ក្លិន និងអារម្មណ៍ តភ្ជាប់គ្នាដោយវិទ្យាសាស្ត្រ! មកស្គាល់ក្លិនធម្មជាតិទាំង ៤ ដែលជួយឱ្យអារម្មណ៍ស្រស់ស្រាយ រំសាយអស់កង្វល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្លិន និងអារម្មណ៍ តភ្ជាប់គ្នាដោយវិទ្យាសាស្ត្រ! មកស្គាល់ក្លិនធម្មជាតិទាំង ៤ ដែលជួយឱ្យអារម្មណ៍ស្រស់ស្រាយ រំសាយអស់កង្វល់

ក្លិន និងអារម្មណ៍ តភ្ជាប់គ្នាដោយវិទ្យាសាស្ត្រ! មកស្គាល់ក្លិនធម្មជាតិទាំង ៤ ដែលជួយឱ្យអារម្មណ៍ស្រស់ស្រាយ រំសាយអស់កង្វល់

តើអ្នកណាខ្លះដែលចូលចិត្តក្លិនដីក្រោយភ្លៀងធ្លាក់? សម្រាប់មនុស្សជាច្រើន ក្លិនសំណើម និងក្លិនដីក្រោយភ្លៀងធ្លាក់នេះ ជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយអស់កង្វល់ រហូតដល់អ្នកខ្លះចង់ដកដង្ហើមវែងៗដើម្បីស្រូបយកក្លិនដែលធ្វើឱ្យអារម្មណ៍ស្ងប់មួយនេះ។

Advertisement

ជាក់ស្ដែង នេះមិនមែនគ្រាន់តែជាចំណង់ចំណូលចិត្ត ឬអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែ “ការតភ្ជាប់គ្នារវាងក្លិននិងអារម្មណ៍” នេះ ក៏មានវិទ្យាសាស្ត្រមកពន្យល់ដូចគ្នា។ ការស្រាវជ្រាវផ្នែកប្រព័ន្ធប្រសាទ (Neuroscience) បានរកឃើញថា ឃានវិញ្ញាណ គឺជាវិញ្ញាណដែលតភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធ Limbic system របស់ខួរក្បាល ដែលមានសមត្ថភាពដាស់អារម្មណ៍ ការចងចាំ និងការឆ្លើយតបទៅនឹងបញ្ហាស្ត្រេសបានយ៉ាងរហ័ស។

នេះជាមូលហេតុដែលក្លិនចេញពីធម្មជាតិមិនត្រឹមតែផ្តល់នូវក្លិនក្រអូបដែលនាំឱ្យមានអារម្មណ៍រីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យខួរក្បាលមានអារម្មណ៍ថាមានសុវត្ថិភាព ធូរស្រាល និងអាចនាំឱ្យអ្នកឈប់គិតពីរឿងអតីតកាល ឬរឿងអនាគត ហើយត្រឡប់មកស្រូបយកបរិយាកាសក្នុងពេលបច្ចុប្បន្នវិញផងដែរ។

ខាងក្រោមនេះ គឺជាក្លិនធម្មជាតិចំនួន ៤ ដែលជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ ស្រូបយកម្ដងណាក៏មានអារម្មណ៍ធូរស្បើយជាងមុន៖

ក្លិនព្រៃឈើ

ការដែលអ្នកនាំខ្លួនឯងទៅស្ថិតនៅចំកណ្ដាលព្រៃឈើ អ្នកមិនត្រឹមតែទទួលបានខ្យល់អាកាសបរិសុទ្ធនោះទេ ប៉ុន្តែអ្នកក៏បានស្រូបយកសារធាតុធម្មជាតិ Phytoncides ដែលដើមឈើបញ្ចេញមកដើម្បីការពារខ្លួនឯងផងដែរ។ ការសិក្សាស្រាវជ្រាវអំពី Shinrin-yoku ដែលជាការប្រើប្រាស់ធម្មជាតិដើម្បីធ្វើឱ្យខ្លួនឯងមានអារម្មណ៍ធូរស្រាល បានរកឃើញថា ការទទួលបានសារធាតុនេះអាចជួយកាត់បន្ថយកម្រិតអរម៉ូនស្ត្រេស Cortisol ជួយជម្រុញប្រព័ន្ធប្រសាទ Parasympathetic Nervous System ដែលជាប្រព័ន្ធប្រសាទធ្វើឱ្យរាងកាយសម្រាក ថែមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នកផងដែរ។

ដូច្នេះ វាមិនចម្លែកទេ ដែលមនុស្សជាច្រើនតែងមានអារម្មណ៍ដូចជាខ្លួនឯងបានសាកថ្មជីវិត ទាំងរាងកាយ និងចិត្តគំនិត រាល់ពេលដែលបានដើរចូលព្រៃ។

ក្លិនដីក្រោយភ្លៀង

ក្លិនដីក្រោយភ្លៀង គឺជាក្លិនដែលមនុស្សជាច្រើនចូលចិត្ត ដោយមិនបានស្គាល់ឈ្មោះ។ ជាក់ស្ដែង ក្លិននេះមានឈ្មោះហៅថា Petrichor។ វាកើតឡើងដោយសារតែកម្លាំងទឹកភ្លៀងដែលធ្លាក់ចុះមកទៅប៉ះសារធាតុ Geosmin នៅក្នុងដី និងធ្វើឱ្យរុក្ខជាតិបញ្ចេញប្រេងធម្មជាតិទៅក្នុងអាកាស បង្កើតបានជាក្លិនស្រស់ស្រាយប្លែក។

អ្នកស្រាវជ្រាវបានមើលឃើញថា ក្លិនប្រភេទនេះច្រើនតែផ្សារភ្ជាប់ទៅនឹងការចងចាំក្នុងផ្លូវវិជ្ជមាន ភាពស្ងប់សុខ និងអារម្មណ៍ដូចជាបានចាប់ផ្ដើមថ្មី ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថាស្ងប់ចិត្តបានយ៉ាងល្អក្រោយភ្លៀងធ្លាក់។

ក្លិនស្មៅស្រស់

បន្ទាប់ពីភ្លៀងធ្លាក់ ឬក្រោយពេលកាត់ស្មៅ មនុស្សជាច្រើនតែងមានអារម្មណ៍ស្រស់ស្រាយឡើងដោយមិនដឹងខ្លួន។ មូលហេតុនោះគឺថា នៅពេលដែលរងការប៉ះទង្គិចអ្វីមួយ ស្មៅនឹងបញ្ចេញសារធាតុម្យ៉ាងឈ្មោះ Green Leaf Volatiles (GLVs) មកខាងក្រៅដើម្បីការពារខ្លួន។

ក្លិននេះច្រើនតែធ្វើឱ្យយើងនឹកឃើញដល់សួនច្បារ ឬវាលស្មៅ ទើបវាជាក្លិនមួយផ្សេងទៀតដែលជួយទៅបំពេញអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយភាពនឿយហត់ខាងផ្លូវអារម្មណ៍បានយ៉ាងមានប្រសិទ្ធភាព។

ក្លិនសមុទ្រ

ទោះបីវាជាមិនមែនជាក្លិនផ្កា ឬក្លិនព្រៃឈើ ប៉ុន្តែក្លិនខ្យល់សមុទ្រ អំបិល និងសំណើម គឺជាក្លិនមួយបែបដែលមនុស្សជាច្រើនអាចផ្សារភ្ជាប់ទៅនឹងសេរីភាព និងការសម្រាកលំហែកាយ។ ការសិក្សាជាច្រើនបានរកឃើញថា ការរស់នៅ ឬចំណាយពេលក្នុងតំបន់ធម្មជាតិតាមឆ្នេរសមុទ្រ ជួយកាត់បន្ថយភាពតានតឹង និងបង្កើនអារម្មណ៍រីករាយ ដោយសារតែក្លិន សំឡេងរលក និងទេសភាពដ៏ស្រស់ត្រកាល បានធ្វើការរួមគ្នា រហូតធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្ងប់សុខបានយ៉ាងល្អ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា