មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃ ៣០ ខែ​តុលា ដល់​ថ្ងៃ ២ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ដែល​ជា​ការ​បញ្ចប់​ទៅ​ជំនាន់​នេះ​បង្កប់​ខ្លឹមសារ​នាំឲ្យ​មាន​ការ​ស្វែងយល់​យ៉ាង​ស៊ី​ជម្រៅ​ពី​ប្រធាន​បទ «រឿង​រ៉ាវ​ក្នុង​ខ្លួន និង​ជុំវិញ​ខ្លួន»។

រៀបចំ​ឡើង​ដោយ «ក្រុម​ភាពយន្ត​ឈូករ័ត្ន» មហោស្រព​នេះ​បាន​អបអរ​សាទរ​ថាមពល​ការ​ផលិត​រឿង​ខ្លី ដោយ​ចាប់​យក​​អារម្មណ៍​សហគមន៍ និង​ស្នាដៃ​សិល្បៈ​ឆ្នៃ​ប្រតិដ្ឋ​ការ​ប្រាប់​រឿង​ដ៏​លេចធ្លោ។

គណៈកម្មការ​រៀបចំ​កម្មវិធី​បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សមិទ្ធិករ​ភាពយន្ត ទស្សនិកជន និង​ដៃគូ​ទាំងអស់​ដែល​បាន​ធ្វើឲ្យ​ឆ្នាំ​នេះ​ទទួល បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ជាពិសេស​ដល់​លោក ស្កុត នីសុន ស្ថាបនិក «អង្គការ​មូលនិធិ​កុមារ​កម្ពុជា» ដែល តែងតែ​ផ្ដល់​ការ​បរិច្ចាគ​ដល់​មហោស្រព ជាពិសេស​ដើម្បី​ប្រើ​ជា​ប្រាក់​រង្វាន់​ផ្ដល់​ជូន​ដល់​ជយលាភី​ក្នុងស្រុក នៅ​ឆ្នាំ​នេះ។
ស្នាដៃដែលបាន​ជាប់​​ជយលាភី​ប្រចាំ​ឆ្នាំ ២០២៦ មានទាំង​ពាន​រង្វាន់​ក្នុង​ស្រុក និងក្រៅស្រុក ក្នុងនោះមានដូចជា៖

១. «សំនៀង​ផ្កា​លើ​វាលខ្សាច់» ដោយ គឹម សោភា ជាប់​ជា​ភាពយន្ត​ខ្លី​កម្ពុជា ល្អ​បំផុត
២. «ឆ្មាំ​ខ្មោច» ដោយ JACK WACHTEL ជាប់​ជា​ភាពយន្ត​ខ្លី​កម្ពុជា ល្អ​បន្ទាប់
៣. «Incident in the Mountain» ដោយ សេង សាវុន្ថរ៉ា ជាប់​ចំណារ​មេ​ប្រយោគ​សម្រាប់​ភាពយន្ត​ខ្លី​កម្ពុជា
៤. «The Sream» ដោយ និត ពិសី ជាប់​ជា​ជម្រើស​ទស្សនិកជន​សម្រាប់ ភាពយន្ត​ខ្លី​កម្ពុជា
៥. «លិខិត​ពី​អតីតកាល» ដោយ សៀង វួចលីន និង ឃាង ធីណាសានីម ជាប់​ជា​ភាពយន្ត​ខ្លី​របស់​និស្សិត​កម្ពុជា​ល្អ​បំផុត
៦. «មេឃ​លា» ដោយ យូ សុវណ្ណារិទ្ធ ជាប់​ជា​ជម្រើស​ទស្សនិកជន​សម្រាប់​ភាព​យន្ត​ខ្លី​របស់​និស្សិត​កម្ពុជា

ក្រៅពី​ពាន​រង្វាន់​ក្នុង​ស្រុក នៅ​មាន​ពាន​រង្វាន់​ក្រៅ​ស្រុក​ជាច្រើន​ទៀត​ដែរ រឿង “AGAPITO” (ហ្វីលីពីន) ដោយ ARVIN BELARMINO & KYLA ROMEO ជាប់​ជា​ភាពយន្ត​ខ្លី​អន្តរជាតិ​ល្អ​បំផុត, «The Professional Parent» (រ៉ូម៉ានី និងស្លូវ៉ាគី) ដោយ ERIK JASAN ជាប់​ជា​ចំណារ​មេប្រយោគ សម្រាប់​ភាពយន្ត​អន្តរជាតិ​កម្ពុជា និង «Brain Space» (អង់គ្លេស) ដោយ LAURA TOFARIDES ជាប់​ជា​ជម្រើស​ទស្សនិកជន​សម្រាប់​ភាពយន្ត​ខ្លី​អន្តរជាតិ និង​រឿង «WASSUPKAYLEE» (បារាំង និង​អាមេរិក) ដោយ PEPI GINSBERG ជាប់​ជា​ទេពកោសល្យ​អន្តរជាតិ​ឆ្នើម។

ឯកឧត្ដម ហ៊ីម សុទិត្យា រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​បាន​និយាយ​ថា «ភាពយន្ត​គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ទៅ​កាន់​ប្រជាជន​ខ្លួន និង​ពិភពលោក។ វេទិកា​ដូចជា​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បង្កើត​ឱកាស​ដ៏​មាន​តម្លៃ សម្រាប់​សមិទ្ធិករ​វ័យក្មេង​របស់​ខ្មែរ ដើម្បីបញ្ចេញពន្លឺ និង​តំណាង​ឲ្យ​កម្ពុជា​ជា​លក្ខណៈ​អន្តរជាតិ។ យើង​គាំទ្រ យ៉ាង​ពេញ​ទំហឹង​ចំពោះ​បេសកកម្មនេះដើម្បីបន្តជំរុញភាពយន្តខ្មែរទៅមុខ»។

រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​រូប​នោះ បាន​បន្ថែម​ថា អ​វិសាលភាព​នៃ​ការ​ចូលរួម​របស់​សមិទ្ធិករ​បរទេស​ក្នុង​មហោស្រព​ខ្មែរ​ទៀត​ថា «មិនតែប៉ុណ្ណោះ ក៏ធ្លាប់មានសមិទ្ធិករភាពយន្តខ្លីពីបរទេស មក​ចូល​រួម​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​នេះ​ដោយ​ផ្ទាល់​ដែរ ហើយ ពួកគេ​ក៏​បាន​ស្វែង​យល់​បន្ថែម​ពី​ប្រទេស​យើង។ ថ្មីៗនេះ នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​គោលការណ៍ លើកលែង​ពន្ធ​ដល់​ការ​ចុះ​មក​ថត​នៅ​កម្ពុជា ដែល​ហៅ​ថា “ទេសចរណ៍​បែប​ភាពយន្ត” ដែរ»។

សមិទ្ធិករ​អង់គ្លេស​រឿង «Brain Space» គឺ​កញ្ញា Laura Tofarides បាន​ឲ្យ​ដឹង​ថា៖ «នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ និង​ដៃគូ​បាន​មក​លេង​កម្ពុជា និង​ចូលរួម​មហោស្រពភាពយន្តខ្លីចតុមុខ។ នាង​ខ្ញុំ​ពិតជា​រំភើប​ដែល​ត្រូវ​បាន​មហោស្រព​នេះ ជ្រើសរើសរឿងយើងខ្ញុំចាក់បង្ហាញ និង មាន​ការ​ទទួល​ស្គាល់​ពី​ទស្សនិកជន​ក្នុងស្រុក។ អ្វីដែលនាងខ្ញុំពេញចិត្តបំផុតនោះគឺ ការការពារគម្រោងភាពយន្តខ្លី (pitching event) «ការ៉េមួយ» ដែលជួយ​ឲ្យ​ខ្ញុំ​ស្វែងយល់​បន្ថែម​ពី​ទឹកចិត្ត និង​រឿងរ៉ាវ​ប្លែក​ៗ​របស់​សមិទ្ធិករ​កម្ពុជា និង​អាស៊ីអាគ្នេយ៍ផ្សេងទៀត»។

ចំណែក​លោក ស៊ុំ ស៊ីថែន ប្រធាន​មហោស្រព​ចតុមុខ ហៅ​កាត់ថា CSFF និង​ជា​ស្ថាបនិក «ក្រុម​ភាព​យន្ត​ឈូករ័ត្ន» បាន​ផ្ដល់​បទ​សម្ភាសន៍​ថា គុណភាព និង​បរិមាណ​រួម​នៃ​ស្នាដៃ​ដែល​បាន​ដាក់​បញ្ចូល​ក្នុង​មហោស្រព​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ពិសេស​ការ​បើក​ឲ្យ​និស្សិត​ប្រកួត​ស្នាដៃ​រវាង​គ្នា នាំ​មក​នូវ​កម្រិត​ត្រឹមត្រូវ និង​ទឹក​ចិត្ត​ពុះកញ្ជ្រោល​មួយ​ផ្នែកទៀត ស័ក្តិសម​នឹង​ឥទ្ធិពល​របស់​មហោស្រពនេះ ដែលជាវេទិកាដ៏សំខាន់សម្រាប់ដាក់បង្ហាញ ទេពកោសល្យថ្មីៗ។ លោក​បាន​បន្ថែមថា «ជំនាន់ទី១៥ បានបញ្ជាក់ពីភាពចាស់ទុំដ៏អស្ចារ្យរបស់សមិទ្ធិករក្នុងស្រុករបស់យើង ដែល​បាន​បើក​បង្ហាញ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​តួអង្គ ដែលមានភាពស៊ីជម្រៅជាមួយទស្សនិកជនរបស់យើង ហើយ​សឹង​តែ​កម្រ​លើក​យក​មក​ថត ជា​ភាពយន្ត​ខ្លី»៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា