន់តែលាងទឹកក៏គ្រប់គ្រាន់ទៅហើយ។

Advertisement

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ទោះបីជាដាក់ត្រឹមតែទឹកផឹកក៏ដោយ ក៏នៅខាងក្នុងដបនៅតែអាចមានការកកស្ទះនូវបាក់តេរី និងអតិសុខុមប្រាណផ្សេងៗ (បាក់តេរី ផ្សិត វីរុស) ជាពិសេសនៅកន្លែង គម្រប មាត់ដប និងកៅស៊ូជ័រ ជាកន្លែងដែលតែងតែត្រូវបានមើលរំលង។ ប្រសិនបើទុកចោលក្នុងស្ថានភាពសើម ហើយមិនបានសម្អាតឱ្យបានត្រឹមត្រូវទេនោះ វាអាចកើតមាន «Biofilm» ឬស្រទាប់អតិសុខុមប្រាណដែលតោងជាប់យ៉ាងណែននៅលើផ្ទៃខាងក្នុង ហើយអាចជះឥទ្ធិពលដល់អនាម័យក្នុងការផឹកទឹកផងដែរ។

ហេតុអ្វីបានជាដបដែលដាក់តែទឹកសុទ្ធក៏នៅតែអាចកខ្វក់បាន?

រាល់ពេលដែលយើងផឹកទឹក មាត់របស់យើងនឹងប៉ះផ្ទាល់ជាមួយមាត់ដប ដែលធ្វើឱ្យបាក់តេរីពីក្នុងមាត់ រួមទាំងកាកសំណល់អាហារខ្នាតតូច អាចជាប់នៅតាមគែមដប និងខាងក្នុង។ នៅពេលដែលស្ថិតនៅក្នុងបរិស្ថានដែលមានសំណើម និងបិទជិតល្អ អតិសុខុមប្រាណទាំងនេះអាចកើនចំនួន និងបង្កើតជាស្រទាប់បាយអូហ្វីលឡើងបាន។

លទ្ធផលស្រាវជ្រាវដែលបានពិនិត្យគំរូអតិសុខុមប្រាណពីដបទឹកប្រើឡើងវិញ បានរកឃើញថា ប្រសិនបើមិនបានលាងសម្អាតជាប់ៗគ្នាជាច្រើនថ្ងៃ កន្លែង មាត់ដប គម្រប និងបំពង់បឺត គឺតែងតែមានការកកស្ទះបាក់តេរីក្នុងកម្រិតខ្ពស់ ហើយក៏ជាកន្លែងដែលងាយនឹងកើតមានស្រទាប់បាយអូហ្វីលផងដែរ។

«សភាពរអិលៗ» នៅក្នុងដប មិនមែនជាស្នាមប្រឡាក់ធម្មតាទេ ប៉ុន្តែវាគឺជាបាយអូហ្វីល

វេជ្ជបណ្ឌិត Chen Chong-xian ជាគ្រូពេទ្យវេជ្ជសាស្ត្រគ្រួសារនៃតៃវ៉ាន់ ធ្លាប់បានផ្តល់ព័ត៌មានថា មិនថាជាដបប្លាស្ទិក ឬកែវរក្សាសីតុណ្ហភាពនោះទេ ប្រសិនបើផ្ទៃខាងក្នុងមានសំណើមកកស្ទះជារយៈពេលយូរ គឺមានឱកាសកើតស្រទាប់បាយអូហ្វីលបាន ព្រោះទឹកផឹកទូទៅគឺមិនមែនមានភាពគ្មានមេរោគ ១០០% នោះទេ។ ម្យ៉ាងទៀត រាល់ពេលដែលយើងផឹកទឹក ទឹកមាត់ក៏អាចនាំយកអតិសុខុមប្រាណចូលទៅក្នុងដបបានដូចគ្នា។

បាយអូហ្វីលគឺជាស្រទាប់នៃអតិសុខុមប្រាណជាច្រើនប្រភេទដែលតោងជាប់គ្នាយ៉ាងក្រាស់ណែន ប្រសិនបើមានមេរោគបង្កជំងឺលាយឡំចូលគ្នា វាក៏អាចបង្កើនហានិភ័យនៃការចម្លងរោគនៅក្នុងទឹកផឹក និងជះឥទ្ធិពលអាក្រក់ដល់សុខភាព ជាពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។

អ្នកជំនាញណែនាំ កុំត្រឹមតែគ្រលែងទឹក គឺត្រូវតែប្រើច្រាសដុសលាងឱ្យបានដិតដល់

ចំណែកឯលោក Tan Dun-chi អ្នកជំនាញខាងសុវត្ថិភាពចំណីអាហាររបស់តៃវ៉ាន់ បានបញ្ជាក់ថា ប្រសិនបើប្រើម្រាមដៃប៉ះផ្នែកខាងក្នុងដបហើយមានអារម្មណ៍ថារអិល នោះបង្ហាញថាមានស្រទាប់បាយអូហ្វីលចាប់ផ្តើមដុះឡើងហើយ ដែលការប្រើទឹកលាងធម្មតា​មិនអាចជម្រះវាចេញបានឡើយ ដោយតម្រូវឱ្យប្រើប្រាស់ច្រាសដើម្បីខាត់ផ្នែកខាងក្នុងដប រួមទាំងគម្រប និងឧបករណ៍គ្រប់ផ្នែកទាំងអស់។

លោកស្រីបានគូសបញ្ជាក់យ៉ាងខ្លាំងថា កៅស៊ូ ឬចិញ្ចៀនស៊ីលីកូនកន្លែងគម្របដប គឺត្រូវតែដកចេញមកលាងសម្អាតរាល់ដង ព្រោះវាជាកន្លែងដែលទឹក និងស្នាមកខ្វក់ងាយនឹងកកស្ទះបំផុត។ ម្យ៉ាងទៀតវាក៏ជាប្រភពនៃការកកស្ទះផ្សិត និងបាក់តេរី ប្រសិនបើមិនមានការសម្អាត។

វិធីសម្អាតកែវរក្សាសីតុណ្ហភាពឱ្យបានត្រឹមត្រូវ

  • ញែកតួដប គម្រប និងឧបករណ៍គ្រប់ផ្នែកទាំងអស់ចេញពីគ្នាមុនពេលចាប់ផ្តើមលាង។
  • ប្រើច្រាសដុសដប និងច្រាសខ្នាតតូចដើម្បីសម្អាតកន្លែងផ្សេងៗជាមួយសាប៊ូលាងចាន។
  • ដកកៅស៊ូ ឬចិញ្ចៀនស៊ីលីកូនចេញមកលាងសម្អាតគ្រប់ពេល។
  • លាងទឹកស្អាតឱ្យអស់ជាតិសាប៊ូ រួមទាំងហាលឱ្យស្ងួតល្អ​ មុនពេលផ្គុំវាចូលគ្នាវិញ។
  • ប្រសិនបើជាកែវដែលមានស្រទាប់សេរ៉ាមិច ឬមានសារធាតុការពារការជាប់ គួរតែប្រើប្រាស់ច្រាសរោមទន់ ដើម្បីការពារកុំឱ្យខូចខាតផ្ទៃ​កែវ។

សេចក្តីសន្និដ្ឋាន

ការប្រើប្រាស់កែវ ឬដបទឹកប្រើឡើងវិញ គឺជាឥរិយាបថល្អចំពោះបរិស្ថាន ប៉ុន្តែការថែទាំអនាម័យក៏មានសារៈសំខាន់មិនចាញ់គ្នាដែរ។ ប្រសិនបើរកឃើញថាផ្នែកខាងក្នុងដបចាប់ផ្តើមមានសភាពរអិល មិនគួរត្រឹមតែគ្រលែងទឹក​នោះទេ ព្រោះវាអាចជាសញ្ញានៃការកើតឡើងនូវបាយអូហ្វីល ដែលតម្រូវឱ្យប្រើប្រាស់ច្រាសដុសសម្អាត និងធ្វើអនាម័យគ្រប់ផ្នែកទាំងអស់ឱ្យបានជាប់លាប់ ដើម្បីជួយកាត់បន្ថយការកកស្ទះនៃអតិសុខុមប្រាណ និងធ្វើឱ្យការផឹកទឹកមានភាពស្អាត និងមានសុវត្ថិភាពកាន់តែប្រសើរឡើង ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា