អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​ ​កម្មវិធី​សិក្សា​ជំនាន់​ថ្មី​នោះ ទទួល​បាន​និទ្ទេស A ច្រើន។

ក្រោយ​ឃើញ​លទ្ធផល​សិស្ស​សាលា​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​មួយថ្នាក់ ៣៦ នាក់ ហើយ​ជាប់និទ្ទេស A រហូតទៅដល់ ៣២ នាក់ និង B មាន ៤ នាក់ ធ្វើឲ្យ​ឪពុក​ម្ដាយ​ដែល​កំពុង​មាន​កូន​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ឬ​ឈាន​ចូល​ថ្នាក់​វិទ្យាល័យ​ចាប់ផ្ដើម​បង្វែរ ចក្ខុវិស័យ ចង់​ឲ្យ​កូន​ប្រឡង​ ចូល​រៀន​នៅ​ថ្នាក់​មាន​កម្មវិធី​សិក្សា​ជំនាន់​ថ្មី​ទាំង​នោះ។

នៅ​ប្រទេស​កម្ពុជា មានកម្មវិធីសាលារៀនជំនាន់ថ្មី (New Generation School – NGS) ចំនួន ១៤ កន្លែង/សាលា ដែល​កំពុង​ដំណើរ​ការ ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្រសួងបាន​ដាក់​ចេញ​គោលដៅបញ្ចូលកម្មវិធីសិក្សា​សាលារៀនជំនាន់​ថ្មី​នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៅ​តាម​សាលា​គោល​ដៅ​មួយ​ចំនួន​​នៅ​ក្នុង​ឆ្នាំ​សិក្សា ២០២៦-២០២៧ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់ និង​ធ្វើ​ទំនើប​កម្ម​វិស័យ​អប់រំ ដើម្បី​បង្កើន​​ការ​រៀន​មុខវិជ្ជា​បច្ចេកវិទ្យា ​និង​វិទ្យាសាស្ត្រ​។

គម្រោង​នោះ​នឹង​ចាប់ផ្ដើម​ឆ្នាំ​សិក្សា ២០២៦-២០២៧ ជាមួយ​សាលា​ជំនាន់​ថ្មី ១៥ ដោយ​ពង្រឹង និង​ពង្រីក​បច្ចេកវិទ្យា និង​ទំនើបកម្ម​ថ្មី​ៗ​ដល់​សិស្សានុសិស្ស។ ការដាក់ចេញគន្លងអប់រំថ្មីសាលាជំនាន់ថ្មី គឺរៀបចំឡើងដើម្បីឆ្លើយតប ទីមួយទៅនឹងសមត្ថភាពប្អូនៗ ក៏ដូចជាទេពកោសល្យរបស់ប្អូនៗ ទី២ គឺដើម្បីឆ្លើយតបទៅនឹង​តម្រូវការទីផ្សារនៅក្នុងពេលបច្ចុប្បន្ន។

សម្រាប់​ឆ្នាំនេះ ចំនួនសិស្សដែលបានដាក់ពាក្យប្រឡង មកចូលរៀននៅសាលាជំនាន់ថ្មី ហៅកាត់ថា NGS មានកំណើនកាន់តែខ្លាំង គឺប្រមាណជិត ២ ០០០នាក់ ប៉ុន្តែក្រសួងអប់រំកំណត់យកតែជាង ៥០០ នាក់​ប៉ុណ្ណោះ ដោយ​សាលាសម្រេចចិត្ត​ក្នុងការសម្រិតសម្រាំងប្រឡង ៣ យកតែ ១។ នេះជាតួលេខ សម្រាប់ ៣ វិទ្យាល័យ គឺ​វិទ្យាល័យ​ព្រះ​យុគន្ធ, វិទ្យាល័យ​ស៊ីសុវត្ថិ និង​បឹង​ត្របែក៕

រូបភាព៖ អ៊ីនធឺណេត

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា