ប៉ិនចាយលុយសល់ថ្ងៃ? មកស្គាល់ពីវិធីសាស្ត្រ “ក្រឡទាំង ៦” ចាយគ្រាន់ សល់ប្រាក់សន្សំ សល់ប្រាក់វិនិយោគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ិនចាយលុយសល់ថ្ងៃ? មកស្គាល់ពីវិធីសាស្ត្រ “ក្រឡទាំង ៦” ចាយគ្រាន់ សល់ប្រាក់សន្សំ សល់ប្រាក់វិនិយោគ

ប៉ិនចាយលុយសល់ថ្ងៃ? មកស្គាល់ពីវិធីសាស្ត្រ “ក្រឡទាំង ៦” ចាយគ្រាន់ សល់ប្រាក់សន្សំ សល់ប្រាក់វិនិយោគ

ការរៀបចំផែនការហិរញ្ញវត្ថុ គឺជាជំនាញដ៏មានតម្លៃបំផុតមួយដែលមនុស្សម្នាក់ៗគួរតែមាន មិនថាដើម្បីការចាយវាយប្រចាំថ្ងៃ សម្រាប់គម្រោងធំៗដូចជាការទិញផ្ទះ ទិញរថយន្ត ឬការរៀបចំផែនការសម្រាប់ពេលចាស់ជរានោះទេ។

Advertisement

បញ្ហារបស់មនុស្សមួយចំនួនធំ គឺបើទោះបីជាពួកគេអាចរកចំណូលបានច្រើនប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែបែរជាមិនសល់ប្រាក់សន្សំនៅចុងខែសោះ ហើយបើយ៉ាប់ជាងនេះទៅទៀតនោះ គឺការចាយលុយសល់ថ្ងៃ។

“ក្រឡទាំង ៦” គឺជាគន្លឹះមួយដែលនឹងជួយផ្លាស់ប្តូរស្ថានភាពនេះ ដោយអាចឱ្យអ្នកបែងចែកប្រាក់ជាមួយនឹងគោលដៅច្បាស់លាស់ មានប្រសិទ្ធភាពខ្ពស់ និងជួយឱ្យអ្នកអាចមានប្រាក់សន្សំជាប់លាប់។

តើវិធីសាស្ត្របែងចែកប្រាក់ “ក្រឡទាំង ៦” គឺជាអ្វី?

វិធីសាស្ត្រក្រឡទាំង ៦ គឺជាគំនិតនៃការគ្រប់គ្រងប្រាក់ដែលបង្កើតឡើងដោយ លោក T. Harv Eker ដែលជាអ្នកនិពន្ធសៀវភៅ “Secrets of the Millionaire Mind”។ វិធីនេះនឹងជួយឱ្យអ្នកមានវិន័យផ្នែកហិរញ្ញវត្ថុ ដោយបែងចែកប្រាក់ចំណូលប្រចាំខែទៅជាក្រឡចំនួន ៦ ឬស្មើនឹង ៦ មុខងារ ការពារមិនឱ្យប្រាក់សន្សំច្របូកច្របល់ជាមួយនឹងប្រាក់ចំណាយ និងជួយដល់សុខភាពហិរញ្ញវត្ថុរបស់អ្នក។ អ្វីដែលសំខាន់ វិធីសាស្ត្របែងចែកប្រាក់នេះមិនគិតថាអ្នកមានចំណូលតិច ឬច្រើននោះទេ ពោលគ្រប់គ្នាសុទ្ធសឹងតែអាចអនុវត្តបានដូចគ្នា។

ក្រឡទី ១៖ តម្រូវការចាំបាច់ – ៥៥ ភាគរយ

ក្រឡទី ១ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលគ្របដណ្តប់លើអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីរស់នៅក្នុងមួយខែៗ។ អ្នកមានចំណែកទឹកប្រាក់ចំនួន ៥៥ ភាគរយ ដើម្បីយកទៅប្រើប្រាស់លើការចំណាយចាំបាច់ក្នុងការរស់នៅ ដូចជា ម្ហូបអាហារ ការធ្វើដំណើរ ថ្លៃផ្ទះ ទឹកភ្លើង និងការបង់ប្រាក់កម្ចី។

ក្នុងករណីដែលការចំណាយចាំបាច់របស់អ្នកតែងតែលើសពី ៥៥ ភាគរយនៃចំណូល អ្នកគួរកាត់បន្ថយការចំណាយទៅលើអ្វីដែលមិនចាំបាច់ ឬលើសពីតម្រូវការ។ វិធីសាស្ត្រមួយទៀត គឺស្វែងរកមធ្យោបាយរកចំណូលបន្ថែម ដើម្បីកុំឱ្យការចំណាយនេះមានសម្ពាធពេក និងនៅតែអាចបន្តការបែងចែកប្រាក់ទៅក្រឡទាំង ៥ ទៀតឱ្យបានទៀងទាត់។

ក្រឡទី ២៖ ការសន្សំរយៈពេលវែង – ១០ ភាគរយ

ក្រឡទី ២ គឺជាប្រាក់សន្សំសម្រាប់អនាគតរបស់អ្នក។ ចំណែក ១០ ភាគរយនេះ គឺជាប្រាក់បម្រុងទុកសម្រាប់គោលដៅធំៗនៅថ្ងៃមុខ ដូចជា ការទិញផ្ទះ រថយន្ត ការរៀបអាពាហ៍ពិពាហ៍ ឬបញ្ហាបន្ទាន់ណាមួយ។

ការបែងចែកប្រាក់ចូលក្រឡនេះឱ្យបានជាប់លាប់ បង្កើតបានជាសុវត្ថិភាពហិរញ្ញវត្ថុរយៈពេលវែង ប្រៀបដូចជាការត្រៀមខ្លួនសម្រាប់ហេតុការណ៍ដែលកើតឡើងដោយមិនបានគ្រោងទុក ដើម្បីជៀសវាងការទៅខ្ចីបុលអ្នកដទៃ។

ក្រឡទី ៣៖ ការកម្សាន្ត – ១០ ភាគរយ

ការរៀបចំផែនការហិរញ្ញវត្ថុដ៏ល្អមិនមែនមានន័យថា អ្នកត្រូវរស់នៅដោយការសន្សំសំចៃឱ្យអស់លទ្ធភាពនោះទេ។ ក្រឡទី ៣ កើតឡើងជាពិសេសសម្រាប់ការកម្សាន្ត ដោយមានប្រាក់ ១០ ភាគរយ ដើម្បីអាចឱ្យអ្នកផ្ដល់រង្វាន់ដល់ខ្លួនឯង និងធ្វើអ្វីៗដែលធ្វើឱ្យអ្នករីករាយ មិនថាជាការដើរកម្សាន្ត ការញ៉ាំអាហារនៅហាងពិសេស ការទិញរបស់ដែលអ្នកចង់បាន ឬសកម្មភាពកម្សាន្តណាមួយដែលអ្នកចូលចិត្ត។

ការមានក្រឡនេះនឹងជួយឱ្យអ្នកមានកម្លាំងចិត្តក្នុងការសន្សំប្រាក់រយៈពេលវែង។

ក្រឡទី ៤៖ ការអភិវឌ្ឍខ្លួនឯង – ១០ ភាគរយ

ការវិនិយោគដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន គឺការវិនិយោគលើខ្លួនឯង។ ក្រឡទី ៤ បែងចែកប្រាក់ចំណូលរបស់អ្នក ១០ ភាគរយសម្រាប់ការរៀនសូត្រ និងការកសាងជំនាញថ្មីៗ តួយ៉ាងដូចជា វគ្គសិក្សាអនឡាញ ការទិញសៀវភៅ ឬការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នក។ ចំ

ណេះដឹង និងសមត្ថភាពដែលអ្នកទទួលបាន នឹងក្លាយទៅជាឧបករណ៍ដែលជួយពង្រឹងសមត្ថភាពការងារ និងបើកទ្វារឱកាសថ្មីៗឱ្យអ្នកនៅថ្ងៃអនាគត។

ក្រឡទី ៥៖ ឯករាជ្យភាពហិរញ្ញវត្ថុ – ១០ ភាគរយ

ក្រឡទី ៥ គឺជាបេះដូងនៃការកសាងទ្រព្យសម្បត្តិសម្រាប់ថ្ងៃអនាគត។ ចំណែក ១០ ភាគរយនេះ គឺទុកសម្រាប់ការវិនិយោគ ដែលនឹងនាំទៅរកឯករាជ្យភាពហិរញ្ញវត្ថុនៅពេលចាស់ជរា។ អ្នកអាចយកប្រាក់នេះទៅវិនិយោគលើភាគហ៊ុន ឬលើវិស័យណាមួយដែលអ្នកមានជំនាញ និងអាចទទួលយកកម្រិតហានិភ័យបាន។

ទន្ទឹមគ្នានេះ ដើម្បីអាចធានាបានថាអ្នកនឹងមានឯករាជ្យភាពហិរញ្ញវត្ថុ សូមកុំយកប្រាក់ដែលប្រើប្រាស់សម្រាប់ការវិនិយោគ និងប្រាក់ដែលបានពីការវិនិយោគនេះមកប្រើប្រាស់ រហូតទាល់តែអ្នកសម្រេចបាននូវគោលដៅដែលបានកំណត់។

ក្រឡទី ៦៖ ការចែករំលែក – ៥ ភាគរយ

ក្រឡចុងក្រោយ គឺទាក់ទងនឹងការផ្តល់ត្រឡប់ទៅសង្គម និងមនុស្សជុំវិញខ្លួន។ ចំណែក ៥ ភាគរយនេះគឺសម្រាប់ការបរិច្ចាគជួយដល់សង្គម ឬការទិញកាដូសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិក្នុងឱកាសពិសេសៗ។

ទន្ទឹមគ្នានេះ នៅពេលដែលមាននរណាម្នាក់មកខ្ចីលុយរបស់អ្នក សូមយកចំណែក ៥ភាគរយនេះផ្ដល់កម្ចីឱ្យគេ។ ប្រាក់ដែលអ្នកដទៃខ្ចី មិនប្រាកដថា អ្នកនឹងទទួលបានវិញនោះទេ។ ដូច្នេះ បើមិនបានមកវិញ វានឹងមិនប៉ះពាល់ដល់ក្រឡទាំង ៥ទៀត ហើយអ្នកក៏អាចចាត់ទុកថា វាជាការចែករំលែកដល់អ្នកដទៃ។

ការចែករំលែកនេះ មិនគ្រាន់តែជាការជួយអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបណ្ដុះផ្នត់គំនិតនៃការចែករំលែក ជួយឱ្យអ្នកចិត្តទូលាយ និងមិនគិតជំពាក់ជំពិនច្រើនឡើយ។

មូលហេតុដែលវិធីសាស្ត្រក្រឡទាំង ៦ គឺជាវិធីសាស្រ្តថែរក្សាសុខភាពហិរញ្ញវត្ថុដ៏ល្អ

ពេលដែលអ្នកយល់ពីរបៀបដែលក្រឡនីមួយៗធ្វើការ អ្នកនឹងឃើញថា វិធីសាស្ត្រ “ក្រឡទាំង ៦” មិនមែនគ្រាន់តែអាចជួយឱ្យអ្នកមានប្រាក់សន្សំប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជា៖

  • បង្កើតវិន័យហិរញ្ញវត្ថុច្បាស់លាស់៖ ការបែងចែកប្រាក់របស់អ្នកទៅជា ៦ ប្រភេទ ផ្តល់ឱ្យអ្នកនូវព្រំដែនចំណាយច្បាស់លាស់ និងការពារមិនឱ្យអ្នកចំណាយទៅលើផ្នែកណាមួយលើសពីភាពចាំបាច់។
  • តុល្យភាពរវាងភាពរីករាយ និងសុវត្ថិភាព៖ អ្នកមិនចាំបាច់បង្អត់ខ្លួនឯងដើម្បីសន្សំប្រាក់នោះទេ។ អ្នកអាចរីករាយនឹងការចំណាយដោយគ្មានអារម្មណ៍ខុស ខណៈពេលដែលអ្នកនៅតែបន្តឆ្ពោះទៅរកគោលដៅអនាគតរបស់អ្នក។
  • បង្កើតឱកាសដើម្បីបង្កើនប្រាក់ចំណូល៖ ការមានកញ្ចប់ប្រាក់សម្រាប់អភិវឌ្ឍខ្លួនឯង និងការវិនិយោគជាប្រចាំ គឺជួយឱ្យអ្នកកសាងជំនាញ និងផលចំណេញដែលអាចបង្កើនប្រាក់ចំណូលក្នុងគ្រាខាងមុខ។
  • ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក៖ ការបែងចែកប្រាក់របស់អ្នកទៅជាផ្នែកៗដែលបានកំណត់យ៉ាងច្បាស់លាស់ ធ្វើឱ្យអ្នកងាយស្រួលក្នុងការតាមដានចំណូល និងចំណាយ ខណៈអ្នកក៏អាចដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនជានិច្ច៕
លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា