មរតកប្រវត្តិសាស្ត្រ! អតីត​ព្រះរាជ​ដំណាក់​ខេត្ត​ស្ទឹងត្រែងបន្សល់​ទុក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មរតកប្រវត្តិសាស្ត្រ! អតីត​ព្រះរាជ​ដំណាក់​ខេត្ត​ស្ទឹងត្រែងបន្សល់​ទុក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម

មរតកប្រវត្តិសាស្ត្រ! អតីត​ព្រះរាជ​ដំណាក់​ខេត្ត​ស្ទឹងត្រែងបន្សល់​ទុក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម

ព្រះ​រាជ​ដំណាក់-ខេត្ត​ស្ទឹង​ត្រែង ស្នា​ព្រះហស្ត​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នឹង​ត្រូវ​ជួសជុល​អភិរក្ស​ឡើង​វិញ​ជា «ព្រះ​សារមន្ទីរ» ដើម្បី​ជា​មរតក​ប្រវត្តិសាស្ត្រ​ដល់​អ្នក​ជំនាន់​ក្រោយ។

Advertisement

ស្ថាបត្យកម្ម​មួយ​នេះ​ជា​មរតក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម តែ​សភាព​នៃ​អគារ​មាន​ការ​ទ្រុឌទ្រោម​ច្រើន​នា​ពេល​បច្ចុប្បន្ន ហើយ​នឹង​ត្រូវ​បាន​ជួសជុល​កសាង​ឡើង​វិញ​ជាកន្លែង​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​សន្តិភាព​អាស៊ាន។ ក្រុម​ស្ថាបត្យករ​នៃ​ព្រះ​រាជ​បណ្ណាល័យ​ហ្លួង​ម៉ែ​នឹង​ចុះ​សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​អគារ និង​រចនា​ឡើង​វិញ​ទៅ​តាម​សភាព​ដើម​នៃ​ព្រះ​រាជ​ដំណាក់​នេះ។

ការ​ស្ដារ​ឡើង​វិញ​នៃ​សារមន្ទីរ​នេះ គឺ​ដើម្បី​ថ្វាយ​ព្រះ​រាជ​កិត្តិយស​ដល់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបង្ហាញពីសមិទ្ធផលរបស់កម្ពុជា ក្នុងដំណើរតស៊ូដ៏យូរអង្វែងរបស់ខ្លួន តាំងពីការទទួលបានឯករាជ្យ រហូតមកដល់បច្ចុប្បន្ន។

រម្លឹក​ពី​ដំណើរ​ដើម​ទង​នៃ​អគារ​ព្រះ​រាជ​ដំណាក់​មួយ​នេះ ដ្បិត​ថា​ពុំ​មាន​ឯក​សារ​ណា​មួយ​បញ្ជាក់​ច្បាស់​អំពី​ឆ្នាំ​នៃ​ការ​សាង​សង់​ប៉ុន្តែ​ព្រះ​រាជ​ដំណាក់​មួយ​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​តំបន់ «និគមជន​បុរី​អូរ​ស្វាយ» ដែល​ជា​សហគមន៍​មួយ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម។ ពាក់ព័ន្ធ​ប្រវត្តិ​តំបន់​មួយ​នេះ លោក ភោគ សុវិសិដ្ឋ អភិបាលរង​ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់​ថា ពី​មុន​តំបន់​នេះ​មិនទាន់​ត្រូវ​បាន​បង្កើត​ជា​ស្រុក​នោះ​ទេ ដោយ​គេ​ហៅថា និគមជន​បុរី​អូរស្វាយ។

កាលជំនាន់ ព្រះករុណា​ព្រះបរមរតន​កោដ្ឋ​ព្រះបាទ​នរោត្តម សីហនុ ​​ដឹកនាំប្រទេសព្រះអង្គបាន​នាំ​យក​ប្រជាពលរដ្ឋ​ពី​ស្រុក​ក្រោម​​​មក​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​​ក្នុង​គោល​បំណង​ដើម្បី​ការពារ​ទឹកដី។ ជាមួយ​គ្នា ព្រះអង្គ​បាន​យក​ព្រះទ័យទុកដាក់យ៉ាងខ្លាំងដោយ​បានសាងសង់ផ្ទះ ចែកដីភូមិ ដីកសិកម្ម ព្រម​ទាំង​ផ្តល់​ពូជស្រូវ និង​ពូជ​បន្លែផ្សេងៗ​ជូន​ប្រជាពលរដ្ឋសម្រាប់ធ្វើការដាំដុះ។ បច្ចុប្បន្ន ព្រះរាជដំណាក់ស្ដេច ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

គួរឱ្យដឹងថា ក្រៅ​អំពី ព្រះរាជដំណាក់ស្ដេច ទីតាំង​ប្រវត្តិសាស្ត្រ​ជា​ស្នា​ព្រះហស្ត​របស់​សម្ដេច​តានៅខេត្តស្ទឹងត្រែង ​មានចំនួន៤កន្លែង ដូចជា ស្តូប​អនុស្សាវរិយ៍​បុរី​អូរស្វាយសែនជ័យ , សាលាព្រះបូជនីយកិច្ច និងសាលាសម្តេចឪ សម្តេចម៉ែជាដើម៕

រូបភាព ៖ ឯកឧត្តម សរ សុពុត្រា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា