Single តែ Joy! រស់នៅជាមួយខ្លួនឯងបាន ដោយគ្មានអារម្មណ៍ខ្វះខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Single តែ Joy! រស់នៅជាមួយខ្លួនឯងបាន ដោយគ្មានអារម្មណ៍ខ្វះខាត

Single តែ Joy! រស់នៅជាមួយខ្លួនឯងបាន ដោយគ្មានអារម្មណ៍ខ្វះខាត

មនុស្សមួយចំនួនប្រហែលជាធ្លាប់ខ្វល់ខ្វាយជុំវិញសំណួរថា “តើពេលណាទៅទើបជួបគូជីវិតនឹងគេ?”។ កន្លងមក អ្នកដែលមិនទាន់បានជួប ឬមិនទាន់មានមនុស្សណាម្នាក់ដែលអាចធ្វើជាគូជីវិតបាន ប្រហែលជាធ្លាក់ក្នុងអារម្មណ៍ឯកា ឬឈានដល់ការបន្ទាបតម្លៃរបស់ខ្លួនឯងថា មិនល្អគ្រប់គ្រាន់ ទើបគ្មាននរណាម្នាក់ចង់ចូលមកក្នុងជីវិត។ ក៏ប៉ុន្តែ វេលានេះជាវេលាដែលអ្នកត្រូវផ្លាស់ប្ដូរផ្នត់គំនិតនេះចេញ ហើយត្រឡប់មកផ្ដោតលើខ្លួនឯងវិញ ព្រោះស្នេហា គឺជា “ជម្រើស” មិនមែនជាតម្រូវការចាំបាច់នោះឡើយ។​

Advertisement

ចាប់ពីពេលនេះទៅ អ្នកដែលមិនទាន់មានគូ ត្រូវផ្លាស់ប្ដូរផ្នត់គំនិតដែលថា “ការគ្មានគូគឺជាភាពឯកា”​​ មកជា “ការគ្មានគូគឺជាសេចក្ដីសុខ និងសេរីភាព” វិញ។ មនុស្សដែលអាចរស់នៅជាមួយខ្លួនឯងដោយមានក្ដីសុខ ហើយមិនរំពឹងថា មាននរណាមកប្រគល់ក្ដីស្រឡាញ់ឱ្យនោះ គឺជាមន្តស្នេហ៍មួយដ៏មានតម្លៃ។

មនុស្សបែបនេះស្គាល់ពីចិត្តគំនិត ស្គាល់ពីរាងកាយ និងស្គាល់ពីអត្ថន័យជីវិតរបស់ខ្លួនឯងយ៉ាងច្បាស់លាស់។ មនុស្សបែបនេះមិនទាមទារឱ្យនរណាចូលមកបំពេញចន្លោះទំនេរក្នុងបេះដូង មិនតោងទាមនឹងពាក្យថា រៀបការ តែគឺផ្ដោតលើខ្លួនឯង បំពេញចន្លោះខ្វះខាតដោយខ្លួនឯង និងផ្ដល់សេចក្ដីសុខឱ្យខ្លួនឯង។ មនុស្សម្នាក់ត្រូវស្រឡាញ់ខ្លួនឯង និងគ្រប់គ្រាន់ជាមួយខ្លួនឯងជាមុនសិន ទើបអាចទៅស្រឡាញ់ និងផ្តល់ក្ដីស្រឡាញ់ឱ្យអ្នកដទៃបាន។

នៅក្នុងសៀវភៅ The Art of Loving របស់លោក Erich Fromm បាននិយាយពីសេចក្តីស្រឡាញ់ថា៖ “សេចក្តីស្រឡាញ់ដ៏ពិតប្រាកដ មិនមែនកើតចេញពីការពឹងផ្អែកគ្នានោះទេ ប៉ុន្តែវាកើតចេញពីមនុស្សពីរនាក់ដែលអាចឈរដោយខ្លួនឯងបានជាមុនសិន រួចទើបជ្រើសរើសដើរចូលមករកគ្នា”។

ចំណែកលោក John Kim ក៏បានសរសេរនៅក្នុងសៀវភៅ Single on Purpose ដែរថា លោកមើលឃើញភាពនៅលីវជាពេលវេលាដែលសិចស៊ីបំផុតនៃជីវិត ព្រោះវាគឺជាការបានឃើញខ្លួនឯងក្នុងស្ថានភាពដែលមិនបាច់សម្តែង មិនបាច់ផ្គាប់ចិត្ត និងមិនបាច់បន្ទាបស្ដង់ដាររបស់ខ្លួនឯងដើម្បីឱ្យអ្នកណាម្នាក់នៅបន្ត។ នេះជាពេលវេលាដែលមនុស្សម្នាក់ៗអាចមានទំនាក់ទំនងជាមួយខ្លួនឯងបានយ៉ាងស៊ីជម្រៅ ស្មោះត្រង់ និងគួរឱ្យរំភើបបំផុត។

ការអាចទៅសារមន្ទីរម្នាក់ឯងបាន ញ៉ាំប៊ូហ្វេម្នាក់ឯងបាន ដើរលេងម្នាក់ឯងបាន និងធ្វើអ្វីៗគ្រប់យ៉ាងដោយចិត្តដែលសប្បាយរីករាយ ដោយមិនមានអារម្មណ៍ថាខ្លួនឯងកំពុងខ្វះខាតអ្វី គឺជាសេចក្ដីសុខកាយសប្បាយចិត្ត ដែលកើតចេញពីការដែលអ្នកអាចរស់នៅជាមួយនឹងខ្លួនឯងបានយ៉ាងពិតប្រាកដ។

ប្រសិនបើថ្ងៃណាមួយ សេចក្តីស្រឡាញ់សម្រេចចិត្តថានឹងដើរចូលមកក្នុងជីវិតរបស់អ្នក វាក៏មិនមែនចូលមកដើម្បីបំពេញចន្លោះខ្វះខាត ឬកែខៃអ្វីឱ្យល្អជាងមុននោះដែរ។ ប៉ុន្តែក្ដីស្រឡាញ់លើកនេះ គឺដើរចូលមកក្នុងជីវិតរបស់អ្នកក្នុងគ្រាដែលអ្នកមានក្ដីសុខស្រាប់ ដែលនឹងមិនបង្អាក់ការរស់នៅជាខ្លួនឯងរបស់អ្នកឡើយ។

ទោះបីជាថ្ងៃណាមួយ នឹងមាន ឬមិនមានអ្នកណាម្នាក់នៅក្បែរខ្លួនក៏ដោយ សេចក្តីសុខក៏នៅតែជារបស់អ្នកដដែល ព្រោះអ្នកបានដឹងហើយថា ជីវិតល្អមួយមិនមែនចាប់ផ្តើមពីការមានអ្នកណាម្នាក់នោះទេ ប៉ុន្តែវាបានមកពីការរស់នៅជាមួយខ្លួនឯងដោយមានខ្លួនឯងនៅក្បែរ ប្រើប្រាស់ជីវិតរបស់ខ្លួនឯងឱ្យបានពេញលេញ និងមានន័យបំផុត៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា