ក្រុមហ៊ុនមួយនៅចិន សារភាពថា ស្ត្របឺរីក្រៀមរបស់ខ្លួន មានផ្ទុកថ្នាំសម្លាប់សត្វល្អិត ២០ ប្រភេទ និងលោហៈធ្ងន់លើសកម្រិតកំណត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនមួយនៅចិន សារភាពថា ស្ត្របឺរីក្រៀមរបស់ខ្លួន មានផ្ទុកថ្នាំសម្លាប់សត្វល្អិត ២០ ប្រភេទ និងលោហៈធ្ងន់លើសកម្រិតកំណត់

ក្រុមហ៊ុនមួយនៅចិន សារភាពថា ស្ត្របឺរីក្រៀមរបស់ខ្លួន មានផ្ទុកថ្នាំសម្លាប់សត្វល្អិត ២០ ប្រភេទ និងលោហៈធ្ងន់លើសកម្រិតកំណត់

ម្ចាស់ក្រុមហ៊ុនអាហារមួយរូបនៅប្រទេសចិន បានស្ម័គ្រចិត្តទម្លាយឱ្យដឹងថា ផលិតផលស្ត្របឺរីក្រៀម (Freeze-dried) របស់ក្រុមហ៊ុនខ្លួន មានផ្ទុកថ្នាំសម្លាប់សត្វល្អិតជាង ២០ ប្រភេទ និងមានកម្រិតលោហៈធ្ងន់លើសពីការកំណត់រហូតដល់ ១៤.៥ដង។ ខណៈការស្រាវជ្រាវបានបង្ហាញថា លោហៈធ្ងន់ប្រភេទនេះ ជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ថ្លើម និងតម្រងនោម។​

Advertisement

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លែឈើ និងបន្លែក្រៀម ដែលហៅថា Freeze-dried គឺជាអាហារសម្រន់មួយដែលទទួលបានការពេញនិយម ក្នុងរូបភាពជាអាហារសម្រន់ធម្មជាតិ និងល្អចំពោះសុខភាព។ យ៉ាងណាមិញ កាលពីខែមករា កន្លងទៅ សារព័ត៌មាន The Beijing News បានចុះផ្សាយថា លោកស្រី Lin ដែលជាអ្នកទទួលខុសត្រូវក្រុមហ៊ុន Fujian Zhangzhou Taihugu Valley Food Co., Ltd. បានប្រកាសជាសាធារណៈថា ស្ត្របឺរីក្រៀមដែលមានបន្ថែមជាតិស្កររបស់ក្រុមហ៊ុនលោកស្រី មិនត្រឹមតែមានកម្រិតជាតិ​កាដមីញ៉ូម (Cadmium) ខ្ពស់ជាងស្តង់ដារដល់ទៅ ១៤.៥៦ ដង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសំណល់ថ្នាំសម្លាប់សត្វល្អិតខុសច្បាប់ជាង ២០ ប្រភេទទៀតផង។

លោកស្រីបានបញ្ជាក់ថា បញ្ហានេះមានប្រភពចេញពីវត្ថុធាតុដើម ឬស្ត្របឺរីស្រស់។ លោកស្រីបានពន្យល់ថា ខ្លួនបានរាយការណ៍រឿងនេះម្តងហើយម្តងទៀតទៅកាន់អាជ្ញាធរក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ទាំងនោះ ប៉ុន្តែខាងអ្នកផលិតវត្ថុធាតុដើមបានតបវិញថា ប្រទេសចិនមិនបានកំណត់កម្រិតជាតិកាត់ម្យូម និងសំណល់ថ្នាំសម្លាប់សត្វល្អិតសម្រាប់ស្ត្របឺរីក្រៀមនោះទេ។

ទាក់ទិននឹងបញ្ហាខាងលើ ក្រុមអ្នកកាសែតបានតាមដានខ្សែចង្វាក់ផ្គត់ផ្គង់រហូតដល់ក្រុមហ៊ុន Yunnan Lijiang Huaping Golden Mango Ecological Development Co., Ltd. ដែលជាអ្នកទទួលខុសត្រូវទិញស្ត្របឺរីស្រស់ពីកសិករដើម្បីយកមកកែច្នៃ។ បុគ្គលិកម្នាក់បានសារភាពថា ចាប់តាំងពីចាប់ផ្តើមដាំដុះស្ត្របឺរីមក បញ្ហាលោហៈធ្ងន់ និងសំណល់ថ្នាំសម្លាប់សត្វល្អិតគឺជាបញ្ហារ៉ាំរ៉ៃដែលមិនអាចដោះស្រាយបាន បើទោះបីជាដឹងថា ផ្លែឈើស្រស់ទាំងនោះមានសារធាតុពុលលើសកម្រិតកំណត់ក៏ពិតមែន។

តាមរយៈការចុះអង្កេតផ្ទាល់នៅតាមចម្ការស្ត្របឺរីក្នុងខេត្តយូណាន ក្រុមអ្នកកាសែតបានរកឃើញការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតក្នុងបរិមាណច្រើនលើសពីការអនុញ្ញាត ដូចជាប្រភេទ Chlorpyrifos និង Dichlorvos ជាដើម។ បើទោះបីជាមានការបញ្ជាក់ពីរោងចក្រផលិតថ្នាំគីមីទាំងនោះថា សារធាតុគីមីទាំងនេះមិនគួរប្រើប្រាស់លើដំណាំស្ត្របឺរីកនោះឡើយ។

ទ​ន្ទឹមគ្នាដែរ ម្ចាស់ទីតាំងលក់សម្ភារៈកសិកម្មក្នុងតំបន់ក៏បានឱ្យដឹងដូចគ្នាថា ដោយសារតែការប្រើប្រាស់លើសកម្រិតក្នុងរយៈពេលយូរ សត្វល្អិតបានស៊ាំទៅនឹងថ្នាំ ធ្វើឱ្យថ្នាំទាំងនោះស្ទើរតែគ្មានប្រសិទ្ធភាពទាល់តែសោះនៅក្នុងតំបន់នេះ។ បន្ទាប់ពីលោកស្រី Lin លាតត្រដាងរឿងនេះ លោកស្រីបានបញ្ជាក់ទៀតថា ខ្លួនមិនទាន់បានលក់ស្ត្របឺរីដែលមានបញ្ហានោះទៅឱ្យនរណាម្នាក់ឡើយ ដោយសារតែព្រួយបារម្ភដល់បញ្ហាសុខភាព។

ស្របគ្នានេះ ក្រុមហ៊ុនមួយទៀតក៏បានឱ្យដឹងដែរថា ទោះបីជាមានបញ្ហាលោហៈធ្ងន់ ថ្នាំសម្លាប់សត្វល្អិត ឬហួសកាលបរិច្ឆេទទទួលទានក៏ដោយ ពួកគេអាចយកផលិតផលទាំងនេះទៅកិនជាម្សៅ ដើម្បីធ្វើជាផលិតផលផ្សេងៗទៀតដូចជា ការ៉េម ជាដើម។

ឆ្លើយតបនឹងបញ្ហាខាងលើ បច្ចុប្បន្ន អាជ្ញាធរខេត្តយូណានបានចាប់ផ្តើមបង្កើតក្រុមស៊ើបអង្កេត ដើម្បីចុះត្រួតពិនិត្យតាមមូលដ្ឋានផលិត ក្រុមហ៊ុនកែច្នៃ និងទីផ្សារចែកចាយគ្រប់ដំណាក់កាល ហើយបានសង្កត់ធ្ងន់ថា រាល់ការល្មើសច្បាប់នឹងត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត។ នេះបើផ្អែកតាមការចុះផ្សាយរបស់  Xinhua News Agency។

តើជាតិកាត់ម្យូម (Cadmium) និងសំណ (Lead) ប៉ះពាល់សុខភាពយ៉ាងដូចម្តេច?

យោងតាមសារព័ត៌មាន The Standard ក្នុងករណីស្រាល ការទទួលទានអាហារដែលមានជាតិកាដមីញ៉ូម អាចបំផ្លាញប្រព័ន្ធរំលាយអាហារ ថ្លើម បេះដូង និងតម្រងនោម។ យ៉ាងណាមិញ ចំពោះការពុលរ៉ាំរ៉ៃ សរីរាង្គចម្បងដែលរងគ្រោះ គឺតម្រងនោម ដែលអាចបណ្តាលឱ្យមានបញ្ហាដូចជា មុខងារតម្រងនោមចុះខ្សោយ គ្រួសក្នុងតម្រងនោម ជំងឺទឹកនោមផ្អែម ជំងឺទន់ឆ្អឹង (Osteomalacia) និងពុកឆ្អឹង (Osteoporosis)។

ដោយឡែក ការទទួលទានអាហារដែលមានជាតិសំណ គឺគ្រោះថ្នាក់ខ្លាំង ជាពិសេសចំពោះទារក។ ជាតិសំណអាចបំផ្លាញសរីរាង្គដូចជា តម្រងនោម ប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធភាពស៊ាំ សរីរាង្គបង្កើតឈាម ប្រព័ន្ធសរសៃប្រសាទកណ្តាល និងប្រព័ន្ធបន្តពូជជាដើម។ ចំ​ពោះកុមារ ទោះក្នុងបរិមាណតិចតួចក្ដី ក៏អាចបណ្តាលឱ្យមានបញ្ហាយឺតយ៉ាវក្នុងការអភិវឌ្ឍន៍បញ្ញា និងស្មារតីដែរ​។ ឯចំពោះមនុស្សពេញវ័យវិញ ការបរិភោគបរិមាណច្រើនក្នុងរយៈពេលខ្លី អាចបង្កឱ្យមានបញ្ហារំលាយអាហារ ស្លេកស្លាំង (ខ្វះឈាម) ខូចខួរក្បាល និងអាចបណ្តាលឱ្យស្លាប់បាន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា