អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

អ្នកបង្កើតរឿង Stranger Things គ្រោងទម្លាយជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦

ភាពយន្តភាគ Stranger Things បានបញ្ចប់ចក្រវាលរបស់ខ្លួនតាំងតែពីចុងឆ្នាំ ២០២៥ កន្លងទៅ ដោយបន្សល់ទុកនូវប្រស្នាអំពីជីវិតរបស់តួអង្គឯក Eleven ឱ្យទស្សនិកជននៅសង្ស័យនៅឡើយ។ ឆ្លើយតបនឹងចម្ងល់នេះ Matt Duffer និង Ross Duffer អ្នកបង្កើតរឿងនេះផ្ទាល់បាននិយាយថា ខ្លួននឹងទម្លាយពីជោគវាសនាពិតរបស់តួអង្គ Eleven ក្នុងឆ្នាំ ២០៤៦។

Advertisement

Stranger Things ដែលជាភាពយន្តដ៏ជោគជ័យរបស់ Netflix បានឈានដល់ទីបញ្ចប់យ៉ាងបរិបូរណ៍ ជាមួយនឹងការចាក់ផ្សាយរដូវកាលទី ៥ កាលពីបំណាច់ឆ្នាំ ២០២៥ ក្រោយកំដរទស្សនិកជនអស់ពេលជិត ១០ ឆ្នាំ។ បើទោះបីជាតួអង្គភាគច្រើនបានបញ្ចប់សាច់រឿងទៅដោយភាពរីករាយ ប៉ុន្តែអ្វីដែលជាមន្ទិលក្នុងចំណោមអ្នកគាំទ្រ គឺចំណុចបញ្ចប់របស់តួអង្គ Eleven ដែលជាក្មេងស្រីមានថាមពលពិសេស សម្ដែងដោយ Millie Bobby Brown។

នៅក្នុងភាគចុងក្រោយដែលមានរយៈពេល ២ ម៉ោង បានបិទបញ្ចប់ជោគវាសនារបស់ Eleven បែបបើកចំហឱ្យទស្សនិកជនគិតដោយខ្លួនឯងថា តើនាងនៅមានជីវិតតែរស់នៅក្នុងពិភពផ្សេង ឬក៏បានបាត់ខ្លួនទៅទន្ទឹមគ្នានឹងពិភព Upside Down ដើម្បីលះបង់ឱ្យអ្នកដទៃអាចបន្តជីវិតយ៉ាងមានសេចក្ដីសុខដូចដែលបានតាំងចិត្ត។

ស្របគ្នានឹងមន្ទិលនេះ បងប្អូនប្រុសត្រកូល Duffer ដែលជាអ្នកបង្កើតរឿង Stranger Things គឺ Matt និង Ross Duffer បានទម្លាយនៅក្នុងផតខាស Happy Sad Confused ថា ពួកគេនឹងទម្លាយពីការពិតរបស់ Eleven នៅពេលអនាគត តែមិនមែនឆាប់ៗនេះទេ។

ក្នុងផតខាសដែលចាក់ផ្សាយកាលពីថ្ងៃទី ១៨ ខែឧសភា Ross Duffer បាននិយាយថា៖ “ប្រសិនបើយើងនៅតែបានជជែកគ្នាអំពីរឿង Stranger Things នៅក្នុងផតខាសនេះនា ២០ ឆ្នាំខាងមុខ យើងក៏នឹងផ្តល់ចម្លើយនៅក្នុង ២០ ឆ្នាំខាងមុខដូចគ្នា”។

“ខ្ញុំនិយាយមែន។ ខ្ញុំសង្ឃឹមថាបើនៅតែមានអ្នកនិយាយពីវា វាប្រហែលជារឿងដែលអស្ចារ្យណាស់ ហើយខ្ញុំនឹងបកស្រាយចម្ងល់គ្រប់យ៉ាងនៅពេលនោះ” លោកបានបន្តបែបលេងសើចដូច្នេះ។

បងប្អូនប្រុសត្រកូល Duffer ក៏បានទម្លាយផងដែរថា អ្នកគាំទ្រមួយចំនួនបានយល់ថា សំឡេងនៅចុងបញ្ចប់នៃសាច់រឿងដែលស្តាប់ទៅស្រដៀងនឹងសំឡេង “បេះដូងលោត” គឺជាសញ្ញាដែលបញ្ជាក់ថា Eleven នៅមានជីវិតនៅឡើយ។ យ៉ាងណាមិញ បណ្ដាតួសម្ដែងនៅក្នុងរឿងនេះបែរជាយល់ឃើញថា Eleven ប្រហែលជាស្លាប់បាត់ទៅហើយ។

ឆ្លើយតបនឹងការយល់ឃើញទាំង ២ នេះ Matt Duffer និង Ross Duffer នៅតែមិនបញ្ជាក់ថា ការយល់ឃើញមួយណាត្រូវ ឬមួយណាខុស ដោយទុកឱ្យជោគវាសនាពិតរបស់ Eleven នៅតែជាប្រស្នាសម្រាប់សាធារណជនស្វែងរកដូចដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា