វីដេអូ​ AI បង្កប់សកម្មភាពហិង្សា កំពុងបំផ្លាញខួរក្បាលកុមារយ៉ាងស្ងៀមស្ងាត់តាមបណ្តាញសង្គម ខណៈអ្នកជំនាញចែករំលែកដំណោះស្រាយបែបនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វីដេអូ​ AI បង្កប់សកម្មភាពហិង្សា កំពុងបំផ្លាញខួរក្បាលកុមារយ៉ាងស្ងៀមស្ងាត់តាមបណ្តាញសង្គម ខណៈអ្នកជំនាញចែករំលែកដំណោះស្រាយបែបនេះ

វីដេអូ​ AI បង្កប់សកម្មភាពហិង្សា កំពុងបំផ្លាញខួរក្បាលកុមារយ៉ាងស្ងៀមស្ងាត់តាមបណ្តាញសង្គម ខណៈអ្នកជំនាញចែករំលែកដំណោះស្រាយបែបនេះ

វីដេអូ AI ខ្លីៗដែលមានតួអង្គប្លែកៗ កិច្ចសន្ទនាស្តាប់មិនយល់ និងខ្លឹមសារគ្មានន័យសោះនោះ កំពុងទាក់ទាញអ្នកទស្សនាយ៉ាងច្រើនលើបណ្តាញសង្គម ជាពិសេសគឺកុមារ។ ឪពុកម្តាយជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំង នៅពេលកូនៗនិយាយភាសាប្លែកៗដូចមនុស្សក្រៅភព និងអាចទន្ទេញឈ្មោះតួអង្គបានយ៉ាងស្ទាត់ជំនាញ ទោះបីជាពួកគេមិនទាន់ចេះនិយាយច្បាស់នៅឡើយក៏ដោយ។

ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត Nguyen Van Tuong ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃមហាវិទ្យាល័យសង្គមនិងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យជាតិវៀតណាម បានលើកឡើងថា មាតិកាបំផ្លាញខួរក្បាល ឬ Brainrot» សំដៅលើខ្លឹមសារឌីជីថលដែលមានល្បឿនលឿន ពេញដោយរូបភាព និងសំឡេងយ៉ាងច្រើន ដែលមានតម្លៃអប់រំតិចតួចឬគ្មានទាល់តែសោះ ប៉ុន្តែវាជំរុញអារម្មណ៍ និងវិញ្ញាណយ៉ាងខ្លាំងក្លាភ្លាមៗ។

រលកនៃការញៀននឹងតួអង្គ Brainrot នឹងហក់ឡើង​ខ្លាំង នៅពេលតួអង្គប្លែកៗដែលបង្កើតដោយ AI ទាំងនេះមានរូបរាងចម្លែកៗ ដូចជា អុសឈើមានភ្នែក ច្រមុះ មាត់ កំពុងកាន់ឈើ, ត្រីឆ្លាមជើងបីពាក់ស្បែកជើង ឬអ្នករាំរបាំបាឡេនៅលើពែងកាហ្វេជាដើម។ វីដេអូភាគច្រើន​គ្រាន់តែជាឃ្លីបខ្លីៗដាក់បញ្ចូលតៗគ្នា ប៉ុន្តែអាចទទួលបានការទស្សនាពី ៥ ទៅ ១០ លានដងនៅលើ TikTok ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីផុស។

ផលវិបាកនៃខ្លឹមសារ AI គ្មានន័យ និងវីដេអូដែលធ្វើឱ្យខួរក្បាលឈប់ធ្វើការ

លោកបណ្ឌិត Nguyen Van Tuong បានវិភាគថា បច្ចុប្បន្នកុមារជាច្រើន «ញៀន» វីដេអូប្រភេទ Brainrot ដោយសារតែវីដេអូប្រភេទនេះមានរូបភាពស្រស់ស្អាត តួអង្គទាក់ភ្នែក សំឡេងរីករាយ និងចង្វាក់រហ័ស ដែលជំរុញឱ្យមានការបញ្ចេញសារធាតុដូប៉ាមីន (Dopamine) និងបង្កើតអារម្មណ៍ «រីករាយភ្លាមៗ»។

ក្រៅពីនេះ វីដេអូដែលគួរឱ្យងឿងឆ្ងល់ទាំងនេះ ច្រើនតែខ្លីខ្លាំង និងមានចង្វាក់ដដែលៗដែលបង្កើតអារម្មណ៍ស្រមើស្រមៃ និងមិនស្រួលក្នុងចិត្ត។ វាក៏សម្បូរដោយធាតុផ្សំដែលនឹកស្មានមិនដល់ ឬគ្មានន័យដែលជំរុញការចង់ដឹងចង់ឃើញ និងអារម្មណ៍កំប្លែងប្លែកៗ ជាពិសេសចំពោះកុមារតូចៗ ធ្វើឱ្យខួរក្បាលរបស់ពួកគេរង់ចាំតែអ្វីដែលថ្មីៗជានិច្ច។

លោកបន្តថា៖ «កុមារ និងយុវវ័យដែលទស្សនាខ្លឹមសារប្រភេទនេះច្រើនហួសហេតុ អាចជួបប្រទះបញ្ហាសមត្ថភាពក្នុងការផ្តោតអារម្មណ៍ធ្លាក់ចុះ និងមានការទាញស្វែងរកអ្វីដែលជំរុញអារម្មណ៍ភ្លាមៗកាន់តែច្រើន ធ្វើឱ្យពិបាកក្នុងការផ្ដោតអារម្មណ៍លើការងារដែលត្រូវការការគិតស៊ីជម្រៅ ឬបន្តបន្ទាប់ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការចងចាំ ការអភិវឌ្ឍផ្នែកភាសា និងសមត្ថភាពក្នុងការគិតបែបតក្កវិជ្ជា»។

លោកបណ្ឌិត Nguyen Van Tuong បានសង្កត់ធ្ងន់ថា៖ «សម្រាប់កុមារ ការមើលមាតិកា Brainrot ញឹកញាប់ អាចធ្វើឱ្យពួកគេឆាប់ខឹង ឬមួរម៉ៅនៅពេលគ្មានអ្វីមកជំរុញ (ដូចជាពេលវីដេអូត្រូវកាត់ផ្តាច់ភ្លាមៗ) និងប្រឈមនឹងហានិភ័យនៃភាពមិនប្រក្រតីខាងភាសា នៅពេលកុមារយកតម្រាប់តាមឃ្លាដែលគ្មានន័យ ឬកំហុសវេយ្យាករណ៍នៅក្នុងវីដេអូ»។

ដំណោះស្រាយដែលគួរអនុវត្តភ្លាមៗ

នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក បណ្តាញសង្គមកំពុងត្រូវបានគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើតរបាំងការពារកុមារក្នុងពិភពឌីជីថល។ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា រដ្ឋាភិបាលនឹងបន្ថែមភាពតឹងរ៉ឹងក្នុងការត្រួតពិនិត្យខ្លឹមសារដែលមានគ្រោះថ្នាក់ ជាពិសេស «វីដេអូដែលបំផ្លាញខួរក្បាល» ក្នុងពេលជាមួយគ្នានោះ ក៏ជួយគាំទ្រការផលិតខ្លឹមសារដើម្បីការអប់រំសម្រាប់គ្រួសារដែលមានសុខភាពល្អ និងបញ្ជ្រាបបំណិនឌីជីថលចូលទៅក្នុងការសិក្សាសម្រាប់អ្នកដែលមានអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ។

លើសពីនេះ ប្រទេសនេះក៏កំពុងពិចារណាលើការហាមឃាត់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គមដាច់ខាត។

នៅប្រទេសវៀតណាម ទោះបីជាមិនទាន់មានការអនុវត្តតាមផ្លូវច្បាប់ស្រដៀងគ្នានេះក្តី ប៉ុន្តែអ្នកជំនាញខាងការអប់រំ និងបច្ចេកវិទ្យាបានចេញមកព្រមានពីផលប៉ះពាល់អវិជ្ជមាននៃវីដេអូ AI ខ្លីៗដែលគ្មានន័យទាំងនេះ និងបានស្នើឡើងនូវដំណោះស្រាយផ្សេងៗ។

លោកបណ្ឌិត Nguyen Van Tuong បានមានប្រសាសន៍ថា នៅពេលកុមារបង្ហាញអាការ «ញៀន» វីដេអូ Brainrot ជំនួសឱ្យការហាមឃាត់មិនឱ្យមើលដាច់ខាត ឪពុកម្តាយ និងសាលារៀនគួរតែផ្ដោតលើការផ្តល់ចំណេះដឹងផ្នែកបំណិនឌីជីថល និងបង្កើតទម្លាប់ទទួលយកការកម្សាន្តដែលមានតុល្យភាពដល់កុមារ។

ជំនួសឱ្យការនិយាយត្រឹមតែថា «កុំមើល» មនុស្សធំគួរបកស្រាយថាហេតុអ្វីបានជាគួរដាក់កម្រិតការមើល និងផ្តល់ជម្រើសការកម្សាន្តដែលមានគុណភាពខ្ពស់ជាងនេះដល់កុមារ។ ក្នុងពេលជាមួយគ្នានេះ គួរតែបង្កើនភាពចម្រុះនៃជម្រើសកម្សាន្តសម្រាប់កុមារ ដោយបូកផ្សំសកម្មភាពអនឡាញ និងសកម្មភាពផ្ទាល់ ដើម្បីពង្រឹងបទពិសោធន៍ក្នុងជីវិតពិតរបស់ពួកគេ ដែលអាចរាប់បញ្ចូលទាំងហ្គេមដែលត្រូវប្រើប្រាស់រាងកាយ សកម្មភាពសិល្បៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក៏ដូចជាការអាន ឬការលេងតន្ត្រី។

ក្នុងពេលជាមួយគ្នានេះ ការបង្រៀនជំនាញការគិតបែបវិភាគដល់កុមារក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ដែលជួយឱ្យពួកគេអាចបែងចែករវាង «ខ្លឹមសារដើម្បីការកម្សាន្ត» និង «ខ្លឹមសារដើម្បីការរៀនសូត្រ» ដើម្បីឱ្យពួកគេអាចកែទម្លាប់ប្រើប្រាស់អ៊ីនធឺណិតរបស់ខ្លួនបានយ៉ាងសមស្រប។ អ្វីដែលសំខាន់បំផុតនោះគឺ ឪពុកម្តាយ និងគ្រូបង្រៀនចាំបាច់ត្រូវបង្ហាញឱ្យឃើញពីទម្លាប់ប្រើប្រាស់អ៊ីនធឺណិតក្នុងផ្លូវល្អ ចៀសវាងការចំណាយពេលច្រើនហួសហេតុលើការមើលខ្លឹមសារដែលមិនផ្តល់ប្រយោជន៍ ដើម្បីធ្វើជាគំរូដល់កូនចៅ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា